បន្ទាយមានជ័យៈ ស្លាក​សញ្ញា មីន និង​ខ្សែ​ក្រហម​ព័ទ្ធ​ទីតាំង​មាន​មីន​ប្រមាណ​ជិត​ ១០០ ​ស្លាក​ ដែល​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ថៃ​ (TMAC) ​ដាក់ពង្រាយ ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ៣២-៣៣ ​នៅ​ភូមិ​សាមគ្គី ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​យោធា​កម្ពុជា​ចុះទៅ​រុះរើ​នា​ថ្ងៃទី​ ១២ ធ្នូ ដោយ​អះអាង​ថា ទីតាំង​នោះ​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​។

លោក​ សេង ធារិន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​ ៥ ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា មន្ត្រី​យោធា​កម្ពុជា​បាន​ចុះទៅ​រុះរើ​ស្លាក​សញ្ញា​មីន និង​ខ្សែ​ក្រហម​ព័ទ្ធ​ទីតាំង​មាន​មីន​ប្រមាណ​ជិត​ ១០០ ​ស្លាក​ដែល TMAC បាន​ដាក់​ពង្រាយ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ៣២-៣៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​ក្នុង​អំឡុង​ខែធ្នូ ខណៈ​តំបន់​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​គណៈកម្មការ​បច្ចេកទេស​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ឯកភាព​គ្នា​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​គាត់​តែងតែ​មាន​គំនិត​ចង់​ដោះមីន​តាម​បណ្ដោយ​ព្រំដែន​ហ្នឹង ក្រោម​ហេតុផល​ថា គាត់​មិន​ចង់ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ ប៉ុន្ដែ​រាល់​សំណើ​របស់​ភាគី​ថៃ គឺ​យើង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ឱ្យ​ផ្អាក​សិន​ ដើម្បី​ពិនិត្យ ថា តើ​ទីតាំង​ដែល​គាត់​ស្នើ​មក​ហ្នឹង​ត្រូវបាន​ឯកភាព​គ្នា​ហើយ​ឬ​នៅ​? ជាក់ស្ដែង​ទីតាំង​ហ្នឹង​មិនទាន់​ឯកភាព​គ្នា​ទេ គឺ​យើង​សុំឱ្យ​រក្សា​ភាព​ដើម​សិន​»​។

លោក​ថា បើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ភាគី​ថៃ​បោះ​ស្លាក​សញ្ញា​មីន​ ឬ​ធ្វើ​សកម្មភាព​អ្វី​នៅលើ​តំបន់​មិនទាន់​ឯកភាព​គ្នា​នេះ គឺ​វា​ស្មើ​នឹង​កម្ពុជា​ទទួលស្គាល់​ដី​តំបន់​នោះ​ជា​របស់​ប្រទេស​ថៃ​។ ដូច្នេះ​កម្ពុជា​ក៏​ស្នើ​ទៅវិញ​ដើម្បី​ឱ្យ​រក្សា​ទីតាំង​នោះ​ឱ្យនៅ​ដដែល ដោយ​យោង​ទៅ​តាម​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ឆ្នាំ​ ២០០០ ហើយ​រង់ចាំ​គណៈកម្មការ​បច្ចេកទេស​កិច្ចការ​ព្រំដែន​ប្រទេស​ទាំង​ ២ ​ឯកភាព​គ្នា​។

ទោះជា​យ៉ាងណា​លោក​ សេង ធារិន ប្រាប់ថា​ក្នុង​អំឡុង​ពេល​ចុះទៅ​រុះរើ​ស្លាក​សញ្ញា​មីន​នេះ​មិនមាន​ភាពតានតឹង ឬ​បង្កទំនាស់​ជាមួយ​ភាគី​ថៃ​ទេ​។ បន្ទាប់ពី​ដោះ​រួចរាល់ មន្ត្រី​យោធា​កម្ពុជា​នៅតែ​បន្ត​ឃ្លាំមើល​គ្រប់​ពេលវេលា ដើម្បី​កុំឱ្យ​ភាគី​ថៃ​ឆ្លៀត​ឱកាស​ដើរ​បោះ​ស្លាក​សញ្ញា​ទាំងនេះ​ម្ដងទៀត​។

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​ប្រជុំ​មិនអាច​និយាយ​ទូរស័ព្ទ​បានទេ​។

តំណាង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ថៃ TMAC ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង សុំ​ការបញ្ជាក់​ករណីនេះ​បានទេ​។

រីឯ​តំណាង​ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ថៃ​កំពុង​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ឱ្យ​បាន​ដឹង​ការពិត​សិន ដើម្បី​ចៀសវាង​ការយល់ច្រឡំ​ទៅលើ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២​។

តំណាង​ស្ថានទូត​ថៃ​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា​យើង​គួរតែ​រង់ចាំ​ការស្រាវជ្រាវ​រក​ព័ត៌មាន​ច្បាស់ការ​សិន​ទៅ ហើយ​កុំ​ទាន់​តក់ក្រហល់​បូកសរុប ព័ត៌មាន​ផ្ដេសផ្ដាស ឬ​ធ្វើការ​សន្និដ្ឋាន​ណាមួយ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការយល់ច្រឡំ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ​»​។

បើតាម​លោក​ សេង ធារិន លោក និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ថៃ​ប្រញាប់​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ឱ្យអស់​ត្រឹម​ថ្ងៃទី​ ៩ ខែធ្នូ​។ ប៉ុន្ដែ​មិនទាន់មាន​ការឆ្លើយតប ឬ​ជូនដំណឹង​អ្វី​មក​ភាគី​កម្ពុជា​វិញ​ទេ ទើប​នៅ​ល្ងាច​ថ្ងៃទី​ ១២ ខែធ្នូ កម្ពុជា​បាន​សម្រេច​ចុះទៅ​រុះរើ​ចេញ​ដោយផ្ទាល់​។

លោក​ វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួល​ដំណឹង​នេះ​នៅឡើយ ដោយ​លោក​អះអាងថា លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​គឺ​រង់ចាំ​មើល​ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋាន​សិន​។ ក្រោយមកទៀត​ទើប​យើង​ចាត់​មន្ត្រី​ជំនាញ​យើង​ចុះទៅ​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ ព្រោះ​ខ្ញុំ​ចាំ​មិន​ច្បាស់​ថា នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ៣២-៣៣ ហ្នឹង យើង​បាន​ឯកភាព​គ្នា ឬ​នៅទេ គឺ​យើង​នឹង​ស្រាវជ្រាវ​សិន​»៕