ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការ​បរទេស​បាន​ស្នើ​ឱ្យ​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត ដើម្បី​ចៀស​វាង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​បន្ត​ទៀត ដែល​នឹង​នាំ​ឲ្យ​មាន​អរិភាព​ក្នុង​ចំណោម​ប្រជាជន​នៃ​ប្រទេស​ទាំង ២។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ចុះផ្សាយ​កាល​ពី​ម្សិលមិញ។

តាម​សេចក្តីថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹងថា កម្ពុជា​ជឿជាក់ថា​ប្រទេស​ប៉ាគីស្ថាន និង​ឥណ្ឌា អាច​ចរចា​គ្នា​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នា​ពេល​បច្ចុប្បន្ន​និង​ស្វែងរក​ដំណោះ​ស្រាយ​ទំនាស់​តាម​មធ្យោបាយ​សន្តិវិធី។

សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា៖ «កម្ពុជា​សូមបញ្ជាក់​ជា​ថី្ម​អំពី​ការ​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម កាល​ពី​ថ្ងៃ​ទី ១៤ កុម្ភៈ​ឆ្នាំ ២០១៩ នៅ​តំបន់ Pulwama និង​ការ​បេ្តជ្ញា​ចូលរួម​ចំណែក​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់​និង​គ្រប់​រូបភាព​ទាំង​អស់»។

គួរ​បញ្ជាក់ថា ភាព​តានតឹង​នេះ​បាន​ផ្ទុះឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ទៅ​លើ​កង​សន្តិសុខ​ឥណ្ឌា​ក្នុង​តំបន់​ការស្មៀរ​ដែល​កំពុង​កាន់​កាប់​ដោយ​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ជាង ៤០ នាក់​ស្លាប់។

បន្ទាប់ពី​មាន​អំពើ​ភេរវកម្ម​នេះ មាន​យន្តហោះ​ឥណ្ឌា២គ្រឿង​ត្រូវបាន​មន្ត្រី​នាំពាក្យ​យោធា​ប៉ាគីស្ថាន​អះអាង​ថា​ត្រូវ​បាន​បាញ់​ធ្លាក់​កាល​ពី​ថ្ងៃ​ពុធ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា​និង​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយ​បាន​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​ស្រឡាញ់​សន្ដិភាព ដូច្នេះ​ក្នុង​កាតព្វ​កិច្ច​ជា​មិត្ដ​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ស្នើ​ឲ្យ​ប្រទេស​ទាំង ២ រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត ដោយ​វិល​ត្រឡប់​ទៅរក​ការ​ចរចា​វិញ​នោះ​ទេ។

លោក​ថា៖ «រាល់​ដំណោះស្រាយ​ទាំងអស់ គ្មានអ្វី​ប្រសើរ​ជាង​ការចរចា​អង្គុយ​តុ​ជាមួយ​គ្នា​ទេ។ ជម្លោះ​ធំៗ​នៅ​លើ​ពិភពលោក មិន​ដែល​បញ្ចប់​ទៅ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ទេ គឺ​មាន​តែ​ការ​ចរចា»។

លោក គិ​ន ភា លើកឡើងថា ទោះបី​ជាការ​អំពាវនាវ​របស់​កម្ពុ​ជាមាន​ឥទ្ធិពល​តិច​ក្ដី ក៏បាន​បង្ហាញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់​អំពី​បញ្ហា​នៅ​ក្នុង​តំបន់ និង​ការ​ស្រឡាញ់​សន្ដិភាព​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែរ៕