ភ្នំពេញៈ កម្ពុជានឹងចាប់ផ្តើមប្រមូលបទពិសោធពីប្រទេសដទៃដើម្បីឈានដល់ការចាត់វិធានការហាមឃាត់ការនាំចូល និងការប្រើប្រាស់នូវសារធាតុ Asbestos បន្ទាប់ពីរកឃើញថាសារធាតុទម្រង់សរសៃនៃអំបិលរ៉ែនេះបានកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
ក្នុងសន្និសីទសារព័ត៌មានស្តីពីសារធាតុ Asbestos កាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈលោក អ៊ិត សំហេង បានថ្លែងថាបច្ចុប្បន្នសារធាតុ Asbestos ត្រូវបានប្រើច្រើនជាង ៣០០០ ប្រភេទនៅក្នុងផលិតផលដូចជាហ្វ្រាំងឡាន អំហ្វ្រីយ៉ាឡានជាដើមហើយចាប់តាំងពីឆ្នាំ ១៩៨០ មក សារធាតុនេះត្រូវបានកាត់បន្ថយទាំងការប្រើប្រាស់ការផលិតព្រមទាំងបញ្ឈប់ការប្រើប្រាស់ក្នុងប្រទេសមួយចំនួននៅឡើយតែប្រទេសមួយចំនួនក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកបន្តថា សារធាតុ Asbestos ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជាឧស្សាហកម្មវិស្វកម្ម វាយនភ័ណ្ឌ និងការផលិតគ្រឿងបន្លាស់នានាដែលឥទ្ធិពលរបស់សារធាតុនេះធ្វើឲ្យប៉ះពាល់រយៈពេលវែងចំពោះសុខភាពរបស់អ្នកប្រើប្រាស់ទាំងដោយផ្ទាល់ និងដោយប្រយោល។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា៖ «ឥឡូវយើងកំពុងតែចាប់ផ្តើមសិក្សាហើយក្រោយពេលសិក្សាហើយយើងនឹងចាត់វិធានការដូចទៅនឹងប្រទេសនានាដែរដោយសុំគោលការណ៍ពីរាជរដ្ឋាភិបាលហាមនាំចូល និងការប្រើប្រាស់សារធាតុ Asbestos ដើម្បីធានាកុំឲ្យមានជំងឺវិជ្ជាជីវៈទៅថ្ងៃអនាគត»។
លោក បណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារបានឲ្យដឹងថាសារធាតុ Asbestos ដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានរកឃើញច្រើនក្នុងការងារសំណង់ដែលសារធាតុនេះមាននៅក្នុងហ្វ្រាំងឡាន អំហ្វ្រីយ៉ាឡាន ស៊ីម៉ងតិ៍ ហើយត្រូវបានយកទៅលាយក្នុងសារធាតុផ្សេងៗទៀតដើម្បីក្លាយជាវត្ថុធាតុផ្ស៊ាំទៅនឹងកម្តៅសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោកថា៖ «បញ្ហាកើតឡើងច្រើនលើផ្នែកសំណង់ដល់បងប្អូនកម្មករអំឡុងពេលបំពេញការងារជាប្រចាំហើយជំងឺបីធំជាងគេដែលបណ្តាលមកពីការស្រូបនូវសារធាតុ Asbestos គឺរលាកសួត មហារីកស្រោមសួត និងមហារីកសួត»។
សន្និសីទស្តីពី Asbestos ក៏មានការចូលរួមគូសបង្ហាញពីបទពិសោធរបស់អ្នកជំនាញមកពីប្រទេសកូរ៉េ ជប៉ុន វៀតណាម ឡាវ អូស្ត្រាលី និងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត ឡេង តុង កម្ពុជានឹងបន្តធ្វើការសិក្សាថាតើសារធាតុ Asbestos អាចនឹងមានក្នុងផលិតផលអ្វីផ្សេងទៀតដើម្បីកម្ពុជាអាចត្រៀមបង្ការ និងការពារបានទាន់ពេល។
តំណាងនាយកដ្ឋានបង្ការការពារវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលលោកស្រី ឡាក់ មួយស្រ៊ាង បានឲ្យដឹងដែរថាក្រៅពីបញ្ហាសួតសារធាតុ Asbestos ក៏បានបង្កនូវផលប៉ះពាល់ទៅលើតម្រងនោមដូចជា ខ្សោយតម្រង់នោម មហារីកប្លោកនោម និងមហារីកតម្រងនោមផងដែរ។
លោកស្រីថ្លែងថា៖ «ភាគច្រើនពលរដ្ឋកម្ពុជាតាមជនបទគាត់ត្រងទឹកភ្លៀងទៅញ៉ាំទឹកដែលហូរតាម ហ្វ្រីប្រ៉ូស៊ីម៉ងត៍ដែលមានសារធាតុ Asbestos ហើយយូរៗទៅក៏បង្កនូវបញ្ហាតម្រងនោមជាច្រើន»។
ក្នុងសន្និសីទនេះដែរប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក សរ ម៉ូរ៉ា បានថ្លែងថាកម្មករនៅកម្ពុជាភាគច្រើនមិនបានគិតដល់បញ្ហាប្រឈមដែលកើតឡើងលើសុខភាពរបស់ខ្លួនតាមរយៈសារធាតុ Asbestos នេះឡើយដោយហេតុថាការយល់ដឹងនៅមានកម្រិត និងការចាត់ទុកប្រាក់ឈ្នួលសំខាន់ជាងបញ្ហាសុខភាព។
លោកបានថ្លែងថា៖ «ថ្វីបើសញ្ញាណនៃជំងឺនេះអាចកើតឡើងនៅចន្លោះពី ១០ ទៅ ១៥ ឆ្នាំខាងមុខក្តីតែជំងឺទាំងនោះគឺកាចសាហាវបើយើងមិនគិតគូរ ឬបង្កើតច្បាប់ការពារពីឥឡូវនេះទេប្រាកដណាស់គឺកម្ពុជានឹងប្រឈមនូវបញ្ហាបាត់បង់ធនធានមនុស្សទៅថ្ងៃខាងមុខ»។
បើតាមតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោក Steven Iddings បានលើកឡើងក្នុងអង្គសន្និសីទនេះថាសារធាតុ Asbestos នេះបានបណ្តាលឲ្យមនុស្សប្រមាណជា ១២៥ លាននាក់ប្រឈមនឹងបញ្ហាសុខភាពនៅកន្លែងធ្វើការ និងប្រមាណ ១ ម៉ឺន ៧ ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ៕