ភ្នំពេញៈ កម្ពុជា​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​វាយតម្លៃ​កម្ពុជា​ល្អ​ជាង​ឆ្នាំមុន ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ដោយសារ​កម្ពុជា​បាន​ធ្វើ​ការងារ​ជាច្រើន​លើស​ពី​អនុសាសន៍ ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​។ នេះ​បើតាម​ការថ្លែង​របស់​លោកស្រី ជូ ប៊ុនអេង​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ថ្លែង​បែបនេះ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ បន្ទាប់ពី​លោកស្រី​បាន​ជួបប្រជុំ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក Patrick Murphy ​នៅ​ក្រសួងមហាផ្ទៃ ដោយបាន​ពិភាក្សា​អំពី «​វឌ្ឍនភាព​នៃ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ការប្រឈម​ និង​ដំណោះស្រាយ​» កាលពី​ថ្ងៃ​ទី​ ២២ មករា​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​ធ្វើ​ការងារ​ច្រើន​លើសពី​អ្វីដែល​សហរដ្ឋ​បានផ្ដល់​អនុសាសន៍​ថែមទៀត​។ យើង​គ្រាន់តែ​សង្ឃឹមថា អ្វីដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​នេះ​នឹង​ផ្ដល់​លទ្ធផល​ល្អ​ប្រសើរ​ជាង​អ្វីដែល​យើង​បានទទួល​ពីមុនមក​។ យើង​ពិតជា​បាន​ប្រឹងប្រែង​គ្រាន់តែ​ថា អ្វីដែល​អ្នកវាយតម្លៃ​ចង់បាន​យើង​មិន​ដឹងថា​វា​ចំ​ចំណុច​ដែល​គាត់​ចង់បាន​ហើយ​ឬ​នៅ​។ ធម្មតា​គេ​ដាក់​ពិន្ទុ​គេ​មាន​លក្ខខណ្ឌ​របស់គេ​»​។

ប្រទេស​កម្ពុជា​ត្រូវបាន​សហរដ្ឋ​អាមេរិក​ដាក់​ក្នុង​ចំណាត់ថ្នាក់​ទី​ ២ ​នៃ​បញ្ជី​ឃ្លាំមើល​អស់​រយៈពេល ២ ឆ្នាំ​គឺ​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ២០២០​។ ក្រសួងការបរទេស​អាមេរិក​បញ្ជាក់ថា ចំណាត់ថ្នាក់​នេះ​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​ឆ្លើយតប​ទៅនឹង​ស្តង់ដា​អប្បបរមា​នៃ​ការលុបបំបាត់​អំពើ​ជួញដូរ​មនុស្ស ប៉ុន្តែ​បាន​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ជាច្រើន ដូចជា​ការផ្តន្ទាទោស​ជនល្មើស ការបង្កើត​ផែនការ​សកម្មភាព​ ៥ ​ឆ្នាំ និង​ការបង្កើត​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​កំណត់​ជនរងគ្រោះ និង​ប្រមូល​ព័ត៌មាន​។

ប៉ុន្តែ​លោកស្រី ប៊ុនអេង បញ្ជាក់ថា​៖ «​យើង​បានធ្វើ​កិច្ចការ​មួយ​ចំនួន​ធំ​ហើយ ដូច​ជា​ការ​នៅក្នុង​វិស័យ​យុត្តិធម៌ កម្ពុជា​បាន​បង្កើនល្បឿន​ការផ្ដន្ទាទោស​។ ចំពោះ​ការអនុវត្ត​ច្បាប់​វិញ ទោះបី​មាន​កូវីដ ​១៩​ ក៏​កម្ពុជា​នៅតែ​បន្ត​បង្ក្រាប ស៊ើបអង្កេត​ឥត​ឈប់ឈរ​។ ការជួយ​ជនរងគ្រោះ​ក៏​ដូចគ្នា​ដែរ គឺ​ជនរងគ្រោះ​មកវិញ​កាន់តែ​ច្រើន មិនមែន​រងគ្រោះ​តែមួយ​មុខសញ្ញា​ទេ​គឺ​គាត់​រងគ្រោះ​ដោយសារ​អត់​ការងារ​ធ្វើ​ផង ត្រូវគេ​បណ្ដេញចេញ​ផង​ត្រូវបាន​គេ​ឃាត់ គេ​ចាប់ គេ​ពិន័យ​។ គឺមាន​ច្រើន​ណាស់​ដែល​យើង​បានធ្វើ​»​។

បើតាម​លោកស្រី ជូ ប៊ុនអេង សហរដ្ឋអាមេរិក​បាន​ផ្ដល់​អនុសាសន៍​រហូតដល់​ទៅ​ ១៧ ​ចំណុច​សម្រាប់​ឱ្យ​កម្ពុជា​អនុវត្ត ប៉ុន្តែ​អនុសាសន៍​ទាំង​ ១៧ ​នោះ​អាច​បង្រួម​មក​នៅត្រឹមតែ​ ៥ ​ធំៗ ហើយ​កម្ពុជា​បាន​ប្រឹងប្រែង​លើសពី​ចំណុច​ទាំង​ ៥ ​នោះ​។

លោកស្រី​ ជូ ប៊ុនអេង បាន​ថ្លែងថា​៖ «​យើង​ក៏​កំពុង​ស្វែងយល់ថា​តើ​គាត់​ចង់បាន​អ្វី​ឱ្យ​ប្រាកដ​។ អ៊ីចឹង ឆ្លងតាម​ការពិភាក្សា ខ្ញុំ​គិតថា យើង​អាច​យល់​ពីគ្នា​បាន​ច្រើន ហើយ​គ្រាន់តែ​ដូច​ឯកឧត្តម​ឯកអគ្គរាជទូត​គាត់​ថា ខាង​ស្ថានទូត ឬ​អ្នកធ្វើការ​ក្នុងប្រទេស​យល់​ហើយ​អំពី​បញ្ហា និង​សកម្មភាព​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​»​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​គាត់​ (​ឯកអគ្គរដ្ឋទូត​) ​នៅតែ​មិនទាន់​ហ៊ាន​អះអាង​អ្វី​ទេ ព្រោះ​អ្នក​ដែល​វាយតម្លៃ​គាត់​នៅ​វ៉ាស៊ីនតោន​»​។

ក្នុង​ឆ្នាំ​ ២០២០ ​កន្លងទៅ​កម្ពុជា​បាន​ប្រឹងប្រែង​ជាច្រើន​ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ទោះបី​គម្រោង​ថវិកាជាតិ​ត្រូវបាន​បង្វែរ​ទៅលើ​ការយកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ការងារ ប្រាក់ចំណូល ព្រមទាំង​ពលរដ្ឋ​ទេសន្តរប្រវេសន៍​វិលត្រឡប់​ពី​ក្រៅប្រទេស​ជាង​ ១០ ​ម៉ឺន​នាក់​ដោយ​អ្នកខ្លះ​នាំមក​ជាមួយ​នូវ​ជំងឺ​កូវីដ​១៩​ក៏ដោយ​។ ក្រសួង​នានា​ក៏បាន​ដាក់ចេញ​វិធានការ​ពាក់ព័ន្ធ​នានា​ដើម្បី​កុំឱ្យ​មាន​ការធ្វើ​ចំណាកស្រុក​ដែល​ប្រឈម​នឹង​ការជួញដូរ​។

កាលពី​ថ្ងៃ​ចន្ទ ទី​ ២៥ ខែមករា ម្សិលមិញ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានចេញ​ផ្សាយ​ព័ត៌មាន​អំពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ ២២ ​មករា​ ដោយបាន​ស្រង់​សម្ដី​លោក Patrick Murphy ​ដែល​បាន​និយាយថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការស្គាល់​គ្នា ឱ្យបាន​កាន់តែ​ប្រសើរ និង​បង្កើន​កិច្ចសន្ទនា និង​ពិភាក្សា​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ដំណើរការ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​៕

វីដេអូ៖