ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា កម្ពុជា​ស្វាគមន៍​ការដំឡើង​កម្រិត​កិច្ចសហប្រតិបត្តិការ​មេគង្គ-កូរ៉េ​ខាងត្បូង​ ទៅជា​ «​ដៃគូ​យុទ្ធសាស្ត្រ​» ​តាម​ការស្នើសុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង កាង ក្យុងវ៉ា​។

ការគាំទ្រ​ឲ្យ​ដំឡើង​កម្រិត​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​ ១០ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃ​ចន្ទ ទី​ ២៨ កញ្ញា​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​។

ក្រសួង​ការបរទេស​បាន​ថ្លែងថា រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង កាង ក្យុងវ៉ា បាន​ប្រកាស​នៅក្នុង​អង្គប្រជុំ​អំពី​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ការដំឡើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ ទៅ​ជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។

ក្រសួង​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញ​ពី​ការស្វាគមន៍​យ៉ាងកក់ក្តៅ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​កម្ពុជា​ចំពោះ​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការដំឡើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​នេះ​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ​កាលពី​ឆ្នាំមុន​ក្នុង​ការដំឡើង​កម្រិត​យន្តការ​នៃ​កិច្ចប្រជុំ​នេះ​ទៅ​ដល់​កម្រិត​កិច្ចប្រជុំ​កំពូល​»​។

ដោយ​ផ្អែកលើ​លក្ខណសម្បត្តិ​របស់​កូរ៉េ​ខាង​ត្បូង​លោក ប្រាក់ សុខុន កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ការរួមចំណែក និង​ការយកចិត្ត​ទុកដាក់​ជា​ចម្បង​លើ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មេគង្គ និង​ការសម្រេច​ឲ្យ​បាន​នូវ​សហគមន៍​អាស៊ាន ដែល​ជា​វិសាលភាព​ដ៏ធំធេង​នៅក្នុង​ក្របខ័ណ្ឌ​នេះ​។

លោក​បន្ថែមទៀត​ថា​៖ «​ដោយ​ផ្តោតលើ​និរន្តរភាព​ដ៏យូរអង្វែង​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​យើងខ្ញុំ​មាន​ទស្សនៈ​ថា​ជំនួយ​អភិវឌ្ឍន៍​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​រឿង​ប៉ុណ្ណោះ​។ ក្នុង​អំឡុងពេល​នៃ​ការស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្រោយ​ការយក​ឈ្នះ ជំងឺ​រាតត្បាត​កូវីដ​ ១៩ ភាពធន់​នៃ​ប្រជាជាតិ​របស់​យើង​គឺ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​រៀងៗ​ខ្លួន ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​យើង​តាមរយៈ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​»​។

ក្រៅពី​ជំហរ​គាំទ្រ​ការដំឡើង​កម្រិត​កិច្ចសហប្រតិបត្តិការ​នេះ​លោក ប្រាក់ សុខុន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ មនុស្សធម៌​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ៣០ ​ម៉ឺន​ដុល្លារ​ ដែល​ជំនួយ​នេះ​ធ្វើឡើង​ក្នុង​រូប​ភាពជា​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

យោង​តាម​គេហទំព័រ​ក្រសួង​ការបរទេសមេគង្គ-កូរ៉េ​ ត្រូវ​បាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​ ២០១០ ​ដោយ​ផ្ដោតលើ​វិស័យ​អាទិភាព​ចំនួន​ ៦ រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ការរីកចម្រើន​បៃតង​ការអភិវឌ្ឍ​ធនធាន​ទឹក កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់ឃើញ​ថា នៅពេល​ដែល​កិច្ចសហប្រតិបត្តិ​ការឈាន​ដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ ការសម្រេច​នានា និង​សកម្មភាព​ជាក់ស្ដែង​ក្នុង​កិច្ចសហប្រតិបត្តិការ​នានា​មាន​ផលប្រយោជន៍​ខ្ពស់​។

លោក​ថា មកទល់​ពេល​នេះ កិច្ចប្រជុំ​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​មាន​ត្រឹមតែ​កម្រិត​រដ្ឋមន្ត្រី​ការបរទេស​ប៉ុណ្ណោះ មិនទាន់​ដល់​កម្រិត​កំពូល​ទេ​។ លោក​ថ្លែងថា ក្របខ័ណ្ឌ​គោលនយោបាយ​នេះ ដើរ​ស្រប​គ្នា​ទៅនឹង​គោលនយោបាយ​សម្លឹង​ទៅ​ទិស​ខាងត្បូង​របស់​សាធារណរដ្ឋ​កូរ៉េ​ដែល​សម្លឹងមើល​លើ​អាស៊ាន និង​ឥណ្ឌា​។ ដូច្នេះ​ប្រទេស​នៅ​តំបន់​មេគង្គ​មាន​ឱកាស​ក្នុង​ការទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​កូរ៉េ​ខាង​ត្បូង​៕