
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេស កម្ពុជា នឹងបញ្ជូនពេទ្យឆ្មបបន្ថែមទៀត ទៅប្រទេស ស៊ូដង់ខាងត្បូង ដើម្បីជួយព្យាបាលអ្នកជំងឺ។
នៅឯពិធីបញ្ចុះបឋមសិលា សាងសង់ស្ពាននៅក្នុងខេត្ត កណ្ដាល កាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកបានចុះហត្ថលេខា លើសំណើសុំការបញ្ជូនពេទ្យឆ្មបបន្ថែមទៀត ទៅ ស៊ូដង់ខាងត្បូង ខណៈមានអ្នកជំងឺកាន់តែច្រើនឡើងនិងខ្វះខាតគ្រូពេទ្យ។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «យើងមានមណ្ឌលសុខភាពនៅទីនោះ ហើយមានអ្នកជំងឺជាង ២០០០ នាក់ មកសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាព ដោយក្នុងនោះ មានមនុស្ស ៧៣ នាក់បានសម្រាលកូននៅទីនោះ។ ឥឡូវពួកគេខ្វះខាតគ្រូពេទ្យ ដូច្នេះយើងត្រូវសម្រេចចិត្តបញ្ជូនពួកគេទៅទីនោះភ្លាមៗ»។
ស៊ូដង់ខាងត្បូង សព្វថ្ងៃនេះ កំពុងមានវិបត្តិ ហើយកងកម្លាំងផ្ទៃក្នុងកំពុងតែប្រយុទ្ធគ្នាបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
លោក សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពបានឲ្យដឹងថា ពេទ្យឆ្មបកម្ពុជាពីរនាក់ទៀត នឹងត្រូវបញ្ជូនទៅ ស៊ូដង់ខាងត្បូង តាមតម្រូវការដើម្បីជួយស្ត្រីអ្នកជំងឺបន្ថែមទៀត។
លោក សែម សុវណ្ណនី បានថ្លែងទៀតថា៖ «ពួកគេកំពុងតែរង់ចាំលិខិតឆ្លងដែន ហើយបន្ទាប់មក យើងនឹងបញ្ជូនពួកគេចេញទៅទីនោះ។ ចំនួនអ្នកជំងឺនៅទីនោះ មានការកើនឡើង និងត្រូវការពេទ្យឆ្មបបន្ថែមទៀត។ យើងក៏បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលនៅទីនោះសុំឲ្យជួយផងដែរ»៕ PN