ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក​ កើត រិទ្ធ កាលពី​ថ្ងៃទី​ ២១ ខែ​មករា បានចេញ​សេចក្ដី​សម្រេច​ចំនួន​ ២ ​ដាច់​ដោយឡែក​ពីគ្នា​ស្ដីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ដើម្បី​ដោះស្រាយ​ភាពចាំបាច់​នៃ​សំណុំរឿង​ដែល​​រំពឹងថា នឹង​ដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​នេះ​ជា​អ្វី​ដែល​សង្គម​ស៊ីវិល​ថា ជាការ​ល្អ ប៉ុន្តែ​គួរធ្វើឱ្យ​មាន​ភាពប្រសើរ​ក្នុង​ការជ្រើសរើស​ចៅក្រម​។

សមាជិក​គណៈកម្មការ​ទាំង​ ២ មាន​សមាសភាព​ចំនួន​ ២០ ​រូប ​មកពី​ក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ប្រតិភូ​រាជរដ្ឋាភិបាល ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រធាន​សាលាឧទ្ធរណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។ បើ​តាម​លិខិត​របស់​លោក កើត រិទ្ធ ការរៀបចំ​ដំណើរការ​តុលាការ​ទាំង​ ២ ​នេះ​ធ្វើ​ឡើង​ដោយយោង​លើ​ភាពចាំបាច់​។

សម្រាប់​ការរៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម សមាជិក​ទាំង​ ២០ ​រូប​ មាន​ភារកិច្ច​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការដាក់​ដំណើរការ​តុលាការ​នេះ​នៅ​តាម​សាលាជំនុំ​ជម្រះក្ដី​ជាន់​ទាប និង​នៅ​សភា​ពាណិជ្ជកម្ម​របស់​សាលាជម្រះក្ដី​ជាន់ខ្ពស់​។ គណៈកម្មការ​នេះ​ក៏ត្រូវ​សិក្សា និង​រៀបចំ​ទីតាំង​សម្រាប់​តុលាការ បទប្បញ្ញត្តិ​នីតិវិធី​ពាណិជ្ជកម្ម កំណត់​ប្រភេទ​វិវាទ​ពាណិជ្ជកម្ម ធនធាន​មនុស្ស រៀបចំ​ថវិកា​សម្រាប់​ដំណើរការ​តុលាការ និង​ភារកិច្ច​ដែល​រដ្ឋមន្ត្រី​ណែនាំ​។

សម្រាប់​ការរៀបចំ​ដំណើរការ​តុលាការ​ការងារ សមាសភាព​ទាំង​ ២០ ​រូប​ដដែល​​នេះ ​ក៏​ត្រូវ​បំពេញការងារ​ដូចគ្នា​ដែរ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។ ​សេចក្ដី​សម្រេច​នេះ​អនុញ្ញាត​ឱ្យ​គណៈកម្មការ​នេះ​អញ្ជើញ​មន្ត្រី​ជំនាញ​ពី​បណ្ដា​ក្រសួង ស្ថាប័ន​ជាតិ ស្ថាប័ន​អន្តរជាតិ និង​វិស័យ​ឯកជន​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​តាម​ការចាំបាច់​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បើតាម​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ​កម្ពុជា​ឆ្នាំ​ ២០១៤ ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវបាន​បង្កើតឡើង​ហើយ​រួម​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី​។ ប៉ុន្តែ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ មិនទាន់​អាចដាក់​ដំណើរការបាន​ដោយសារ​ខ្វះខាត​ធនធាន​មួយចំនួន ខណៈ​ក្រសួង​ជាប់​ធ្វើ​ការងារ​អាទិភាព​មួយចំនួន​។

លោក​បាន​ថ្លែងថា​៖ «​ទើបតែ​មក​ដល់​ពេល​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តមរដ្ឋមន្ត្រី​ថ្មី​គាត់​យកចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​ម៉េច​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​តុលាការ​ទាំង​ ២ ​នេះ​តាមច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​ចាត់តាំង​តុលាការ​របស់​យើង​​ឱ្យបាន​ក្នុង​ដំណាច់ឆ្នាំ​ ២០២១ ​នេះ​»​។

លោក​បន្តថា តុលាការ​ទាំង​ ២ ​នេះ​មិន​ស្ថិតនៅ​ដាច់ដោយឡែក​ពី​តុលាការ​ធម្មតា​ដែល​មាន​ស្រាប់​នោះទេ គ្រាន់តែ​ចែកជា​ជំនាញ ដោយ​មាន​ការបែងចែក​ចៅក្រម​ជំនាញ​ទៅ​តាម​ជំនាញ ហើយ​បែងចែក​សំណុំរឿង​ទៅតាម​ប្រភេទ​សំណុំ​រឿង​។ កាលពី​កន្លងទៅ​សំណុំរឿង​វិវាទ​ពាណិជ្ជកម្ម និង​សំណុំ​វិវាទ​ការងារ​ត្រូវបាន​ដោះស្រាយ​ដោយ​តុលាការ​រដ្ឋប្បវេណី​។ ក្រោយពេល​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវ​បាន​ដាក់​ដំណើរការ សំណុំរឿង​បែបនេះ​លែង​ចូលទៅ​តុលាការ​រដ្ឋប្បវេណី​ទៀតហើយ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​តុលាការ​ការងារ​នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​សំណុំរឿង​។ អ្នក​ដែល​ត្រូវ​ដោះស្រាយ​គាត់​មាន​ជំនាញ​ច្បាស់លាស់ ហើយ​គាត់​ទទួលបន្ទុក​តែ​សំណុំរឿង​នោះទេ មិនចាំបាច់​ទទួលបន្ទុក​សំណុំរឿង​ជាច្រើន​ដែល​ធ្វើឱ្យ​គាត់​មាន​ការលំបាក និង​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការស្រាវជ្រាវ​។ វា​ក៏​ចូលរួម​ក្នុងការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ផងដែរ​»​។

លោក សុក សំអឿន អ្នកជំនាញ​ផ្នែក​ច្បាប់​ម្នាក់​បាន​ថ្លែងថា ការបង្កើត​នូវ​តុលាការ​ជំនាញ​បែបនេះ​នឹង​ជួយ​ចៅក្រម​កុំ​ឱ្យមាន​ភាពច្របូកច្របល់​ដោយសារ​តែ​ការកាន់​សំណុំរឿង​ច្រើន​ប្រភេទ ដែល​ធ្វើឱ្យ​ការ​កាត់សេចក្ដី​អាច​មិន​យុត្តិធម៌​។

ប្រសិនបើ​តុលាការ​មិនសូវ​ល្អ អ្នក​វិនិយោគទុន​ល្អ គេ​មិនសូវ​មក​ទេ ដោយសារ​ពួកគេ​មានការ​ភ័យខ្លាច​។

លោក​ថ្លែងថា​៖ «​ដូច្នេះហើយ ប្រសិន​បើ​យើង​ធ្វើឱ្យ​តុលាការ​ពាណិជ្ជកម្ម​វា​ល្អ វា​អព្យាក្រឹត ឯករាជ្យ កាត់ក្ដី​ដោយ​អត់​លម្អៀង អាច​នឹង​ធ្វើឱ្យ​អ្នកវិនិយោគ​មានការ​ទុកចិត្ត​ដែរ​»​។

ស្រដៀង​គ្នា​នេះ លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ (​សង់ត្រាល់​) បាន​ថ្លែងថា ការបង្កើត​តុលាការ​វិស័យ​ទាំង​ ២ ​នេះ​ជា​​រឿង​ល្អ ប្រសិន​បើ​តុលាការ​ដោះស្រាយ​ជម្លោះ​ទាំងនោះ​ដោយ​មូលដ្ឋាន​ច្បាប់​និង​ឆន្ទានុសិទ្ធិ​។ លោក​យល់ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ប្រព្រឹត្តទៅ​នៃ​អង្គការ​តុលាការ ការជ្រើសរើស​ចៅក្រម គួរតែ​ត្រូវ​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​ដើម្បី​ចៀសវាង​អំពើពុករលួយ ឬ​ការទទួល​ឥទ្ធិពល​នយោបាយ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​វា​មាន​ភាពចាំបាច់​ក្នុង​ការមាន​តុលាការ​ដាច់​ដោយ​ឡែក​ក្នុង​វិស័យ​នីមួយៗ​ដូចជា​តុលាការ​​ទូទៅ តុលាការ​ការងារ តុលាការ​ពាណិជ្ជកម្ម​។ ​ប៉ុន្តែ​វា​មាន​ភាពចាំបាច់​ថែមទៀត​ក្នុង​ការធ្វើ​កំណែទម្រង់​នៃ​ប្រព័ន្ធ​ច្បាប់​ដើម្បី​គ្រប់គ្រង​នៃ​ដំណើរការ​ប្រព័ន្ធ​តុលាការ​ទាំងមូល​សិន​»៕