ភ្នំពេញៈ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានកាលថ្ងៃព្រហស្បតិ៍ថា ទិដ្ឋាការសម្រាប់ទេសចរនិងធុរកិច្ចនឹងត្រូវដំឡើងចំនួន ១០ដុល្លារដោយចាប់ផ្តើមចូលជាធរមាននៅខែតុលា ខាងមុខនេះ។
ក្រសួងបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានទៅជនបរទេសដែលចង់ចូលមកប្រទេសកម្ពុជាថា តម្លៃថ្មីសម្រាប់ទិដ្ឋាការទេសចរគឺតម្លៃ ៣០ ដុល្លារ និងទិដ្ឋាការធុរកិច្ចគឺ ៣៥ ដុល្លារ។
សេចក្តីប្រកាសនេះបន្តថា៖ «តម្លៃទិដ្ឋាការថ្មីនេះនឹងដាក់ឲ្យចូលជាធរមានពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤»។
ទិដ្ឋាការបច្ចុប្បន្នគឺមានតម្លៃប្រមាណ ២០ ដុល្លារសម្រាប់ទិដ្ឋាការទេសចរនិង ២៥ ដុល្លារសម្រាប់ទិដ្ឋាការធុរកិច្ច។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរបានថ្លែងថា តម្លៃទិដ្ឋាការថ្មីនេះគឺត្រូវបានពិភាក្សាគ្នាក្នុងចំណោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការបរទេស ដែលប្រៀបធៀបនឹងប្រទេសដទៃៗនៅក្នុងតំបន់និងពិភពលោក។
លោកបានថ្លែងបន្តថា តម្លៃ បច្ចុប្បន្ន សម្រាប់ទិដ្ឋាការចូលមកប្រទេសកម្ពុជាត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៧ ហើយវានឹងផ្លាស់ប្តូរ ហើយវានឹងមិនប៉ះដល់ជនបរទេសដែលចង់មកប្រទេសកម្ពុជាទេ។
លោកបន្តទៀតថា៖ «យើងឥឡូវនេះដំឡើងតម្លៃនេះ ប៉ុន្តែយើងនឹងពិចារណាការលើកលែងទិដ្ឋាការជាមួយប្រទេសដទៃៗនៅពេលក្រោយដើម្បីទាក់ទាញទេសចរ ហើយយើងត្រូវការបង្កើនថវិកាផងដែរ»។ PS