The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​និង​ថៃ​ព្រម​បង្កើត​ច្រក​សម្រាប់​ពលករ




កម្ពុជា​និង​ថៃ​ព្រម​បង្កើត​ច្រក​សម្រាប់​ពលករ

កម្ពុជា​និង​ថៃ​ព្រម​បង្កើត​ច្រក​សម្រាប់​ពលករ

20140502_03
ពលរដ្ឋខ្មែរសម្រុកទៅធ្វើការនៅថៃ តាមច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ហេង ជីវ័ន

ភ្នំពេញៈ មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្ពុជា និង ថៃ បាន​ព្រម​ព្រៀង​បង្កើត​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៅ​ក្នុង​ខេត្ត​ចំនួន ៣ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលករ ខ្មែរ ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ ប្រទេស​ថៃ ដើម្បី​ចៀសវាង​ការ​ឆបោក​ពី​មេ​ខ្យល់ និង​ការ​បាញ់​ប្រហារ​តាម​ព្រំដែន។

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​ពិធី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​កាល​ពី​ម្សិលមិញ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ កោះ​ពេជ្រ ថា ក្រសួង​ការងារ​បាន​ជួប​ជាមួយ​ភាគី ថៃ កាល​ពី​ដើម​សប្តាហ៍​នេះ ដែល​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​រវាង កម្ពុជា និង ថៃ ក្នុង​ការ​ផ្លាស់​ប្តូរ​ពលកម្ម។ «ភាគី​ខ្មែរ​បាន​រៀបចំ​នូវ ៣ ច្រក​ចេញ​ចូល​តែ​មួយ​គឺ​នៅ ខេត្ត​កោះកុង បន្ទាយ​មាន​ជ័យ និង ខេត្ត​ប៉ៃលិន ហើយ​ភាគី ថៃ ក៏​យក​ខេត្ត ៣ ដែល​នៅ​ជាប់​ព្រំដែន​គ្នា​នោះ​ផង​ដែរ។ នីតិវិធី​នេះ គឺ​ជួយ​សម្រួល​ដល់​ពលករ​យើង​ឲ្យ​មាន​ភាព​ងាយ​ស្រួល​បំផុត និង​រហ័ស​បំផុត។ ដូច​នេះ បង​ប្អូន​ពលករ​ដែល​ទៅ​ដល់​កន្លែង​ច្រក​ចេញ​ចូល​តែ​មួយ​នេះ គឺ​បំពេញ​បែបបទ​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​អាច​ចប់»។

លោក​ឲ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​បង្កើត​ឲ្យ​មាន​ច្រក​ចេញ​ចូល​តែ​មួយ​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើន​ប្រសិទ្ធភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​បាន​ល្អ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការ​រៀបចំ​បែប​បទ​ឲ្យ​ពលករ​ដើម្បី​ចៀសវាង​ការ​ចូល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្នុង ប្រទេស​ថៃ។ បែបបទ​ដែល​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​សម្រាប់​ពលករ​នោះ គឺ​ការ​រៀបចំ​ឲ្យ​ពួក​គាត់​មាន​លិខិត​ឆ្លង​ដែន​ដែល​កន្លង​មក​រដ្ឋាភិបាល កម្ពុជា ក៏​ធ្លាប់​បាន​បញ្ជូន​មន្រ្តី​ទៅ​ជួយ​រៀបចំ​លិខិត​ឆ្លង​ដែន​ទៅ​ដល់ ប្រទេស​ថៃ ដើម្បី​ជួយ​រៀបចំ​ជូន​បង​ប្អូន​ខ្មែរ​នៅ​ទីនោះ​ហើយ​ភាគី ថៃ ក៏​បាន​ផ្តល់​នូវ​ភាព​ស្រប​ច្បាប់​ជូន​ពលករ​ខ្មែរ​ទាំង​នោះ​ដែរ។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពលករ​ខ្មែរ​ជា​ច្រើន​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ច្រក​របៀង​ផ្សេងៗ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ ថៃ ត្រូវ​បាន​សមត្ថកិច្ច ថៃ បាញ់​សម្លាប់ និង​ចាប់​ខ្លួន។

នៅ​ក្នុង​ជំនួប​ជាមួយ​ភាគី ថៃ កាល​ពី​ដើម​សប្តាហ៍​នេះ លោក អ៊ិត សំហេង បាន​សំណូមពរ​ដល់​ភាគី ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ទៅ​ដល់​សមត្ថកិច្ច ថៃ កុំ​ឲ្យ​ប្រើ​ហិង្សា ឬ​បាញ់​បោះ​លើ​ពលករ​កម្ពុជា។ ប្រសិន​បើ​មាន​ពលករ កម្ពុជា ឆ្លង​ដែន​ខុស​ច្បាប់​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ផ្លូវ​មនុស្សធម៌ និង​តាម​ផ្លូវ​ច្បាប់​ហើយ​ភាគី ថៃ ក៏​បាន​ទទួល​យក​ការ​សំណូមពរ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍