ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ទទួល​បន្ទុក​ការវិនិយោគ​ពី​បរទេស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group (UDG) ក្រោយពី​មាន​ការចោទប្រកាន់​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​អំពី​ការរំលោភ​សិទ្ធិមនុស្ស ពុករលួយ នឹង​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​៖ «​ដូចនេះ​កម្ពុជា​ស្វាគមន៍​ចំពោះ​​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​របស់​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ជា​មិត្ត​នានា ដើម្បី​បញ្ចប់​ការចោទប្រកាន់ និង​មន្ទិលសង្ស័យ​នេះ​»​។ «​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សង្ឃឹម​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (UDG) ​ជាក់​ជាមិនខាន​»​។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹងថា UDG ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​កម្ពុជា ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន​ចិន​ឈ្មោះ Tiangin Union Investment Development Group Co.,ltd​។ ការវិនិយោគ​របស់​ក្រុមហ៊ុន UDG មិន​ធ្វើ​លើ​ដី​សម្បទាន​ដែល​កំណត់​ត្រឹមតែ​ ១ ​ម៉ឺន​ហិកតា​នោះទេ គឺ​ក្រុមហ៊ុន​នេះ​វិនិយោគ​លើ​ដី​ជួល​ដែល​មិន​មាន​ច្បាប់​ណា​កំណត់​ពី​ទំហំ​អតិបរមា​ឡើយ​។ គម្រោង​វិនិយោគ​របស់ UDG រួមចំណែក​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​មក​វិនិយោគ​នៅ​ទីតាំង​នេះ​តាមរយៈ​ការជួល​ដី​ផ្នែក​ខ្លះ​បន្ត​។

សេចក្ដី​ថ្លែងការណ៍​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់ឃើញ​ថា​ ការដាក់ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​នេះ​នឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន UDG ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​ដល់​ការងារ​ប្រជាជន​ស្លូតត្រង់​ជាច្រើន ក៏ដូចជា​ដល់​បរិស្ថាន​ធុរកិច្ច និង​វិនិយោគ​ទាំង​មូលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​»​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ចេញ​ផ្សាយ​កាលពី​ទី​ ១៥ កញ្ញា សប្ដាហ៍​មុន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន UDG ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​កោះកុង​។ សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ដោយ​ប្រើប្រាស់​ច្បាប់ The Global Magnitsky Human Rights និង​បាន​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​រឹបអូស និង​បំផ្លាញ​ដី​របស់​ពលរដ្ឋ​មូលដ្ឋាន ដើម្បី​យក​ដី​សាងសង់​គម្រោង​អភិវឌ្ឍន៍​តារាសាគរ ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន UDG បាន​ទទួល​សិទ្ធិ​ជួល​ដី ៣៦ ០០០ ​ហិកតា​ សម្រាប់​រយៈពេល​ ៩៩ ​ឆ្នាំ​ពី​កម្ពុជា ដែល​នឹង​ប្រើប្រាស់​សម្រាប់​ការវិនិយោគ​មាន​ទឹកប្រាក់ ៣,៨ ​ពាន់​លាន​ដុល្លារ​។ ទំហំ​នេះ​រំលោភ​លើ​ច្បាប់​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ផ្ដល់​ដី​សម្បទាន​តែ​ ១ ​ម៉ឺន​ហិកតា​តែប៉ុណ្ណោះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន Tiangin Union Investment Development Group Co.;ltd និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏​ជំទាស់​នឹង​ការដាក់​ទណ្ឌកម្ម​នេះដែរ​ដោយ​លើកឡើង​ថា ការសម្រេច​បែបនេះ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​។

ក្រុមហ៊ុន Tiangin Union Investment Development Group Co.;ltd បាន​បញ្ជាក់ថា UDG ​គឺជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ​ហើយ​គ្មាន​ភាគហ៊ុន​រដ្ឋ​ចិន​ចូលរួម​ឡើយ​។ ក្រុមហ៊ុន​នេះ​បាន​ជួល​ដី​ក្នុងភូមិ​សាស្ត្រ​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ ខេត្តកោះកុង និង​អនុវត្តតាម​កិច្ចសន្យា​តឹងរ៉ឹង​ដោយ​សាងសង់​ផ្លូវថ្នល់ ស្ពាន គម្រោង​កំពង់ផែ សួន​ទេសភាព និង​អគារ​នានា​។

ក្រុមហ៊ុន Tiangin Union Investment Development Group Co.;ltd បាន​បន្ត​​ថា​៖ «​ក្រុមហ៊ុន​យើងខ្ញុំ​សូម​តវ៉ា​យ៉ាងខ្លាំង​ក្លា​ចំពោះ​សហរដ្ឋអាមេរិក​ប្រើ​ច្បាប់​ក្នុងប្រទេស​ខ្លួន​អនុវត្ត «​យុត្តាធិការ​ដៃ​វែង​» លើ​ក្រុមហ៊ុន​យើងខ្ញុំ​ពី​បទ​ចោទប្រកាន់ «​គ្មាន​មូលដ្ឋាន​»​។ ក្រុមហ៊ុន​នេះ​ក៏​ស្វាគមន៍​ដល់​ក្រុមហ៊ុន​នានា រាប់​ទាំង​សហរដ្ឋអាមេរិក​ផង​ដើម្បី​មក​វិនិយោគ​នៅ​តារាសាគរ​។

ចំណែក​ស្ថានទូត​ចិន​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ធ្វើការ​ជំទាស់ និង​ថ្កោលទោស​ជាដាច់ខាត​ចំពោះ​ទង្វើ​មួយ​នេះ​។ យើង​ទទូច​ដល់​ភាគី​សហរដ្ឋអាមេរិក​កែប្រែ​វិធីសាស្ត្រ​មួយ​នេះ​ជាបន្ទាន់ និង​ដក​ទណ្ឌកម្ម​សម្រេច​ទាំងស្រុង​របស់​ខ្លួន​ផងដែរ​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏បាន​ឲ្យ​ដឹង​ទៀតថា យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ​អាច​ត្រូវបាន​បង្កើត​នៅ​កម្ពុជា​ឡើយ ទោះជា​មូលដ្ឋាន​កងទ័ព​ចិន អាមេរិក ឬ​ប្រទេស​ណាមួយ​ក៏ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​បដិសេធ​ជាច្រើន​លើក​ច្រើន​សារ​រួចហើយ​ដែរ​ចំពោះ​ព័ត៌មាន​ដែល​ថា​កម្ពុជា​អាច​ទទួល​យក​កងទ័ព​បរទេស​មកឈរ​ជើង​នៅក្នុង​ទឹកដី​របស់ខ្លួន​។

ដូចនេះ​កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​របស់​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​​ជា​មិត្ត​នានា ដើម្បី​បញ្ចប់​ការចោទប្រកាន់ និង​មន្ទិលសង្ស័យ​នេះ​។ គួរ​រំឭក​ផងដែរ​ថា នាពេល​កន្លង​មក​តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយ​ចំនួន​រួមទាំង​អនុព័ន្ធយោធា​អម​ស្ថានទូត​ក៏​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍន៍​តារាសាគរ​នា​ថ្ងៃទី​ ១២ ខែ​កុម្ភៈ និង​ថ្ងៃទី​ ៣ ខែមេសា ឆ្នាំ​ ២០១៩ នេះ​រួចហើយ​ផងដែរ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១៨ កញ្ញា ក៏​បានចេញ​សេចក្ដី​ថ្លែងការណ៍​ផងដែរ​ថា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ការខកចិត្ត​ចំពោះ​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ​នៅ​កម្ពុជា​ដោយ​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​លោក Alan Lowenthal សមាជិកសភា និង​លោក Robert A. Destro ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការធានា​សន្ដិភាព សណ្ដាប់ធ្នាប់ និង​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​។

សេចក្ដី​ថ្លែងការណ៍​ថា​៖ «​ការវាយតម្លៃ​របស់​ពួកគេ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ​ និង​មិនបាន​គិតពី​ទិដ្ឋភាព​អង្គហេតុ​ និង​​អង្គច្បាប់​នៃ​បញ្ហា​នេះ​»​។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ដដែល​បាន​បន្ត​ថា កម្ពុជា​រក្សា​ការប្ដេជ្ញាចិត្ត​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​សហរដ្ឋអាមេរិក និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ស្ថិរភាព សន្ដិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​៕

វីដេអូ៖