ភ្នំពេញៈ លោក អាន សុខខឿន ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ​បាន​ធ្វើ​បទអន្តរាគមន៍​ក្នុងសម័យ​ប្រជុំ​លើក​ទី​៤៦ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​កិច្ចពិភាក្សា​ទូ​ទៅលើ​របៀបវារៈ​ទី​១០ ​ស្តីពី​កិច្ចសហប្រតិបត្តិការ​បចេ្ចកទេស​កាលពី​ថ្ងៃទី​ ២៣ ខែ មីនា ឆ្នាំ​ ២០២១ នាទី​ក្រុង​ហ្សឺណែវ​ដោយ​បាន​សម្ដែង​ការខកចិត្ត​យ៉ាងខ្លាំង​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណៈប្រតិភូ​ហ្វាំងឡង់​ដែល​បាន​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​។

លោក អាន សុខខឿន បាន​ថ្លែងថា​៖ «​យើងខ្ញុំ​កត់សម្គាល់​ដោយ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​គណៈប្រតិភូ​ហ្វាំងឡង់​ដែល​បាន​បដិសេធ​មិន​ប្រកាន់យក​វិធីសាស្ត្រ​ប្រកប​ដោយ​ភាពសត្យានុម័ត មិន​ជ្រើសរើស​តែមួយ​ជ្រុង និង​មិន​ធ្វើ​នយោបាយូបនីយកម្ម នៅពេល​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។

ប្រតិភូ​ក្រុមប្រឹក្សា​ហ្វាំងឡង់​លោកស្រី កើស្ទិ គុពិ (Kirsti Kauppi) ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​ទី​៤៦ កាលពី​ថ្ងៃទី​ ២២ ខែ មីនា ឆ្នាំ​ ២០២១ ​កន្លងមក​ដោយ​ចោទថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​សហការ​ជាមួយនឹង​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទិ្ធមនុស្ស (OHCHR)​។

លោកស្រី​បាន​ថ្លែងថា​៖ «​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅតែ​បន្ត​ធ្លាក់ចុះ​។ យើង​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​សហការ​ជាមួយ​ការិយាល័យ OHCHR ដើម្បី​ធានា​ឱ្យបាន​នូវ​ការគោរព​សិទិ្ធ​នយោបាយ​ និង​សិទិ្ធ​ជនស៊ីវិល​ទាំងអស់ ក្នុង​ពេល​ដែល​ច្បាប់​ស្តីពី​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ដទៃ​ផ្សេងទៀត​ត្រូវបាន​បញ្ចប់ ដើម្បី​ធ្វើជា​គំរូ​ដ៏ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​»​។

ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​លោកស្រី គណៈប្រតិភូ​ហ្វាំងឡង់​នេះ លោក អាន សុខខឿន បាន​ថ្លែងថា​៖ «​វា​ជា​រឿង​គួរឱ្យ​អស់​សំណើច​ដែល​ប្រទេស​ហ្វាំងឡង់​ទើប​ប្រកាស​បិទ​ប្រទេស និង​ដាក់​ក្នុង​ភាពអាសន្ន​ដែល​ធ្វើឱ្យ​មានការ​រឹតត្បិត សេរីភាព​មូលដ្ឋាន​របស់​ប្រជាជន​ខ្លួន​នាពេល​ថ្មីៗ​នេះ តែ​បែរជា​ប្រតិភូ​នៃ​ប្រទេស​នេះ​មក​ទាមទារ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ ពលរដ្ឋ និង​នយោបាយ​ជាង​សិទ្ធិ​ដទៃទៀត​»​។ មួយវិញទៀត ការអំពាវនាវ​ឱ្យ​កម្ពុជា​សហការ​​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ សិទ្ធិមនុស្ស​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​ការមិន​​អើពើ​របស់​ហ្វាំងឡង់​ចំពោះ​ការពិត​នៅ​កម្ពុជា​។

លោក អាន សុខខឿន បាន​ថ្លែង​ដោយ​អះអាងថា ការិយាល័យ ឧត្តមស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​មាន​វត្តមាន​ជិត​ ៣ ​ទសវត្សរ៍​ហើយ​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ ​មក ដែល​បច្ចុប្បន្ននេះ​ក្លាយជា​ការិយាល័យ​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​នេះ​ជា​សក្ខីភាព​មួយ​ឆ្លុះបញ្ចាំង​អំពី​កិច្ចសហប្រតិបត្តិការ​ដោយ​បើកចំហ និង​ស្ថាបនា​របស់​កម្ពុជា​ជាមួយ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​សុពលភាព​ដោយបាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​ប្រការនេះ​ស្ដែង​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​ការបេ្ដជ្ញាចិត្ត​ឥតងាករេ​របស់​កម្ពុជា ក្នុង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស​គ្រប់​ប្រភេទ​តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​។

ចំពោះ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ​១៩ ដែល​ត្រូវ​បាន​អនុម័ត​នាពេល​ថ្មីៗ​នេះ ដោយ​សភា​ទាំង​ ២ ​ថ្នាក់​របស់​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីត្យានុកូលភាព ភាពចាំបាច់ និង​សមាមាត្រភាព​។

លោក​ថ្លែងថា​៖ «​ច្បាប់​នេះ​ពុំមាន​គោលបំណង​ដាក់ទោសទណ្ឌ​លើ​បុគ្គល​ណា​ម្នាក់​នោះទេ ផ្ទុយ​ទៅ​វិញ​ច្បាប់​នេះ​មាន​គោលបំណង​ការពារ​អាយុជីវិត​ និង​លើកទឹកចិត្ត​ពលរដ្ឋ​គ្រប់រូប​ឱ្យ​ចូលរួម​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​កិច្ចប្រឹងប្រែង​ធានា​សុវត្ថិភាព​សុខភាព​សាធារណៈ និង​អាយុជីវិត​ដ៏មាន​តម្លៃ​របស់​ពលរដ្ឋ​»​។

លោក​ថា​៖ «​មានតែ​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ខ្ពស់បំផុត​ក្នុង​ការវាយតម្លៃ​ពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ សិទ្ធិអំណាច​ត្រូវបាន​ឆ្លុះ​បញ្ជាំង​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​បុគ្គល​គ្រប់រូប​ត្រូវតែ​គោរព​តាម​»៕