ភ្នំពេញៈ កម្ពុជានឹងមិនប្រញាប់ប្រញាល់ឲ្យថៃចាប់ផ្តើមការចរចា អំពីរបៀបអនុវត្តសាលដីកាថ្ងៃ ទី១១ វិច្ឆិកា របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ពាក់ព័ន្ធនឹងដីជុំវិញប្រាសាទព្រះវិហារ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានថ្លែងកាលពីម្សិលមិញ។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតចិន លោកស្រី Bu Jianguo លោក ខៀវ កាញារីទ្ធ បានថ្លែងថា រដ្ឋាភិបាល ចង់ទុកពេលឲ្យនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដកដង្ហើមឲ្យបានស្រួលសិន ខណៈលោកស្រីកំពុងដោះស្រាយបញ្ហាសម្ពាធក្នុងស្រុក។
លោកស្រី យីងឡាក់ ប្រឈមនឹងការតវ៉ាធំៗប្រឆាំងរដ្ឋាភិបាលពាក់ព័ន្ធនឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនិងសេចក្តីព្រាងច្បាប់លើកលែងទោសនយោបាយដែលមានលក្ខណៈចម្រូងចម្រាសនិងសំណើផ្លាស់ប្តូររដ្ឋធម្មនុញ្ញថៃដទៃៗទៀត។
លោក ខៀវ កាញារីទ្ធ បានថ្លែងកាលពីម្សិលមិញថា៖ «ដោយសារឥឡូវនេះ យើងបានឈ្នះនៅ ICJ យើងមិនចង់ឲ្យពួកជ្រុលនិយមថៃ ប្រើបញ្ហានេះដាក់សម្ពាធបន្ថែម ទៅលើរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ទេ»។
លោកបន្តទៀតថា៖ «ប្រសិនបើលោកស្រី អាចដោះស្រាយបញ្ហានេះបាន លោកស្រីអាចនឹងមិនទទួលវាសនា ដូចបងប្រុសរបស់លោកស្រី [លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានបណ្តេញចេញពីតំណែង] ទេ។ លោកបន្តទៀតថា៖ «យើងមិនចង់ប្រញាប់ប្រញាល់ឬដាក់សម្ពាធទៅលើថៃទេ ពីព្រោះយើងដឹងថា យើងបានឈ្នះសំណុំរឿងនេះរួចហើយ»។
សាលដីកា ICJ កាលពីសប្តាហ៍មុន បានបញ្ជាក់បំភ្លឺអំពីអធិបតេយ្យរបស់កម្ពុជា ទៅលើតំបន់ទាំងមូលនៃប្រាសាទព្រះវិហារ។ ប្រទេសទាំងពីរ នៅត្រូវការការឯកភាពគ្នា ស្តីពីរបៀបកំណត់ខណ្ឌសីមា តំបន់ទាំងនេះ នៅលើផ្ទៃដីជាក់ស្តែង។ បញ្ហានៃតំបន់ ៤,៦ គីឡូម៉ែត្រការ៉េ ដែលលើកឡើងដោយភាគីថៃ នៅមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ ហើយក៏នឹងត្រូវដោះស្រាយផងដែរ ដោយទ្វេភាគី ឬតាមរយៈយន្តការអាស៊ាន។

រដ្ឋាភិបាលថៃ បានថ្លែងថា ខ្លួនមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ ចំពោះសេចក្តីសម្រេចរបស់ ICJ ហើយនឹងមិនដកទ័ពទេ រហូតដល់ភាគីទាំងពីរបានជួបប្រជុំគ្នា។
អ្នកនាំពាក្យក្រសួង ការបរទេស ថៃ លោក Sek Wannamethee កាលពីម្សិលមិញ បានស្វាគមន៍ ពាក្យសម្តីរបស់លោក ខៀវ កាញារីទ្ធ។ លោកថ្លែងថា៖ «ខ្ញុំគិតថា វាឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់អំពីអ្វីដែលរដ្ឋមន្រ្តីការបរទេសទាំងពីរ បានប្រកាសកាលពីថ្ងៃ ទី២៨ តុលា»។
លោកបន្តថា៖ «ដំបូង កម្ពុជានិង ថៃ ត្រូវឆ្លងកាត់ដំណើរការផ្ទៃក្នុង ហើយយើងទាំងពីរយល់ថា នៅខាងថៃ ដោយសារតែសង្គមប្រជាធិបតេយ្យបើកចំហ វានឹងមានទស្សនៈផ្សេងៗលើលទ្ធផលនៃសាលដីកានោះ»។
លោកបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង បានថ្លែងថា លោកយល់ទាំងស្រុងអំពីបញ្ហានេះ។ លោក Wannamethee បានបន្ថែមថា គណៈកម្មាធិការរបស់ថៃ នឹងធ្វើការប្រជុំគ្នានៅថ្ងៃនេះដើម្បី «សិក្សានិងវិភាគសាលដីកានេះ» ខណៈការបកប្រែភាសាថៃផ្លូវការ នៃសាលដីកានេះ នៅកំពុងត្រូវបានអនុម័តនៅឡើយ។
អ្នកវិភាគនយោបាយក្នុងស្រុក បានរិះគន់ជំហររបស់រដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ។
លោកបណ្ឌិត សុខ ទូច អ្នកវិទ្យាសាស្រ្តនយោបាយ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមរៈ បានថ្លែងថា រដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់មានកាតព្វកិច្ចគោរពតាមសាលដីការបស់ ICJ។
លោកបានបន្តថា៖ «នេះជាដំណោះស្រាយដែលដោះស្រាយបញ្ហាបូរណភាពទឹកដី និងអធិបតេយ្យដូច្នេះមិនចាំបាច់ទុកពេលវេលាឲ្យថៃ ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនទេ»។ «ប្រសិនបើថៃបរាជ័យ មិនគោរពតាមសាលដីកា កម្ពុជា មានសិទ្ធិប្រើមធ្យោបាយណាមួយ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ ICJ ដែលថៃបរាជ័យមិនគោរពតាម»។
លោកបន្តថា៖ «អ្នកនយោបាយមិនគួរមានមនោសញ្ចេតនាទេ មិនថាជាបញ្ហាផ្ទាល់ខ្លួន ឬគ្រួសារទេ បញ្ហាដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិ កម្ពុជាអាចអនុវត្តបញ្ជារបស់តុលាការលើប្រជាជនខ្មែរខ្លួនឯងបាន ចុះហេតុអ្វីមិនព្រមអនុវត្តលើជាតិសាសន៍ដទៃ?»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមិត្តភក្តិជិតស្និទ្ធ ជាមួយលោក ថាក់ស៊ីន ដែលគេជឿផងដែរថា លោក ថាក់ស៊ីន មានឥទ្ធិពលនៅពីក្រោយរដ្ឋាភិបាលប្អូនស្រីរបស់គាត់ បើទោះបីជាគាត់ រស់នៅនិរទេសក៏ដោយ។
អ្នកវិភាគនយោបាយលោក កែម ឡី បានថ្លែងថា បើទោះបីជាបន្ទាត់ព្រំដែន នឹងត្រូវការបង្កើតដោយគណៈកម្មការព្រំដែនចម្រុះក៏ដោយ ក៏រដ្ឋាភិបាលថៃ គ្មានហេតុផលណា ដែលត្រូវរង់ចាំការដកទ័ពពីតំបន់ប្រាសាទដែរ។
លោកបានថ្លែងបន្តថា៖ «កងទ័ពនិងឆ្មាំព្រំដែនទាំងអស់គួរដកចេញទាំងស្រុងហើយពួកគេត្រូវតែគោរពសាលដីកា នេះជាឆន្ទៈដែលថៃត្រូវតែធ្វើដោយស្ម័គ្រចិត្ត»។ លោកបន្តថា៖ «ថៃត្រូវតែដោះស្រាយជម្លោះផ្ទៃក្នុងដោយខ្លួនឯង...បើមិនដូច្នោះមិនគោរព ICJ ឬអង្គការសហប្រជាជាតិទេ»៕ PS