ភ្នំពេញៈ ​កម្ពុជា​រឹតបន្តឹង​ការនាំចូល​សត្វ​បក្សី និង​ផលិតផល​ពី​បក្សី​ពី​ប្រទេស​វៀតណាម បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ការផ្ទុះ​ជំងឺផ្ដាសាយបក្សី​ក្នុង​​ខេត្ត​ត្រា​វិញ​ ភាគខាងត្បូង​វៀតណាម និង​មាន​សត្វ​មាន់​ជាង​ ៥ ​ម៉ឺន​ក្បាល ត្រូវ​បាន​សម្លាប់ចោល​។ នេះ​បើតាម​សារាចរ​ណែនាំ​ចេញ​ដោយ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃទី​ ១៨ ខែ​កុម្ភៈ​។

នៅក្នុង​សារាចរ​ណែនាំ​ស្តីពី​ «​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​​បក្សី​» ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ថា បើទោះ​ជា​បច្ចុប្បន្ន​កម្ពុជា​ពុំទាន់​មាន​ជំងឺ​ផ្ដាសាយ​បក្សី​ក្ដី ប៉ុន្តែ​តាមរយៈ​ផ្ទុះឡើង​​នូវ​ជំងឺ​ផ្ដាសាយបក្សី​ក្នុង​ខេត្ត​ត្រា​វិញ​ប្រទេស​វៀតណាម ដែល​​ឈាន​ដល់​ការសម្លាប់​សត្វ​មាន់​ជាង ៥៥ ០០០ ​ក្បាល​ កាលពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ​ គឺ​កម្ពុជា​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន ដោយ​រឹតបន្តឹង​ការធ្វើ​ចរាចរណ៍​បក្សី និង​ផលិតផល​ពី​បក្សី​នាំចូល​ពី​វៀតណាម និង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ក្នុង​ផ្ទៃ​ប្រទេស​។

ជាមួយ​គ្នា​នេះ​លោក សាខុន បានចេញ​វិធានការ​ ៩ ​ចំណុច​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​យក​ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

ក្នុង​នោះបាន​ផ្ដោត​សំខាន់​លើ​​កិច្ចសហការ​រួមគ្នា​រវាង​ស្ថាប័ន​ជំនាញ​ជាតិ និង​អន្តរជាតិ ពិសេស​ភាគី​ប្រទេស​ ​វៀតណាម ​​ក្នុង​ការផ្លាស់ប្ដូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយបក្សី ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី​។ ​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​ឲ្យ​បាន​ហ្មត់ចត់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​បក្សី កន្លែង​ប្រមូលផ្តុំ អាជីវកម្ម និង​សត្តឃាតដ្ឋាន​បក្សី ព្រមទាំង​បង្កើន​ការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យ​សុខភាព​បក្សី​នៅ​ទូទាំង​ប្រទេស និង​ចាត់​វិធានការ​ឲ្យ​បាន​ទាន់ពេល​ក្នុង​ករណី​​មាន​ការសង្ស័យ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​។

លោក សាខុន ក៏បាន​ជំរុញ​ឲ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការនាំ​ចូល​បក្សី​ និង​ផលិតផល​ពី​បក្សី​ខុសច្បាប់ ដែល​ឆ្លងកាត់​ព្រំដែន ពិសេស​ច្រកចេញ-ចូល​កម្ពុជា-វៀតណាម​ តាម​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ព្រមទាំង​ឲ្យ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ​ដល់​អ្នកធ្វើ​អាជីវកម្ម​សត្វ​បក្សី ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្តាសាយបក្សី​។

ទន្ទឹម​នឹង​នេះ​លោក សាខុន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ផងដែរ ចំពោះ​មន្ទីរ​កសិកម្ម​​ណា​ដែល​មិន​អនុវត្ត​តាម​សារាចរ​ណែនាំ​នេះ​ ឬ​ធ្វើឲ្យ​មាន​ការថ្លោះធ្លោយ​នាំឲ្យ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា​។

ជុំវិញ​ករណី​នេះ​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​ទទួល​បាន​សារាចរ​ណែនាំ​​នេះ លោក​បាន​កោះប្រជុំ​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ផ្សព្វផ្សាយ​ដល់​​ថ្នាក់មូលដ្ឋាន​ដោយបាន​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត ចុះ​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន និង​តាម​កំណាត់​ផ្លូវ​ច្រករបៀង​មួយ​ចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​ផង​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​​ទប់ស្កាត់​ការរីករាលដាល​នៃ​​ជំងឺ​ផ្ដាសាយ​បក្សី​ពី​ប្រទេស​ វៀតណាម​ ចូល​មក​ក្នុង​ប្រទេស​ កម្ពុជា ក្រុម​ការងារ​យើង​បាន​​សម្រេច​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការអនុញ្ញាត​ការនាំ​ចូល​សត្វ​បក្សី និង​ផលិតផល​ពី​បក្សី​ពី​ប្រទេស​វៀតណាម​»​។

ចំណែក​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​មណ្ឌលគិរី​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា តាំងពី​មុន​រហូត​មក​ទល់​បច្ចុប្បន្ននេះ​ខេត្ត​របស់​លោក​ពុំមាន​ការនាំចូល​សត្វ​បក្សី ឬ​ផលិតផល​ពី​បក្សី​ពី​ប្រទេស​វៀតណាម​ទេ ហើយ​ក៏​គ្មាន​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​កើតមាន​នោះដែរ​។

ចំណែក​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​តាកែវ​បាន​ថ្លែងថា នៅពេល​នេះ​ក្រុម​ការងារ​របស់​លោក​កំពុង​ចុះ​ពិនិត្យ​តាម​កសិដ្ឋាន​ចិញ្ចឹម មាន់ ទា ដោយ​បាន​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន ក៏​ដូច​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ចិញ្ចឹម​មាន់ ទា ឲ្យ​អនុវត្ត​វិធាន​ជីវសុវត្ថិភាព​ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​លាង​សម្អាត​ទ្រុង​​មាន់​ទា​ឲ្យ​បាន​ស្អាត និង​ត្រូវ​ផ្ដល់​ចំណីអាហារ​ទឹក​ឲ្យ​បាន​​គ្រប់គ្រាន់​ និង​ប្រកប​ដោយ​ជីវជាតិ និង​អនាម័យ​៕

វីដេអូ៖