ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​មកដល់​កម្ពុជា ក្រោយ​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២០ ដែលជា​អ្នក​កាន់​ទិដ្ឋាការ​ទេសចរណ៍​ (Visa T) ហើយ​លើស​កំណត់​អាច​បន្ត​ស្នាក់នៅ​តទៅទៀត​បាន​រហូតដល់​អាចមាន​លទ្ធភាព​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​បាន​ដោយ​មិន​មាន​ការផាកពិន័យ​ឡើយ​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣ ខែមេសា ឆ្នាំ​ ២០២០​។

លិខិត​របស់​ក្រសួងការបរទេស​បញ្ជាក់​ថា​៖ «​សូម​ជូនដំណឹង​ដល់​ស្ថាន​បេសកកម្ម​ការទូត និង​កុងស៊ុល​នៅ​កម្ពុជា​ទាំងអស់​ឱ្យបាន​ជ្រាបថា ដោយសារ​តែ​ការរាតត្បាត COVID-19 ធ្វើឱ្យ​អ្នកទេសចរ​ដែល​មកលេង​កម្ពុជា ក្រោយ​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២០ មិន​អាចធ្វើ​មាតុភូមិនិវត្តន៍​ទៅវិញ​បានឡើយ​ព្រោះ​គ្មាន​ជើងហោះហើរ​»​។

លិខិត​ដដែល​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ចិត្ត​ផ្តល់​ការពន្យារពេល​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ (Visa T) ដល់​ជនបរទេស​ទាំងនោះ​ចាប់ពី​ថ្ងៃទី​ ៣ ខែ​មេសា ឆ្នាំ​ ២០២០ និង​លើកលែង​ការផាកពិន័យ​ចំពាះ​ការស្នាក់នៅ​លើសកំណត់​រហូត​ដល់​ពួកគេ​អាច​វិលត្រទ្បប់​ទៅ​ប្រទេស​ខ្លួន​វិញ​»​។

លោក កែវ វណ្ណថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា អ្នក​ដែល​ចូលមក​ក្រោយ​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២០ គឺអាច​បន្ត​ស្នាក់នៅ​រហូតដល់​ពួកគេ​អាច​មាន​លទ្ធភាព​ចាកចេញ​ពី​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយឡែក​ចំពោះ​ជនបរទេស​ដែល​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​យើង​នឹង​អនុវត្ដ​តាម​នីតិវិធី​ច្បាប់​អន្តោប្រវេសន៍​ដដែល​។ ដូចជា​ជនបរទេស​ស្នាក់នៅ​លើស​ទិដ្ឋការ និង​មិនមាន​លិខិត​ឆ្លងដែន​អី​ជាដើម​នេះ គឺ​យើង​ត្រូវ​ចាប់បញ្ជូន​ចេញ​ហើយ ព្រោះ​ជា​ការខុសច្បាប់​»​។

លោកស្រី ឆាយ ​ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​អបអរសាទរ​ជំនួស​មុខ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ដែល​នៅ​សេសសល់​ក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ដ​វិធានការ​ថ្មី​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការពន្យារពេល​ទិដ្ឋាការ​ដល់​ពួកគាត់​បែបនេះ​។

លោកស្រី​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ភ្ញៀវទេសចរ​បរទេស​ខ្លះ គាត់​មិនទាន់​ចេញផុត ដូច្នេះ​តម្រូវឱ្យ​ពួកគាត់​ស្នាក់នៅ​ប្រទេស​យើង​សិន​។ ខណៈ​ពេល​ដែល​ពួកគាត់​កំពុង​រាំងស្ទះ​នៅ​កម្ពុជា ពួកគាត់​ក៏​កំពុង​មាន​ការព្រួយបារម្ភ​ខ្លាំង​មែនទែន​ចំពោះ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​របស់​ខ្លួន​នៅ​មុនពេល​រាជរដ្ឋាភិបាល​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​អាច​ឱ្យ​ពួកគាត់​បន្ត​សា្នក់នៅ​កម្ពុជា​បាន​ដោយ​មិនមាន​ការផាកពិន័យ​នេះ​»​។

លោកស្រី​បញ្ជាក់ថា ពួកគាត់​កាលពី​ដំបូង​មិន​ដឹង​គិត​យ៉ាងណា​នោះទេ ឥឡូវនេះ​ពួកគាត់​សប្បាយ​ចិត្ដ​មែនទែន​នៅពេល​ទទួលបាន​ការពន្យារ​ទិដ្ឋាការ​នេះ​។

លោកស្រី ស៊ីវលីន លើកឡើង​ថា​តាមរយៈ​កាយវិការ និង​សន្ដាន​ចិត្ដ​ដ៏ល្អ​របស់​កម្ពុជា​នេះ​នឹង​បង្ហាញ​ទៅកាន់​ភ្ញៀវទេសចរ​ដែល​កំពុង​ជាប់​ស្ទះ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​គ្មាន​ជើងហោះហើរ​ឲ្យ​អាចយល់​ពី​ទឹកចិត្ដ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត និង​អាច​ត្រឡប់​មកលេង​កម្ពុជា​នាពេល​ក្រោយៗ​ទៀត​៕