
ពេទ្យកំពុងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិពីថ្ងៃ ១៨ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្រេចស្នើសុំទិញវ៉ាក់សាំងបន្ថែមពីសាធារណរដ្ឋឥណ្ឌាចំនួន ៥ លានដូស ដោយក្នុងនោះកម្ពុជាបានស្នើសុំឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងនេះ ក្នុងដំណាក់កាលដំបូងចំនួន ១ លានដូស។
ការស្នើសុំទិញវ៉ាក់សាំងពីសាធារណរដ្ឋឥណ្ឌានេះធ្វើឡើងក្នុងការជួបសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសជាមួយនឹងលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌាកាលពីល្ងាចថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា រដ្ឋមន្ត្រីនៃប្រទេសទាំង ២ បានជួបសន្ទនាគ្នា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ ១៩ និងការរួមគ្នាប្រឆាំងនឹងជំងឺនេះ។
លោក ប្រាក់ សុខុន ថ្លែងក្នុងលិខិតនេះថា៖ «កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៥ លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាក់សាំងនេះ ក្នុងដំណាក់កាលដំបូងចំនួន ១ លានដូស»។
លោកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀត ដោយសារប្រជាជនកម្ពុជា ជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌាដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតបលោក ចៃហ្សានកា បានប្រាប់លោក ប្រាក់ សុខុន ថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ ក្នុងសេចក្តីប្រកាសព័ត៌មានលើកឡើងថា ៖ «ដោយសារសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់សំណើទៅនាយករដ្ឋមន្ត្រីឥណ្ឌាណារិន ដ្រា មូឌី ហើយប្រទេសឥណ្ឌាចាត់ទុកសម្តេចតេជោ ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព លោកនឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៥ លានដូសនេះ ជូនដល់នាយករដ្ឋមន្ត្រីរបស់លោក ហើយព្រមទាំងសន្យាថា នឹងខិតខំជួយកម្ពុជាឱ្យទទួលបានវ៉ាក់សាំងនេះ»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៥ ខែកុម្ភៈ រដ្ឋាភិបាលឥណ្ឌាបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១ សែនដូសដល់កម្ពុជាផងដែរ គឺមុនពេល ២ ថ្ងៃ ដែលវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦០ ម៉ឺនដូសដំបូង ក្នុងចំណោមវ៉ាក់សាំង ១ លានដូស បានដឹកមកដល់ប្រទេសកម្ពុជា ដែលបានចាក់ជូនដល់ឥស្សរជន និងពលរដ្ឋកម្ពុជាចាប់ពីថ្ងៃទី ១០ រហូតមកដល់ពេលនេះ។
ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃម្សិលមិញថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមសម្រាប់ក្រុមគ្រូពេទ្យបុគ្គលិកមន្ត្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិនៅតាមបណ្តារាជធានី-ខេត្តចំនួន ១០ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ នេះតទៅដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ទីតាំងដែលត្រូវបានកំណត់មាននៅតាមមន្ទីរពេទ្យបង្អែកចំនួន ៨ ក្នុងរាជធានីភ្នំពេញ ដូចជាមន្ទីរពេទ្យរាជធានីភ្នំពេញមន្ទីរពេទ្យបង្អែកព្រែកព្នៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
ក្រសួងបន្តទៀតថា សម្រាប់នៅខេត្តបាត់ដំបងមាននៅមន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឫស្សី មន្ទីរពេទ្យបង្អែកសង្កែ មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។ ចំណែកនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង ព្រះសីហនុ ស្វាយរៀង និងខេត្តកែប ការចាក់វ៉ាក់សាំងនេះក៏ត្រូវធ្វើឡើងនៅតាមមន្ទីរពេទ្យខេត្ត និងស្រុកមួយចំនួនផងដែរ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ ១៩ នេះ គឺធ្វើនៅរាល់ថ្ងៃធ្វើការចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតពីថ្ងៃទី ១០ ដល់ ១៩ ខែកុម្ភៈ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមមានចំនួន ៤ ៦០៩ នាក់ ក្នុងនោះមានស្រីចំនួន ១ ៦០៣ នាក់។ ចំណែកក្រសួងការពារជាតិបានចាក់ជូនដល់កងកម្លាំងប្រដាប់អាវុធចំនួន ១៧ ០៥២ នាក់ ក្នុងនោះមានស្រី ១ ២១៤ នាក់។
វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម ត្រូវបានចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនៅទីតាំងចំនួន ៥ គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា។
ទន្ទឹមគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៩ ខែកុម្ភៈដោយស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ទៅលើបុគ្គលដែលកំពុងតែធ្វើការចែកចាយនូវព័ត៌មានមិនពិតទាក់ទងនឹងវ៉ាក់សាំង។
លោកស្រីបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលនៅតែអំពាវនាវហើយអំពាវនាវទៀតសុំប្រជាពលរដ្ឋកុំចាញ់បោក ហើយកុំជឿទៅលើព័ត៌មានប្រឌិត ហើយសុំកុំចែកចាយព័ត៌មានណាមួយ ដែលយើងដឹងថាវាជាព័ត៌មានមិនពិត»។
ចំណែកលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់គឺជាការញុះញង់ចំពោះអ្នកដែលបានចែកចាយនូវព័ត៌មានបំភ្លៃរឿងចាក់វ៉ាក់សាំង។
លោកថា៖ «ការញុះញង់ដែលកំណត់ក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ដែលបានចែងថា បើការញុះញង់នោះបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នោះនឹងមានការផ្តន្ទាទោសពី ៦ ខែដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលដល់ ៤ លានរៀល»។
រាជរដ្ឋាភិបាលកម្ពុជាមានផែនការទិញ និងទទួលវ៉ាក់សាំងកូវីដ ១៩ ចំនួន ២០ លានដូស ដោយក្នុងនោះជាជំនួយមនុស្សធម៌ចំនួន ១១ លានដូស និងត្រៀមទិញបន្ថែមចំនួន ៩ លានដូស សម្រាប់ចាក់ជូនពលរដ្ឋប្រមាណ ១០ លាននាក់ទូទាំងប្រទេស៕