ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានចាត់តាំងមេធាវី ការពារក្តីដល់ពលរដ្ឋខ្មែរបីនាក់ ដែលម្នាក់ត្រូវទាហានថៃបាញ់របួសជើង និងពីរនាក់ទៀតកំពុងជាប់ឃុំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនទៅថៃ កាលពីសប្តាហ៍មុន។
កាលពីថ្ងៃ ទី២៥ ខែកុម្ភៈ នៅម៉ោងជាង ៥ល្ងាច ត្រង់ចំណុច ភូមិគោកធ្យូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹង ភូមិព្រែកចន្ទន៍ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពលរដ្ឋខ្មែរទាំងបីនាក់បានឆ្លងដែនទៅជួញគ្រឿងញៀន ចំនួន ២០០ គ្រាប់នៅប្រទេសថៃ ក្រោយមក ទាហានថៃបានប្រទះឃើញ ក៏បានដេញចាប់និងបានបាញ់ត្រូវម្នាក់បណ្តាលឲ្យរបួសជើង និងចាប់ខ្លួនបានពីរនាក់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ករណីនេះមន្ត្រីទូតកម្ពុជា នឹងចាត់តាំងមេធាវី ដើម្បីជួយការពារក្តីឲ្យពលរដ្ឋទាំងនោះ។
លោក កុយ គួង ថ្លែងថា៖ «ខ្ញុំបានទាក់ទងទៅកុងស៊ុលយើងហើយ ហើយយើងក៏បានចាត់តាំងមេធាវីការពារឲ្យពួកគាត់ដែរ។ ការផ្តល់សេវាផ្លូវច្បាប់នេះឲ្យតែមានករណីឡើងដល់តុលាការ គឺយើងតែងរកមេធាវីឲ្យពួកគាត់ជានិច្ច សំខាន់ដើម្បីឲ្យពួកគាត់ទទួលបានយុត្តិធម៌ ប៉ុន្តែ ឥឡូវខាងសមត្ថកិច្ចថៃ គេនៅបន្តសាកសួរនៅឡើយ តែយើងត្រៀមមេធាវីរួចហើយ»។
លោកបន្តឲ្យដឹងថា បច្ចុប្បន្នពលរដ្ឋរងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្រះកែវ ចំណែកពលរដ្ឋពីរនាក់ទៀតត្រូវបានបញ្ជូនទៅឃុំនៅខេត្តស្រះកែវ ប្រទេសថៃ ជាធម្មតា បទល្មើសកើតលើទឹកដីគេ គឺជាដែនសមត្ថកិច្ចរបស់គេហើយ។
នាយកអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ បានសម្តែងការបារម្ភចំពោះការកើតមានការបាញ់ប្រហារពីទាហានថៃ មកលើពលរដ្ឋកម្ពុជា ដែលបន្លាស់ទីខុសច្បាប់នេះ។
លោកយល់ថា ក្រៅពីវិធានការកំណត់ទូត រដ្ឋាភិបាលកម្ពុជាគប្បីចាត់វិធានការផ្លូវច្បាប់ដើម្បីប្រឆាំងអំពើអមនុស្សធម៌ទាំងនេះ៖ «យើងមានអនុស្សរណៈយោគយល់តាំងពី ឆ្នាំ២០០៣ មក តែមិនត្រូវបានអនុវត្តម៉ឺងម៉ាត់ទេ រដ្ឋាភិបាលគប្បីចាត់វិធានការជាសកម្មភាពឲ្យមានលទ្ធផលជាក់លាក់ និងបង្ហាញពីការឆ្លើយតបរបស់ខ្លួន ក្នុងនាមរដ្ឋការពារប្រជាជន»។
គិតត្រឹម ខែកុម្ភៈ ដើមឆ្នាំនេះ អគ្គស្នងការនគរបាលជាតិ បានរាយការណ៍ ការបាញ់ប្រហារពីទាហានថៃលើពលរដ្ឋកម្ពុជា ឆ្លងដែនខុសច្បាប់ មាន ៣ករណី ក្នុងនោះ ៣ នាក់ត្រូវបាញ់ស្លាប់ ២ នាក់ត្រូវដុតស្លាប់ ខណៈភាគីប្រទេសទាំងពីរ មិនទាន់អាចកំណត់ថា ជាពលរដ្ឋរបស់ភាគីណានៅឡើយ និងមួយចំនួនទៀតរងរបួស៕