ភ្នំពេញៈ កាលពី​ថ្ងៃ​ចន្ទ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ (​គ.ជ.ស.ស​) បាន​ប្រកាស​ពី​ជំហរ​ម៉ឺងម៉ាត់​របស់ខ្លួន​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់​ដើម្បី​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​របស់​ទីបញ្ជាការ​ជួរមុខ បន្ទាប់ពី​ទីបញ្ជាការ​នេះ​ប្ដូរ​ទីតាំង​ចេញពី​មូលដ្ឋាន ទ័ព​រាម​ទៅកាន់​ទីតាំង​ថ្មី​នៅ​កោះព្រាប​ដែល​មាន​ចម្ងាយ​ប្រហែល​ ៣០ ​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់​។

ការបញ្ជាក់​ជំហរ​បែបនេះ​ធ្វើ​ឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ជា​ការបំភ្លឺ​អំពី​ការរុះរើ​អគារ​ទីបញ្ជាការ​ចាស់​ដែល​ជួសជុល​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋានទ័ព​រាម​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. នៅតែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​នៅក្នុង​ស្មារតី​នៃ​ការរក្សា និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ​ទាំងអស់​ប្រកប​ដោយ​តម្លាភាព និង​ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​។ គ.ជ.ស.ស. ​នៅតែ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​ការចូលរួម​ពី​សំណាក់​ដៃគូ​អន្តរជាតិ​នានា ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​ប្រតិបត្តិការ​របស់​ទីបញ្ជាការ​ជួរមុខ​តទៅ​ថ្ងៃ​អនាគត​»​។

ចំពោះ​ការប្ដូរ​ទីតាំង​ទីបញ្ជាការ​ជួរមុខ​ទៅ​កោះ​ព្រាប គ.ជ.ស.ស. បញ្ជាក់ថា ធ្វើឡើង​ដោយសារ​តែ​ទីបញ្ជាការ​ជួរមុខ​ចាស់​ស្ថិតនៅ​បណ្ដោះអាសន្ន​ក្នុង​បរិវេណ​មូលដ្ឋាន​កងទ័ពជើងទឹក​ដែល​ធ្វើឲ្យ​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​របស់​ស្ថាប័ន​ចម្រុះ​មាន​កម្រិត និង​ជួប​ការលំបាក​។ ទីតាំង​ចាស់​មិនមាន​កន្លែង​សម្រាប់​ចត​នាវា និង​មិន​អាច​ពង្រីក​រចនាសម្ព័ន្ធ​ទៀត​បាន​ព្រមទាំង​មាន​ការលំបាក​សម្រាប់​បុគ្គលិក​មកពី​ស្ថាប័ន ស៊ីវិល​នានា ក្នុង​ការចេញចូល​ក្នុង​ទីតាំង​យោធា ដោយសារ​ការរឹតត្បិត​ផ្នែក​សន្តិសុខ​។

ការប្ដូរ​ទីតាំង​នេះ​ក៏​ធ្វើឡើង​ដោយសារ​តែ​ទីបញ្ជាការ​ជួរមុខ​ត្រូវមាន​ទីតាំង​សមស្រប​មួយ ប្រកប​ដោយ​ឯករាជភាព​ក្នុង​ឋានៈ​ជា​ស្ថាប័ន​ជាតិ ព្រមទាំង​ងាយស្រួល​ក្នុង​ការចេញ​ប្រតិបត្តិការ ការធ្វើអន្តរាគមន៍ និង​ការជួយ​សង្គ្រោះ​។ ទីបញ្ជាការ​នេះ​ក៏​ត្រូវ​ពង្រីក និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ ដែល​ភាពចាំបាច់​នេះ​មិន​អាច​ធ្វើ​បានទេ​នៅ​ទីតាំង​ចាស់​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​។

គ.ជ.ស.ស. រៀបរាប់​ថា​ទីបញ្ជាការ​ជួរមុខ​គឺជា​អង្គភាព​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​ចម្រុះ​ស្ថាប័ន​។ នៅ​ឆ្នាំ​ ២០១០ ទីបញ្ជាការ​នេះ​បាន​ស្នើសុំ​ផ្នែក​តូច​មួយ​នៃ​មូលដ្ឋានទ័ព​សមុទ្រ​រាម​ចំណុះ​ឲ្យ​កងទ័ព​ជើងទឹក​ធ្វើ​ជា​ទីតាំង​បណ្ដោះអាសន្ន​។

ទីបញ្ជាការ​ជួរមុខ​ គឺជា​មជ្ឈមណ្ឌល​សម្រាប់​បញ្ជា គ្រប់គ្រង និង​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​កម្លាំងចម្រុះ​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​លម្ហសមុទ្រ​។ មជ្ឈមណ្ឌល​នេះ​ប្រមូលផ្ដុំ​មន្ត្រី​ជំនាញ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​យោធា និង​នគរបាល និង​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​លម្ហ​សមុទ្រ ការគ្រប់គ្រង​ និង​វិភាគ​ព័ត៌មាន​សន្តិសុខ​លម្ហសមុទ្រ​ក៏ដូចជា​ការពារ​ព្រំដែន​ទឹក​។

ស្ថិត​ក្រោម​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​បរទេស​ជា​ដៃគូ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​បាន​ផ្ដល់​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច ការហ្វឹកហ្វឺន ដល់​ទីបញ្ជាការ​នេះ​។ ប៉ុន្តែ​លទ្ធផល​នៃ​ប្រតិបត្តិការ​នៅ​ទីនេះ​មាន​ទាំង​ជោគជ័យ និង​លំបាក​។

ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក គ.ជ.ស.ស. បាន​ធ្វើការ​សិក្សា​ពី​គម្រោង​ផ្លាស់ប្ដូរ​ទីតាំង​នេះ​យ៉ាង​ល្អិតល្អន់ ព្រមទាំង​បាន​ជូនដំណឹង​ដល់​ប្រទេស​ដៃគូ ជាពិសេស សហរដ្ឋ​អាមេរិក ដោយ​ឈរលើ​ស្មារតី​សហប្រតិបត្តិការ​។ ទោះបី​ជូនដំណឹង​រួចហើយ​ក្ដី គ.ជ.ស.ស. មិន​ដែល​ទទួលបាន​ការជំទាស់​ផ្លូវការ​ណាមួយ​ចំពោះ​ការប្ដូរ​ទីតាំង​នេះ​ទេ​។

គ.ជ.ស.ស. បញ្ជាក់ថា ទីបញ្ជាការ​ជួរមុខ​នៅ​កោះព្រាប​មាន​ទំហំ​ធំ ចំនួន​អគារ​ច្រើន ប៉ុន្តែ គ.ជ.ស.ស. ព្យាយាម​មិន​ឲ្យ​បាត់បង់​នូវ​សមិទ្ធផល​ដែល​ប្រទេស​ដៃគូ​បាន​ផ្ដល់​នោះទេ​។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ទីតាំង​ថ្មី​របស់​ទីបញ្ជាការ​ជួរមុខ​នឹង​ជួយ​សម្រួល និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ ដោយ​មានការកសាង​ផែ​សម្រាប់​ចត​នាវា ផ្ដល់​ភាពងាយស្រួល​ក្នុង​ការទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ជាតិ​នានា​ដែល​ពាក់ព័ន្ធ ព្រមទាំង​ឯករាជភាព​សម្រាប់​ការពង្រីក​ហេដ្ឋ​រចនាសម្ព័ន្ធ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ​តទៅ​ថ្ងៃ​អនាគត​»​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​អង្គការ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​កាសែត​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ថា កម្ពុជា​រុះរើ​អគារ​ដែល​កសាង​ឡើង​ដោយ​សហរដ្ឋអាមេរិក ហើយ​ថា ការពង្រីក​កំពង់ផែ​រាម​កំពុង​ដំណើរការ​ដោយ​មាន​ការគាំទ្រ​ពី​ចិន​។

ទោះយ៉ាងណា​ការរុះរើ​អគារ​ទីបញ្ជាការ​ជួរមុខ ក៏ដូចជា​ការពង្រីក​កំពង់ផែ​រាម មិនមែន​ជា​រឿង​ថ្មី​នោះឡើយ​។ កាលពី​ថ្ងៃទី​ ១ មិថុនា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការអភិវឌ្ឍ​កំពង់ផែ​នេះ នៅពេល​លោក​ចុះ​ពិនិត្យ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បើសិន​ជា​មើលឃើញ​យើង​ធ្វើ​អាហ្នឹង​បែរជា​ថា​អាហ្នឹង​ចិន​ជា​អ្នកធ្វើ ពិត​ហើយ​យើង​ត្រូវការ​និយាយ​ឲ្យ​ត្រង់ យើង​ត្រូវការ​ហិរញ្ញប្បទាន​ពី​ចិន ដើម្បី​មក​ធ្វើ​អាហ្នឹង​។ ប៉ុន្តែ​បើសិន​ជា​អស់លោក​ណា​ចង់​ដាក់​លុយ មក​យើង​ស្វាគមន៍​ទទួលយក​»​។

លោក​បាន​បន្តថា​៖ «​ហើយ​ខ្ញុំ​សុំ​ប្រកាស​តែមួយ​ទេ ដើម្បី​ឲ្យ​ច្បាស់​។ មូលដ្ឋាន​ជើងទឹក​រាម​នឹង​ស្វាគមន៍​គ្រប់​ប្រទេស​ទាំងអស់​ដែល​មាន​បំណង​ចូល​នាវាចម្បាំង​របស់​ខ្លួន​មក​សំចត ឈប់​សម្រាក ឬ​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​។ យើង​មិន​ធ្វើ​តែ​ជាមួយ​ចិន​ទេ អាមេរិក​ចង់​ធ្វើ​ក៏​សូម​អញ្ជើញ បារាំង​ចង់​ធ្វើ​ក៏​អញ្ជើញ កាណាដា​ចង់​ធ្វើ​ក៏​អញ្ជើញ ឥណ្ឌា​ចង់​ធ្វើ​ក៏​មក អង់គ្លេស​ចង់​ធ្វើ​ក៏​មក ជប៉ុន​ចង់​ធ្វើ​ក៏​មក អូស្ត្រាលី​ចង់​ធ្វើ​ក៏​មក មក​ចុះ​»​។

កម្ពុជា​ស្វាគមន៍​ទទួលយក​ជំនួយ​ទាំងអស់​ពី​ប្រទេស​នានា​រួមមាន​មកពី​អាមេរិក បារាំង ជប៉ុន ចិន និង​ប្រទេស​នានា​សម្រាប់​ការកសាង​ទីបញ្ជាការ​ជួរមុខ ក៏ដូចជា ការអភិវឌ្ឍ​កំពង់ផែ​រាម​។ ការពង្រីក​កំពង់ផែ​នេះ​ធ្វើឡើង​ដោយសារ​តែ​បទពិសោធ​លំបាក​របស់​កម្ពុជា​ដែល​ត្រូវយក​នាវា​ទៅ​ជួសជុល​នៅ​ប្រទេស​ថៃ​ និង​វៀតណាម​។ នៅពេល​សាងសង់​រួច កំពង់ផែ​រាម​នឹង​មាន​កន្លែង​ជួសជុល​នាវា ហើយ​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​បរទេស​ចូលមក​ជួសជុល​បាន​។ នេះ​បើ​តាម​ប្រសាសន៍​លោក​ ហ៊ុន សែន​។

លោក​បានបញ្ជាក់​ច្បាស់​ថា បើទោះបី​ជា​កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ចិន​សម្រាប់​ការអភិវឌ្ឍ​កំពង់ផែ​នេះ​ក៏ដោយ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​ទ័ព​បរទេស​ណាមួយ​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ព្រោះ​ជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​៕

វីដេអូ៖