ភ្នំពេញៈ ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ចេញប្រតិកម្មដោយបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍ស្តីពីកម្ពុជារបស់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងបានចោទអង្គការមួយនេះថាបានរំលោភដែនសមត្ថកិច្ចរបស់ខ្លួន និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលចេញកាលពីថ្ងៃទី ១៤ ខែឧសភា។
សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ១១ ខែឧសភា បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍របស់ប្រទេសកម្ពុជាដែលបានតម្កល់សាលដីកាសមាជិក និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបពីបទ «កុបកម្ម» និងចោទរដ្ឋាភិបាលកម្ពុជាថាបាននិងកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកមានមតិជំទាស់នានា។
សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា៖ «ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំងដោយសង្កេតឃើញថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកំពុងតែរំលោភដែនសមត្ថកិច្ចរបស់ខ្លួនដូចដែលបានចែងនៅក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាទអង្គការសហប្រជាជាតិ...»។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា OHCHR មានភារកិច្ចផ្តល់នូវជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជាហើយ «ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍អង្គការសហប្រជាជាតិជាពិសេសមាត្រា ២.៧ នៃធម្មនុញ្ញរបស់ខ្លួនដែលបានចែងថាពុំមានចំណុចណាមួយនៅក្នុងធម្មនុញ្ញនេះផ្តល់សិទ្ធិឲ្យអង្គការសហប្រជាជាតិធ្វើការអន្តរាគមន៍ទៅក្នុងបញ្ហាដែលកើតមានឡើង នៅក្នុងយុត្តាធិការផ្ទៃក្នុងរបស់រដ្ឋណាមួយនោះឡើយ»។
សេចក្តីប្រកាសព័ត៌មាននេះគូសបញ្ជាក់ទៀតថា៖ «ពុំមានបញ្ញត្តិណាមួយ ចាត់តាំងឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើរតួនាទីជាអ្នកត្រួតពិនិត្យក្នុងការចង្អុលឈ្មោះ និងបន្តុះបង្អាប់ការអនុវត្តការងាររបស់ស្ថាប័នកម្ពុជាណាមួយឡើយ...ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមិនគ្រាន់តែធ្វើព្រងើយកន្តើយ ចំពោះគោលការណ៍ និង ចំពោះអ្វីដែលបានព្រមព្រៀងគ្នាហើយប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានរំលោភយ៉ាងច្បាស់លើដែនអាណត្តិរបស់ខ្លួន តាមរយៈការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ពិសេសការរំលោភដែនអំណាចតុលាការ និងនីតិប្រតិបត្តិដែលស្ថាប័នទាំង ២ នេះគ្រាន់តែអនុវត្តនូវភារកិច្ចស្របច្បាប់របស់ខ្លួនដើម្បីពង្រឹងបន្ថែមនូវនីតិរដ្ឋរបស់ប្រទេសកម្ពុជា»។
យោងតាមកំណត់ហេតុសង្ខេបស្តីពីប្រទេសកម្ពុជាដោយអ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវចេញកាលពីថ្ងៃទី ១១ ខែឧសភា បានសម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេចផ្តន្ទាទោស សមាជិក និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងចំនួន ១១ រូបពីបទ «កុបកម្ម»។
កំណត់ហេតុសង្ខេបនោះបានគូសបញ្ជាក់ដូច្នេះថា៖ «សមាជិកគណបក្សសង្គ្រោះជាតិទាំង ១១ រូបនេះដែលត្រូវបានជាប់ឃុំអស់រយៈពេលជិត ៣ ឆ្នាំទៅហើយហាក់ត្រូវបានផ្តន្ទាទោស ដោយសារតែទស្សនៈនយោបាយរបស់ពួកគេ និងដោយសារតែការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន។ កន្លងមកយើងបានលើកឡើងពីកង្វល់ដែលថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកមានមតិជំទាស់នានា»។
កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសមន្ត្រី និងសកម្មជន អតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបពីបទកុបកម្ម និងដឹកនាំធ្វើកុបកម្មពាក់ព័ន្ធនឹងការតវ៉ាមួយដែលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមសន្តិសុខខណ្ឌដូនពេញ និងអ្នកតវ៉ាដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤។
លោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិ ថ្លែងថាអង្គការសហប្រជាជាតិជាអង្គការកំពូលនៅលើពិភពលោកហើយកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលយកអនុស្សរណៈ និងបទដ្ឋានអន្តរជាតិជាច្រើនតាំងពីសិទិ្ធមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យដូច្នេះរដ្ឋាភិបាលគួរតែអនុវត្តតាមកិច្ចព្រមព្រៀងនោះ។
លោក ច័ន្ទនី បញ្ជាក់ថា៖ «ដូច្នេះអង្គការសហប្រជាជាតិជាម៉ែជាឪ ហើយនៅពេលដែលយើងរំលោភទៅលើកិច្ចព្រមព្រៀងហ្នឹងហើយ ដូច្នេះគេត្រូវរកខុសរកត្រូវហើយ...ការឆ្លើយរបស់គាត់គឺជារឿងទាល់ច្រកទេ គាត់ចេះតែថាតាមមេរបស់គាត់នៅភ្នំពេញ ហើយអង្គការសហប្រជាជាតិ គេមានគោលការណ៍របស់គេច្បាស់លាស់ណាស់ មិនរំលោភកិច្ចការផ្ទៃក្នុងណាទេ តែគេក៏មិនទុកឲ្យប្រទេសមួយនោះស្លាប់ ដោយការរំលោភសិទ្ធិសម្លាប់ប្រជាពលរដ្ឋដែរ»។
លោកគូសបញ្ជាក់បន្ថែមថា៖ «យើងប្រជារាស្ត្រនៅក្នុងប្រទេសមួយដែលទទួលរងការគំរាមកំហែងរាល់ថ្ងៃ រំលោភដីធ្លីសព្វគ្រប់បែបយ៉ាង រំលោភឆន្ទៈទាំងនេះយើងទទួលយកមិនបានទេ...យើងគាំទ្រការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីឲ្យគេជួយស្វែងរកដំណោះស្រាយឲ្យយើង»។
លោក Paul Chambers សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan បានថ្លែងថា OHCHR មានភារកិច្ចការពារសិទ្ធិទាំងអស់ដែលបានបង្កើតឡើងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់សិទ្ធិមនុស្សអន្ដរជាតិដូចគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សដែលត្រូវបានផ្តល់សច្ចាប័ន ដោយប្រទេសកម្ពុជា និងដោយឆ្លុះបញ្ចាំងពីអាណត្តិនេះ OHCHR បានអំពាវនាវឱ្យប្រទេសកម្ពុជាដោះលែងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដែលគេឃុំខ្លួនហើយបានសម្តែងការខកចិត្តចំពោះការតម្កល់ទោសរបស់សាលាឧទ្ធរណ៍នៅកម្ពុជាដែលសម្រេចបន្តឃុំខ្លួនសមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបឲ្យជាប់ពន្ធនាគារពី ៧ ទៅ ២០ ឆ្នាំ។
លោកគូសបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលកម្ពុជាមិនមានមូលដ្ឋានច្បាប់ ដើម្បីអះអាងថា OHCHR បានរំលោភលើអាណត្តិរបស់ខ្លួនដោយគ្រាន់តែបង្ហាញពីការព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់សាលាឧទ្ធរណ៍ នៅពេលដែលអាណត្តិរបស់ OHCHR មានគោលបំណងច្បាស់លាស់ដើម្បីការពារសិទ្ធិមនុស្សដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវបានផ្តល់សច្ចាប័នដោយប្រទេសកម្ពុជា»៕