ភ្នំពេញៈកម្ពុជានិងកាតាអាចនឹងពិចារណាពិនិត្យមើលឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង ឆ្នាំ២០១១ ពាក់ព័ន្ធការបញ្ជូនពលករបម្រើការងារកម្ពុជាទៅកាន់ប្រទេសកាតាក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងធុរជនទៅកាន់រដ្ឋកាតា ក្នុងពេលឆាប់ៗនេះ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ៤។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង និង ឧបការីការបរទេសនៃរដ្ឋកាតា លោក Mohamed Abdulla AL-Rumaihi អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា កន្លងមកភាគីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងមួយចំនួន ហើយមានកិច្ចព្រមព្រៀងខ្លះ បានឯកភាពគ្នា ប៉ុន្តែនៅមិនទាន់បានចុះហត្ថលេខានៅឡើយ ក្នុងនោះ អនុស្សរណៈយោគយល់ចំនួន៤ អាចនឹងត្រូវចុះហត្ថលេខាយល់ព្រម ក្នុងទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូកម្ពុជា ទៅកាន់រដ្ឋកាតា ក្នុងពេលឆាប់ៗនេះ។
អនុស្សរណៈទាំងនោះរួមមាន ទី១.ស្តីពីការពិគ្រោះយោបល់ រវាងក្រសួងការបរទេសទាំងពីរ ទី២.ស្តីពីវិស័យអប់រំ វិស័យស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ទី៣. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងពាណិជ្ជកម្ម និងទី៤. កិច្ចព្រមព្រៀងស្តីពីការការពារ និងជំរុញវិនិយោគនៃប្រទេសទាំងពីរទៅវិញទៅមក។
លោក កុយ គួង បានបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានលើកឡើងនូវកិច្ចព្រមព្រៀងឆ្នាំ២០១១ ពាក់ព័ន្ធនឹងរឿងបញ្ជូនពលករខ្មែរទៅធ្វើការនៅកាតា តែមិនទាន់ត្រូវបានផ្តល់សច្ចាប័ននៅឡើយ។
លោកថា៖ «កិច្ចព្រមព្រៀងនេះ មិនទាន់បានអនុវត្ត ដោយសារប្រទេសទាំងពីរ នៅមិនទាន់មានទីភ្នាក់ងារទាំងសងខាងដើម្បីបញ្ជូនពលករ និងពិនិត្យមើលលើបញ្ហានានានៅឡើយ...រឿងសុវត្ថិភាពហ្នឹង អាចជាចំណុចដែលត្រូវសិក្សាឲ្យហ្មត់ចត់។ ភាគច្រើន ពលករខ្មែរយើង គឺបម្រើសេវាទូទៅ ដូចជាតាមសណ្ឋាគារនិងតាមសំណង់ជាដើម»។
ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការឆ្លើយបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេកាលពីម្សិលមិញ។
លោកស្រី លឹម មុន្នី អនុប្រធានកម្មវិធីផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក ដែលបានធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងពលករខ្មែរចំណាកស្រុក បានឲ្យដឹងថា រហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់មានពលករដែលជាជនរងគ្រោះមកពីរដ្ឋកាតានោះទេ បើទោះបីជាក្រសួងការងារ បានផ្តល់អាជ្ញាប័ណ្ណទទួលស្គាល់ក្តី។
លោកស្រីបន្តថា៖ «យើងស្វាគមន៍បើមានការបញ្ជូនពលករទៅកាតា តែត្រូវសិក្សាពីសុវត្ថិភាព និងប្រាក់ចំណូលសមរម្យរបស់ពលករខ្មែរជាមុនសិន»។
ក្នុងជំនួបដដែលនោះ បើតាមលោក កុយ គួង ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ ប៉ុន្តែកន្លងមក វិស័យវិនិយោគ ទេសចរណ៍ ពាណិជ្ចកម្ម និងវិស័យផ្សេងទៀតនៅមានកម្រិតទាបដែលទាមទារការជំរុញបន្ថែមទៀត។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ហោ ណាំហុង ក៏បានស្នើសុំហិរញ្ញប្បទាន (កម្ចីមានការប្រាក់ទាប)ពីរដ្ឋកាតា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
លោក គួង បញ្ជាក់ថា៖«កាតា មានចំណែកនៅក្នុងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលហៅថា AIIB ផ្តួចផ្តើមដោយចិន ដូច្នេះតាមរយៈធនាគារនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីស្នើឲ្យកាតាផ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍកម្ពុជាមួយចំនួន»។
លោក កុយ គួង បានបន្តថា ជាការឆ្លើយតប Mohanmed Abdulle AI-Rumaihi បានលើកឡើងថា៖«មិនមែនខ្ចីត្រឹមតែធនាគារនេះមួយទេ គឺប្រទេសទាំងពីរ អាចធ្វើឡើងតាមរយៈទំនាក់ទំនងទ្វេភាគីឬកិច្ចពិគ្រោះយោបល់សហប្រតិបត្តិការអាស៊ីផ្ទាល់តែម្តង»៕