ភ្នំពេញៈ កម្ពុជា​រីករាយ និង​ស្វាគមន៍​ក្នុង​ការទទួល​យក​សត្វ​ដំរី​ឈ្មោល​ ១ ​ក្បាល​ ឈ្មោះ​ កាវ៉ាន់ (Kaavan) ពី​ឧទ្យាន​សួនសត្វ Marghazar ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ នៃ​ប្រទេស​ប៉ាគីស្ថាន ដើម្បី​ធ្វើការ​អភិរក្ស​បន្ត​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ FOUR PAWS International ចុះ​ថ្ងៃទី​ ៥ ​ខែ ​កញ្ញា​ ឆ្នាំ​ ២០២០​ដំរី​ឈ្មោល​ឈ្មោះ​ កាវ៉ាន់ ដែល​ត្រូវបាន​រក្សា​ទុក នៅក្នុង​សួនសត្វ Marg-hazar ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ អស់​រយៈពេល​ ៣៥ ​ឆ្នាំ​មក​ហើយ ​ត្រូវបាន​គេ​ប្រសិទ្ធនាម​ថា​ជា​ «​ដំរី​ដែល​ឯកោ​បំផុត​នៅលើ​ពិភពលោក​» វា​ត្រូវបាន​គេ​គ្រោង​ធ្វើការ​ផ្លាស់​លំនៅ​ថ្មី​មក​កាន់​តំបន់​ដែនជម្រក​សត្វព្រៃ ដែល​មាន​សក្តានុពល​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់​វា​បាន​បង្ហាញ​ថា វា​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​បំផ្លាស់ទី​។

បើទោះ​ជា​នៅ​មិនទាន់​បានដឹង​ច្បាស់​អំពី​កាលបរិច្ឆេទ​នៃ​គម្រោង ដឹកជញ្ជូន​ កាវ៉ាន់ ​មក​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ដំណឹង​នៃ​ការផ្លាស់​ទី​មក​កម្ពុជា​របស់​សត្វ​ដំរី​ឈ្មោល​មួយ​នេះ​បាន​ធ្វើឲ្យ​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា​មាន​ក្ដីរំភើប​រីករាយ​។

កាលពី​ថ្ងៃ​ចន្ទ លោក ញឹក រតនៈពេជ្រ ប្រធាន​មជ្ឈមណ្ឌល សួនសត្វ​ភ្នំ​តាម៉ៅ បាន​ថ្លែង​ថា នេះ​ជា​សញ្ញា​ដ៏វិជ្ជមាន​មួយ​ដែល​បង្ហាញថា​កម្ពុជា​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​កិច្ចគាំពារ និង​អភិរក្ស​សត្វ និង​បរិស្ថាន​បានល្អ​ប្រសើរ​ និង​គួរ​ជាទី​ទុកចិត្ត​។

លោក​បញ្ជាក់ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ក្រុម​អ្នក​អភិរក្ស​សត្វ​ពិភពលោក​បាន​ផ្ដល់​ការទុកចិត្ត​មក​លើ​កម្ពុជា ចំពោះ​ការទទួល​ខុសត្រូវ​ក្នុង​កិច្ចគាំពារ និង​អភិរក្ស​សត្វ​។ ព្រោះ​តែមាន​ជំនឿ​ទុកចិត្ត​លើ​កម្ពុជា ទើប​គេ​សម្រេច​ផ្លាស់​លំនៅ​ថ្មី​របស់​សត្វ​ដំរី​នោះមក​កាន់​ដែន​ជម្រក​សត្វ​នៅ​កម្ពុជា​»​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ អភិរក្ស​ និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា (WWF-Cambodia) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​ពិតជា​រីករាយ និង​សាទរ​ក្នុង​ការទទួល​យក​ដំរី​ពី​ប្រទេស​ប៉ាគីស្ថាន​ព្រោះ​វ័យ​របស់​វា​នៅ​អាច​បន្ត​ពូជ​បាន​។

លោក​ថ្លែងថា​៖ «​ការទទួល​យក​សត្វ​ដំរី​ពី​ប្រទេស​ប៉ាគីស្ថាន​វា​មិន​ត្រឹម​បង្ហាញ​ពី​កាយវិការ​សប្បុរសធម៌​ និង​ការស្រឡាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បញ្ជាក់​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ការអភិរក្ស​ និង​ការពារ​សត្វព្រៃ​នៅ​កម្ពុជា​ផងដែរ ទោះ​បើជា​សត្វ​ដំរី​នោះ​ចេញ​មកពី​សួនសត្វ​ក៏ដោយ​»​។ បើតាម​លោក​ សេង ទៀក សត្វ​ដំរី​ជា​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុត​ពូជ​។ នៅ​កម្ពុជា ដំរី​គឺជា​សត្វ​បេតិកភណ្ឌ​មាន​ជីវិត​របស់​ជាតិ​។

បើ​តាម​អង្គការ FOUR PAWS International សត្វ​ដំរី​ឈ្មោល​ កាវ៉ាន់ ​បាន​មក​ដល់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ឆ្នាំ​ ១៩៨៥ ជា​អំណោយ​ពី​ប្រទេស​ស្រីលង្កា​។ នៅ​ឆ្នាំ ១៩៩០ វា​បាន​ចែករំលែក​ភាពឯកោ​របស់​វា​នៅក្នុង​សួនសត្វ Marghazar ជាមួយ​ដៃគូ​របស់​វា​ឈ្មោះ Saheli ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១២ ​ចាប់​តាំងពី​ដៃគូ​របស់​វា​បាន​ងាប់​ទៅ កាវ៉ាន់ បាន​រស់នៅ​ដោយ​ភាពឯកោ​ម្នាក់ឯង​។

ក្រោម​ការយកចិត្ត​ទុកដាក់​បំផុត​របស់​ក្រុម​ជំនាញ​អង្គការ FOUR PAWS ដែល​រួម​មាន​ពេទ្យសត្វ និង​អ្នកជំនាញ​ខាង​សត្វព្រៃ កាវ៉ាន់ ​បាន​ទទួល​ការពិនិត្យ​សុខភាព​ប្រកប​ដោយ​សុវត្ថិភាព​។ បន្ទាប់ពី​ដំរី​ឈ្មោល​លើស​ទម្ងន់​ត្រូវបាន​ចាក់​ថ្នាំ​បំបាត់​ការឈឺចាប់​រួច ក្រុម​ពេទ្យសត្វ​បាន​យក​សំណាក​ឈាម​របស់​វា និង​ធ្វើការ​វាស់​ទំហំ​រួច​ដាក់បញ្ចូល​បន្ទះ​មីក្រូឈីប​នៅលើ​ស្មា​ខាងឆ្វេង​របស់​វា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ក៏​បាន​ដកស្រង់​សម្ដី​របស់​លោក វេជ្ជបណ្ឌិត Amir Khalil អ្នកជំនាញ​ពេទ្យសត្វ​ និង​ជា​មេដឹកនាំ​បេសកកម្ម​របស់​អង្គការ FOUR PAWS ផងដែរ​ថា​៖ «​ដោយសារ​តែ​កង្វះ​អាហារូបត្ថម្ភ និង​កង្វះ​ការធ្វើ​លំហាត់ប្រាណ រាងកាយ​របស់ កាវ៉ាន់ បាន​​បង្ហាញ​សញ្ញា​ដែល​មើល​ទៅ​ឃើញ​ធាត់​។ ក្រចកជើង​របស់​វា​បាន​ប្រេះ និង​មាន​រូបរាង​មិន​សមសួន​ដែល​អាច​សន្មត​បាន​ថា សំណុំ​រាងកាយ​របស់​វា​មាន​លក្ខណៈ​មិន​សមរម្យ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​វា​ចាំបាច់​ត្រូវ​ឆ្លងកាត់​កម្មវិធី​ថែទាំ​សុខភាព​ជើង​របស់​វា​ក្នុង​រយៈពេល​វែង ដែល​កម្មវិធី​នេះ​មិន​អាច​ធ្វើបាន​នៅក្នុង​សួនសត្វ Marghazar នោះ​ទេ​»៕