ភ្នំពេញៈ កម្ពុជា​បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ និង​អង្គការ UNODC ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដោយសារ​គ្រឿងញៀន​ក្នុង​អំឡុង​ពេលដែល​សកលលោក​កំពុងមាន​វិបត្ដិ​ជំងឺ​កូវីដ​១៩ ហើយ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​ដែល​មាន​អង្គការ​ចាត់តាំង​បាន​បង្កើន​ការឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ស្រុក​ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានធ្វើ​សំណើ​នេះ​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​មន្ត្រី​សម្របសម្រួល​ប្រទេស​ហត្ថលេខី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ក្នុង​មហាអនុ​តំបន់​ទន្លេមេគង្គ​។ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន ​និង​ឧក្រិដ្ឋកម្ម (UNODC) កាលពី​ថ្ងៃ​ពុធ ទី​ ២៧ ខែឧសភា ​នេះ​។

យោងតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​បាន​ចេញផ្សាយ និង​សេចក្ដី​ថ្លែង​របស់​លោក មាស វិរិទ្ធ ក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​អនុតំបន់ និង​សកលលោក​ក្នុង​ការខិតខំ​ប្រឹងប្រែង​បង្ការ​ទប់ស្កាត់​ដោយ​យក​ចិត្តទុកដាក់ និង​ទទួល​ខុសត្រូវ​ខ្ពស់​នូវ​យុទ្ធសាស្ត្រ​ពហុវិស័យ​ស្តីពី​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន និង​បន្ត​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​ទូទាំង​ប្រទេស​។

លោក មាស វិរិទ្ធ បាន​ថ្លែងថា​៖ «​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​១៩ យើង​ពុំទាន់​អនុវត្តបាន​នូវ​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​អនុតំបន់​ទី​ ១១ ក្រោម​ការជួយ​ឧបត្ថម្ភ​របស់​អង្គការ UNODC ឡើយ និង​សុំ​ស្នើ​អង្គប្រជុំ​របស់​យើង​ជជែក​ពិភាក្សា​គ្នា​​រក​ឲ្យ​ឃើញ​នូវ​ដំណោះស្រាយ​សមស្រប​ណាមួយ​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​អនុតំបន់​នេះ​ឈានទៅ​ឆ្លើយតប​ឲ្យ​បាន​ទៅនឹង​ការគំរាមកំហែង​ដោយ​គ្រឿងញៀន​នាពេល​បច្ចុប្បន្ននេះ​»​។

លោក​បន្តថា​៖ «​ស្របពេល​ដែល​យើង​មាន​បញ្ហា​ជំងឺ​កូវីដ​១៩ កិច្ចសហប្រតិបត្តិការ​គ្នា​ទាំង​ក្នុង​តំបន់ និង​លើ​សកលលោក​មាន​ការធ្លាក់ចុះ​បាន​ធ្វើឲ្យ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ដែល​មាន​អង្គការ​ចាត់តាំង​បាន​បង្កើន​ការឃុបឃិត​ជាមួយ​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ស្រុក ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន​។ សកម្មភាព​នេះ​បាននិង​កំពុង​ក្លាយជា​ឧបសគ្គ​រារាំង​ក្នុង​ការអនុវត្ត​ផែនការ​អនុតំបន់​ដែល​រៀបចំ​ដោយ​អង្គការ UNODC​។

តាម​របាយការណ៍​ដដែល​នេះ​បង្ហាញថា​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត​ ១ ​ម៉ឺន​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ២ ម៉ឺន​នាក់​ចាប់​យក​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន ៧៥០ គីឡូក្រាម​ផងដែរ​។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹង​ទៀត​ថា ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ អនុវត្ត​ច្បាប់​ប្រចាំ​​ថ្ងៃទី​ ២៦ ខែឧសភា ឆ្នាំ​ ២០២០ បង្ក្រាប ការជួញដូរ ការរក្សា​ទុក ការដឹកជញ្ជូន ការដាំដុះ ការផលិត​កែច្នៃ ការចាត់ចែង​ផ្ដល់​ទីតាំង និង​ប្រើប្រាស់​បាន​ចំនួន ២១ ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣៩ ​នាក់ ។ ចំណែក​លទ្ធផល​អនុវត្តន៍​ច្បាប់​ពី​ការបង្គ្រាប​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ២៦ ខែឧសភា ឆ្នាំ​ ២០២០ បង្ក្រាបបាន​ជាង​ ៤ ​ពាន់​ករណី​ឃាត់​មនុស្ស​ជិត​ ៩ ​ពាន់​នាក់​មាន​ស្រី​ និង​ប្រុស មាន​ ៧ ​សញ្ជាតិ និង​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ ២៥៧ ​គីឡូក្រាម​៕