ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ងី ច័ន្ទ្រផល បានថ្លែងថា ការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោក (អាវុធមហាប្រល័យ) ដើម្បីអនុវត្តតាមសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានក្រុមការងារពិភាក្សា និងពិនិត្យលើខ្លឹមសាររួចហើយ។
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៥ មករា ថា កិច្ចប្រជុំកាលពីថ្ងៃ ទី ១៤ ខែមករា ក្រុមការងារបានពិភាក្សា និងពិនិត្យទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោករួចរាល់ហើយ។ ការពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួង ស្ថាប័ននានា អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយកនៃអគ្គនាយកដ្ឋាននានា ប្រធានអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធផ្សេងទៀតជាច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «កិច្ចប្រជុំនារសៀលនេះគឺដើម្បីពិនិត្យ កែសម្រួល និងស្រង់មតិយោបល់ពាក់ព័ន្ធនានាពីបណ្តាក្រុមការងារ និងអង្គប្រជុំទាំងមូលសម្រាប់ជាធាតុចូលក្នុងការរៀបចំ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោកនេះ ហើយក៏នឹងរៀបចំការងារមួយចំនួនដើម្បីដាក់ជូនក្រុមការងារធ្វើការសិក្សារៀបចំធ្វើយ៉ាងណាឲ្យច្បាប់មួយនេះសមស្របលើការអនុវត្ត»។
លោកបន្តថា៖ «កិច្ចការងារនេះ គឺដោយសារតែប្រទេសយើងជាសមាជិកអង្គការសហប្រជាជាតិ។ ទី ២ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចផ្សេងៗពាក់ព័ន្ធនឹងប្រទេសមួយចំនួនដែលត្រូវបានដាក់ទណ្ឌកម្ម។ ដូច្នេះជាគោលការណ៍ច្បាប់ ប្រទេសណាដែលជាសមាជិក ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ដើម្បីអនុវត្តសេចក្តីសម្រេចនេះ យើងត្រូវតែធ្វើច្បាប់»។
លោកបានបន្ថែមថា ក្រុមការងារនឹងធ្វើយ៉ាងណាជំរុញហើយ ខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យបានចប់យ៉ាងឆាប់បំផុតនាពេលខាងមុខដើម្បីដាក់ជូនរាជរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីសភាអនុម័ត។
លោកបានបញ្ជាក់ទៀតថា៖ «យើងបានធ្វើច្រើនដោយបានធ្វើសេចក្តីព្រាងហើយ និងបានពិនិត្យក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ។ យើងនឹងជំរុញធ្វើឲ្យបានលឿន»។
ថ្មីៗនេះរដ្ឋសភាបានអនុម័តអនុសញ្ញាស្ដីពីច្បាប់សមុទ្រដែលយល់ព្រមឱ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងឆ្ងាយផងដែរ។
អនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រនេះមាន ១៣ ផ្នែក និង ៥០ មាត្រាមានគោលបំណងធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាពដោយផ្អែកលើអភិក្រមប្រុងប្រយ័ត្នជាមុន និងភ័ស្តុតាងវិទ្យាសាស្ត្រល្អបំផុតដែលអាចរកបាន៕