
ភ្នំពេញៈ ស្រ្តីកម្ពុជាចំនួន ៤០០ នាក់អាចនឹងត្រូវបញ្ជូនទៅបម្រើការតាមផ្ទះ នៅប្រទេសសិង្ហបុរីនៅពាក់កណ្តាលឆ្នាំនេះ ក្រោមគម្រោងសាកល្បងមួយដោយរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី។
ភ្នំពេញ ប៉ុស្តិ៍ បានទទួលសារាចរផ្ទៃក្នុងមួយ ដែលក្រសួងកម្លាំងពលកម្មសិង្ហបុរី បានបញ្ជូនទៅទីភ្នាក់ងារការងារផ្សេងៗ ដែលក្នុងនោះ ក្រសួងនេះបានស្នើឲ្យទីភ្នាក់ងារណាដែលត្រូវការស្រ្តីបម្រើ ការងារតាមផ្ទះជនជាតិកម្ពុជា សូមធ្វើការដាក់ពាក្យត្រឹមថ្ងៃទី១៨ កុម្ភៈ។ សារាចរនោះបានឲ្យដឹងថា បន្ទាប់ពីការបណ្តុះបណ្តាលបញ្ចប់ ស្រ្តីបម្រើការងារតាមផ្ទះដែលជាជនជាតិបរទេសទាំងនោះ នឹងចាប់ផ្តើមការងារឆាប់ៗនៅខែមិថុនាឆ្នាំនេះ។
គម្រោង នេះ មានគោលបំណងសិក្សា ថាតើស្រ្តីបម្រើការងារជនជាតិកម្ពុជា ស័ក្តិសមសម្រាប់និយោជកសិង្ហបុរីឬអត់?
លោក ហូ វុទ្ធី អគ្គនាយកនៃក្រសួងការងារ បានបញ្ជាក់ថា នេះនឹងជាលើកទីមួយហើយដែលស្រ្តីបម្រើការងារតាមផ្ទះជនជាតិ កម្ពុជា នឹងត្រូវបញ្ជូនទៅប្រទេសសិង្ហបុរី។ លោកមិនបានថ្លែងជាក់លាក់ទេ ថាតើនៅពេលណាស្រ្តីទាំងនោះនឹងចាកចេញពីប្រទេសកម្ពុជា ប៉ុន្តែបានថ្លែងថា ពួកគេនឹងត្រូវបានបញ្ជូនឆាប់ៗនៅពេល«ការបណ្តុះបណ្តាល របស់ពួកគេត្រូវបានបញ្ចប់ និងបញ្ហាសុវត្ថិភាពរបស់ពួកគេត្រូវបានធានាត្រឹមត្រូវ»។
ការផ្តល់សិទ្ធិដល់ស្រ្តីបម្រើការងារតាមផ្ទះ របស់ប្រទេសសិង្ហបុរីត្រូវបានគេរិះគន់ជាយូរមកហើយ។
ការរិះគន់មួយសំខាន់នៅក្នុងចំណោមការរិះគន់ទាំងនោះគឺប្រាក់ខែ ទាប និងការខ្វះពេលវេលានិងថ្ងៃឈប់សម្រាក។ កាលពីខែមីនា ឆ្នាំមុន រដ្ឋាភិបាលសិង្ហបុរី បានបង្កើតច្បាប់កំណត់ថ្ងៃឈប់សម្រាកសម្រាប់ស្រ្តីបម្រើ ការងារតាមផ្ទះ នៅចំពេលមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស។ បទប្បញ្ញត្តិនេះ ចូលជាធរមានចាប់ពីខែមករាឆ្នាំនេះ។ ប៉ុន្តែសមាគមទីភ្នាក់ងារការងាររបស់ប្រទេសសិង្ហបុរី (AEA) សង្ឃឹមថា នឹងដោះស្រាយបញ្ហាប្រាក់ឈ្នួលទាបដោយតម្រូវថា ស្រ្តីបម្រើការងារតាមផ្ទះជនជាតិកម្ពុជានឹងត្រូវបានផ្តល់ ប្រាក់ខែយ៉ាងតិច ៤០០ដុល្លារសិង្ហបុរី (៣២០ដុល្លារអាមេរិក)។ លោកស្រី K Jayaprema ប្រធាន AEA បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ស្រ្តីបម្រើការតាមផ្ទះជនជាតិកម្ពុជា គឺមិនខុសពីស្រ្តីបម្រើការងារជនជាតិដទៃៗទៀតទេ ការងារដែលពួកគេធ្វើគឺដូចគ្នា ហើយដូច្នេះគួរតែទទួលបានប្រាក់ឈ្នួលដូចគ្នា»។
កាលពីឆ្នាំ មុន ដោយសារមានការតវ៉ា ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី បាននាំឲ្យមានការអនុវត្តប្រាក់ឈ្នួលអប្បបរមាប្រសើរឡើង សម្រាប់ស្រ្តីបម្រើការងារជនជាតិឥណ្ឌូនេស៊ី។ ស្រ្តីបម្រើការងារតាមផ្ទះជនជាតិឥណ្ឌូនេស៊ីមានចំនួនប្រហែល ពាក់កណ្តាលនៃចំនួនស្រ្តីបម្រើការងារតាមផ្ទះចំនួន២០៨ ០០០ នាក់ក្នុងប្រទេសសិង្ហបុរី ហើយកាលពីមុនទទួលបានប្រាក់ឈ្នួលតិចជាងស្រ្តីបម្រើការជន ជាតិហ្វីលីពីន។
ទោះយ៉ាងណាក្តី លោកស្រី K Jayaprema យល់ឃើញថា ស្រ្តីបម្រើការជនជាតិកម្ពុជាគឺស័ក្តិសមល្អសម្រាប់និយោជក សិង្ហបុរី។
លោកស្រីថ្លែងថា៖ «កម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយសិង្ហបុរីគឺមានគ្រួសារចិនជាច្រើនដែលកាន់ព្រះពុទ្ធសាសនា» ។
លោកស្រីបន្តថា AEA នឹងផ្តល់ទូរស័ព្ទទាក់ទងទាន់ហេតុការណ៍សម្រាប់ស្រ្តីបម្រើការងារតាមផ្ទះដើម្បីឲ្យពួកគេអាចទូរស័ព្ទបាននៅពេលពួកគេមាន បញ្ហា។ លោកស្រីថ្លែងទៀតថា៖«គោលដៅរបស់យើងគឺដើម្បីឲ្យពួកគេមក ទីនេះ រកប្រាក់ចំណូលបានច្រើន និងត្រឡប់ទៅស្រុកវិញទទួលបានជីវិតប្រសើរជាងមុន»៕ PS