ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍​ការវិនិយោគ​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB) ​ក្នុង​ទឹកប្រាក់​ប្រមាណ ៩៧ ​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​នៅ​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​។

លោក​ចាត់ទុក​ការវិនិយោគ​នេះ​ថា ជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព និង​ផលិតកម្ម​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ EIB ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ធ្នូ​។ បើតាម EIB ទឹកប្រាក់ ៨០ ​លាន​អឺរ៉ូ ឬ​ប្រមាណ ៩៧ ​លាន​ដុល្លារ គឺជា​ប្រភេទ​ហិរញ្ញប្បទាន​សម្បទាន (​កម្ចី​) ដែល​នឹង​ត្រូវ​វិនិយោគ​លើ​​ «​គម្រោង​កែលម្អ​កសិកម្ម​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​» ហៅកាត់​ថា IAIP ដើម្បី​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ប្រព័ន្ធធារាសាស្ត្រ​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​។

លោក​ អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា​៖ «​គម្រោង​កែលម្អ​កសិកម្ម​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​ក៏​នឹង​ធ្វើឱ្យ​កម្ពុជា​អាច​បន្សាំ​ខ្លួន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​កែលម្អ​របៀប​ដែល​យើង​គ្រប់គ្រង​ទឹក​សម្រាប់​គោលដៅ​កសិកម្ម និង​សកម្មភាព​កសិកម្ម​ផ្សេងៗ​ទៀត​។ គម្រោង​នេះ គឺជា​គំរូ​ល្អ​មួយ​ដែល​បង្ហាញថា ដៃគូ​ផ្សេងៗ​អាច​រួម​សាមគ្គី​គ្នា​នៅ​ជុំវិញ​ទស្សនវិស័យ​មួយ និង​ធ្វើ​កិច្ចការ​ដើម្បីឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​មាំទាំ និង​វិបុលភាព​»​។

គម្រោង​កែលម្អ​កសិកម្ម ដែល​មាន​ប្រព័ន្ធធារាសាស្ត្រ​នេះ​នឹង​មាន​សារៈប្រយោជន៍​សម្រាប់​មនុស្ស​ ២០ ​ម៉ឺន​នាក់​នៅក្នុង​ខេត្ត​ចំនួន​ ៥ ដោយ​គ្របដណ្ដប់​លើ​ផ្ទៃដី​ដាំ​ដុះ​ទំហំ​ ៥ ​ម៉ឺន ១ ​ពាន់​ហិកតា​។ គម្រោង​វិនិយោគ​នេះ និង​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) រាជរដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ និង​រួមចំណែក​ដល់​ការអនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​សន្តិសុខ​ស្បៀង​។ នេះ​បើតាម EIB​។

EIB ថា គម្រោង​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​បង្កើត​នូវ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ធនធានទឹក​ថ្នាក់ជាតិ​ដែល​មាន​សារៈសំខាន់​ក្នុង​រយៈពេល​វែង ដើម្បី​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​បញ្ចៀស​ផលប៉ះពាល់​បង្កដោយ​បម្រែបម្រួល​អាកាសធាតុ​ទៅលើ​ការផ្គត់ផ្គង់​ទឹក និង​កសិកម្ម​។

លោក Christian Kettel Thomsen អនុប្រធាន​ធនាគារ EIB ថ្លែងថា គម្រោង​នេះ​ក៏​នឹងចូលរួម​ដល់​ការ​ស្តារឡើងវិញ​ផ្នែក​បរិស្ថាន​បន្ទាប់ពី​បញ្ចប់​បញ្ហា​កូវីដ​១៩​នៅ​កម្ពុជា ហើយ​ធនាគារ EIB មាន​មោទនភាព​ជាខ្លាំង​ដែល​រដ្ឋាភិបាល​ទទួលស្គាល់​ធនាគារ​នេះ​ថា ជា​ដៃគូ​ដ៏ល្អ​មួយ​។

ស្រដៀង​គ្នា​នេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថ្លែងថា ជាមួយ​នឹង​គម្រោង​ថ្មី​នេះ ក្រុមការងារ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​ឡើងវិញ​ប្រកបដោយ​ភាព​បៃតង និង​បរិយាប័ន្ន​នៅក្រោយ​កូវីដ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ដ៏សំខាន់​នេះ​។

គម្រោង​កែលម្អ​កសិកម្ម​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​នេះ ជា​គម្រោង​ទី​ ៣ ​ហើយ​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ធនាគារ EIB​។ គិត​ចាប់ពី​ពេលដែល​ធនាគារ​នេះ​មាន​វត្តមាន​នៅ​កម្ពុជា​នៅ​ឆ្នាំ ២០១៨ ទឹកប្រាក់​ប្រមាណ​ ២៧១ ​លាន​ដុល្លារ​ត្រូវ​បាន​វិនិយោគ​៕