
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជួបជាមួយលោកស្រី Sri Wening Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពីជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB នៅទីស្ដីការក្រសួង កាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ កម្ពុជាស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាជួយដល់ជនងាយរងគ្រោះ ជាពិសេសជនចាស់ជរា ជនមានពិការភាព និងកុមារកំព្រា ខណៈ ធនាគារមួយ នេះកំពុងសិក្សាលើវិស័យកិច្ចគាំពារសង្គមនៅកម្ពុជា មុនប្រកាសផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម»។
ការសិក្សារបស់ ADB ចាប់ផ្តើមពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ដែលក្នុងជំហានដំបូងធ្វើឡើងជាលក្ខណៈបច្ចេកទេស ក្នុងការបង្កើតជាឯកសារយុទ្ធសាស្ត្រសម្រាប់កម្ពុជា ប៉ុន្តែ ADB មិនទាន់អាចវាយតម្លៃជាទឹកប្រាក់បាននៅឡើយទេ ចំពោះគម្រោងនេះ។ នេះបើតាមការអះអាងរបស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ជំនួបពិភាក្សាការងាររវាងលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងនេះជាមួយលោកស្រី Sri Wening Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពីជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB នៅទីស្ដីការក្រសួង កាលពីម្សិលមិញ។
ជាមួយនឹងជំនួបនេះ លោក អុិត សំហេង បានស្នើឱ្យមានការសិក្សាលើការគាំពារសិទ្ធិ និងការរស់នៅរបស់ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព កុមារកំព្រាជាដើម ខណៈលោកក៏ស្នើទៅកាន់លោកស្រីតំណាង ADB ឱ្យមានការគិតគូរលើនិរន្តរភាពហិរញ្ញវត្ថុនៃកិច្ចគាំពារសង្គមនេះផងដែរ។
លោកបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «(ខ្ញុំ) បានចាត់ក្រុមការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលធ្វើការងារលើវិស័យទាំងនោះស្រាប់ ឱ្យចូលរួមសហការជាមួយក្រុមការងាររបស់ធនាគារ ADB សំដៅធ្វើយ៉ាងណាឱ្យការងារនេះទទួលបានលទ្ធផលល្អ»។
លោកស្រី Sri Wening Handayni បានលើកឡើងថា លោកស្រីបានស្នើសុំយោបល់មួយចំនួនពីកម្ពុជា ដើម្បីជាគន្លឹះក្នុងការអនុវត្តការសិក្សាលើគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» ព្រោះវា ជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ ADB ដើម្បីជួយអភិវឌ្ឍប្រទេសមួយចំនួនលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។
លោកស្រី បន្តថា មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គមនេះគឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមដែល ADB បាន និងកំពុងសិក្សានៅប្រទេសចំនួន ៦ ក្នុងនោះរួមមាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូសបេគីស្ថាន និងអាស៊ែបៃហ្សង់។
លោកស្រី បានបញ្ជាក់ថា៖ «ជំនួយបច្ចេកទេសនេះត្រូវបានអនុវត្តក្នុងប្រទេសចំនួន ៣ រួមមាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត រីឯប្រទេស៣បន្ទាប់ រួមមាន កម្ពុជា អាស៊ែបៃហ្សង់ និងអ៊ូសបេគីស្ថាន»។
បើតាមលោក ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ បានផ្តល់បទសម្ភាសដល់អ្នកកាសែតក្រោយបញ្ចប់កិច្ចពិភាក្សា បានបញ្ជាក់ថា ការសិក្សានេះ គឺដើម្បីសិក្សាពីហានិភ័យជុំវិញកិច្ចគាំពារសង្គមនៅកម្ពុជា ដោយលោកថា កន្លងទៅ កម្ពុជាបានអនុវត្តល្អលើផ្នែកមួយចំនួនរួចមកហើយនូវបេឡាជាតិរបបសន្តិសុខសង្គមដែលកម្ពុជានឹងឈានទៅអនុវត្តគោលការណ៍មួយជំហានទៀតក្នុងពេលឆាប់ៗនេះ ដែលហៅថា របបសោធននិវត្តន៍។
លោក ង៉ុយ រិទ្ធ បញ្ជាក់ថា៖ «ដើម្បីផ្តល់ជំនួយបច្ចេកទេសសព្វបែបយ៉ាងកុំឲ្យមានហានិភ័យទៅថ្ងៃក្រោយ ក្នុងការទទួលជាបទពិសោធពីកិច្ចគាំពារសង្គមនេះ។ វាប្រឈមនឹងហានិភ័យខ្ពស់ដែរក្នុងដំណាក់កាលណាមួយប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ច និងចំណូលជាតិ ហើយបើបៀបធៀបជាមួយកំណើនពលរដ្ឋ ដែលជាដំណាក់កាលមួយនឹងជួបហានិភ័យ។ ដូច្នេះ ADB នឹងជាផ្នែកមួយ ដែលមានជំនាញឯកទេសក្នុងការសិក្សាហ្នឹង គឺគេចង់សិក្សា មុនផ្តល់ជំនួយផ្នែកបច្ចេកទេសទៅដល់មុខសញ្ញានៃកិច្ចគាំពារសង្គមហ្នឹង។ ដោយក្រោយពីធ្វើការសិក្សាហើយ គេនឹងបង្កើតជាឯកសារជំនួយស្មារតីដល់រដ្ឋាភិបាលយើងក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាពផ្សេងៗក្នុងការធ្វើយ៉ាងណាឲ្យមាននិរន្តរភាព» ៕