
លោក វង្ស ពិសេន បានទៅទស្សនកិច្ចផ្លូវការនៅប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៣ ខែមករា។ រូបថត RCAF
ភ្នំពេញៈ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចផ្លូវការនៅប្រទេស មីយ៉ាន់ម៉ា រយៈពេល ៤ ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងវិស័យយោធាប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលប្រទេសទាំង ២ ប្រារព្ធខួបទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។
លោក វង្ស ពិសេន បានទៅទស្សនកិច្ចផ្លូវការនៅប្រទេស មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មករា ហើយកាលពីថ្ងៃទី ១៤ មករា លោកត្រូវបានទទួលស្វាគមន៍ដោយលោក Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា និងលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយព័ត៌មានដោយក្រសួងការពារជាតិកម្ពុជាពីម្សិលមិញ។
លោក វង្ស ពិសេន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាគោលបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឱ្យមានការរៀបចំប្រារព្ធពិធីរំឭកខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតឱ្យបានពិសេស។
តាមការចុះផ្សាយរបស់ក្រសួងការពារជាតិបានដកស្រង់សម្ដីលោក វង្ស ពិសេន ថា៖ «ក្នុងដំណើរទស្សនកិច្ចនេះ លោក( វង្ស ពិសេន) មានបំណងចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពនៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំដោយក្នុងនោះលោកស្នើឱ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើការផ្លាស់ប្ដូរព័ត៌មាន ការងារសន្ដិសុខ ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែនភេរវកម្មការជួញដូរមនុស្សការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្តបន្ថែមការបណ្ដុះបណ្ដាលធនធានមនុស្ស»។
ក្រសួងការពារជាតិបានបញ្ជាក់ដែរថាលោកស្រី អ៊ុងសាន ស៊ូជី ក៏បានទទួលយកការអញ្ជើញពីរដ្ឋាភិបាលកម្ពុជាដើម្បីមកចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ ២០២០ នៅពេលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចសុំការបញ្ជាក់បន្ថែមជុំវិញទំនាក់ទំនងវិស័យយោធាកម្ពុជា-មីយ៉ាន់ម៉ាបានទេកាលពីម្សិលមិញ ដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា កម្ពុជា-មីយ៉ាន់ម៉ាមានទំនាក់ទំនងជាប្រពៃណីយូរណាស់មកហើយ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានពង្រឹងបន្ថែមនៅពេលប្រទេសទាំង ២ បានក្លាយជាសមាជិកអាស៊ានដែលជាសហគមតែមួយមានវាសនាតែមួយ ។
លោកថា៖ «កន្លងមកយើងមើលទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ាគឺមានលក្ខណៈទូទៅ និងធម្មតាមិនមានអីឱ្យពិសេសដាច់ដោយឡែកដើម្បីសង្កត់ធ្ងន់ឱ្យសំខាន់ណាស់នោះទេ។ យើងគ្រាន់តែមានទំនាក់ទំនងជារួមទាំងវិស័យទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច ដោយអត់មានអ្វីមួយឱ្យលេចធ្លោសំខាន់នោះទេ»។
លោក គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងមីយ៉ាន់ម៉ាពេលនេះគឺមានលក្ខណៈធម្មតា ជាពិសេសលើវិស័យអប់រំ និងសាសនា ដោយសារប្រទេសទាំង ២ កាន់ព្រះពុទ្ធសាសនាដូចគ្នា។ រីឯក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជា-មីយ៉ាន់ម៉ា តែងតែផ្ដល់ការគាំទ្រឱ្យគ្នាទៅវិញទៅមកជុំវិញបញ្ហាតំបន់ និងពិភពលោកដោយសារប្រទេសទាំង ២ មានទម្រង់ដឹកនាំ និងការអភិវឌ្ឍប្រហែលគ្នា។
លោកថា៖ «បើយើងនិយាយអំពីការដោះដូរពាណិជ្ជកម្ម និងក្របខ័ណ្ឌលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិយើងឃើញថា វាមិនសូវមានលក្ខណៈស៊ីជម្រៅដុំកំភួន ឬលក្ខណៈយុទ្ធសាស្ដ្រអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ខ្ញុំមើលទៅក្នុងវិស័យយោធាគឺក្របខ័ណ្ឌក្នុងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង ២ ក្នុងកម្រិតធម្មតាដែរ ហើយយើងមើលឃើញថា ប្រទេសទាំង ២ មានទស្សនៈរួមលើបញ្ហាសន្ដិសុខក្នុងតំបន់ និងពិភពលោក»៕