ភ្នំពេញៈ កម្ពុជា​នឹង​ស្នើ​ទៅ​ប៉ូលិស​អាំងទែ​ប៉ូល​ឲ្យ​តាម​ចាប់ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ដែល​ជួល​ផ្ទះ​ផលិត​គ្រឿង​ញៀន​នៅ​ភ្នំពេញ​ដែល​សមត្ថកិច្ច​ទើប​រឹបអូស​បាន​គ្រឿង​ញៀន​ជាង ២០០ គីឡូក្រាម ខណៈ​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​មាន​បន្ទប់​សិក្សា​ពិសេស​ពី​បញ្ហា​គ្រឿង​ញៀន​ដល់​សិស្ស​ចាប់​ពី​ថ្នាក់​អនុ​វិទ្យាល័យ​ដល់​សាកល​វិទ្យាល័យ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តជន​មន្ត្រីរាជការ​និង​អតីត​យុទ្ធជន​ជា​ជនពិការ​ជាង ២ ០០០ នាក់ នៅ​ក្នុង​ខេត្ដ​បាត់ដំបង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា កម្ពុជា​កំពុង​ស្វែងរក​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​តាម​ចាប់​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​តៃវ៉ាន់ ដែល​បាន​ជួល​ផ្ទះ​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​មួយនៅ​ភ្នំពេញ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ប្រភេទ​ថ្នាំ​គ្រាប់ និង​ម្សៅ​សារធាតុ​មិន​ច្បាស់​លាស់​ជាច្រើន​ប្រភេទ​ដែល​សង្ស័យ​ថា ជា​សារ​ធាតុ​ញៀន​សរុប​ប្រមាណ​ជាង ២០០ គីឡូក្រាម និង​ម្សៅ​សារ​ធាតុ​គីមី​ផ្សំ ៥៨៧ គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​បាន​កាល​ពី​រសៀល​ថ្ងៃ​ទី ៤ ខែ ​មេសា នៅ​សង្កាត់​អូរ​បែកក្អម។

លោក​បន្ដថា៖ «ខ្មែរ​យើង​ជួល​ផ្ទះ​ឲ្យ​ទៅ​ចិនតៃវ៉ាន់ ថា អ៊ីចឹងទៅ​ចុះ ខ្ញុំ​និយាយ​ឱ្យអស់​ទៅ។ វា​ផលិត​អស់​ម៉ា​ឆ្អែត​ហើយ វា​រត់​ទៅ​បាត់​ទៅ បន្សល់​ទុក​ឧបករណ៍​ផលិត និង​ថ្នាំ​ផលិត​គ្រឿង​ញៀន​ជិត ៥០ គីឡូ​ទៀតម្ចាស់ផ្ទះ​សង្ស័​យ​​ទើប​មក​ប្ដឹង​សមត្ថកិច្ច​ ចុះទៅ​ឆែក​ឆេរ​ទើប​ឃើញ»។

លោក​បញ្ជាក់ថា​៖​ «ឥឡូវ​ចាប់​ផ្ដើម​តាម​ច្បាប់ ឱ្យ​​តុលាការ​កម្ពុជា ស្នើ​ទៅ​តុលាការ (ប្រទេស​ជនសង្ស័យ) ដើម្បី​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន ​ហើយ​អគ្គស្នង​ការ​នគរបាល​នឹង​ស្នើ​ទៅ​អាំង​ទែរ​ប៉ូល​ព្រោះ​យើងជាសមាជិក​អាំង​ទែរ​ប៉ូល ដើម្បី​ចេញ​ដីកា​ក្រហម ​ស្វែង​រក​ចាប់​ខ្លួន​។ អ្នក​រក​ស៊ី​គ្រឿង​ញៀន​ទៅ​ដល់​ណា​ក៏​គេច​មិន​ផុត​ដែរ នេះ​ជា​វិធានការ​នៃ​ការ​បង្ក្រាប»។

លោក ស ខេង ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ឥឡូវ​​នេះនៅ​គ្រឹះស្ថាន​សិក្សា ចាប់​ពីកម្រិត​អនុវិទ្យា​ល័យ រហូត​ដល់​សាក​ល​​វិទ្យា​ល័យ គឺ​តម្រូវ​ឲ្យ​មាន​បន្ទប់​ពិសេស​មួយ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស និស្សិតឲ្យបង្ការ ទប់​ស្កាត់​ការ​ចរាចរណ៍ ការ​ប្រើ​ប្រាស់គ្រឿង​ញៀន ពីព្រោះ​មនុស្ស​ដែល​ប្រើ​គ្រឿង​ញៀន​ក្នុង​ចន្លោះវ័យ ១៥​​-៣៥ ឆ្នាំ ឬក៏វ័យ ​៤០​ ឆ្នាំ​ជាវ័យ​ខ្ពស់​បំផុត។

លោក​បន្ដថា​៖ «យើង​ត្រូវ​មា​ន​​បន្ទប់មួយ​ពិសេស​ដែល​មិន​ត្រឹម​​តែ​យក​ច្បាប់​មក​អាន​ឲ្យ​សិស្ស​ស្ដាប់ទេគឺ​ត្រូវ​តែ​មាន​វីដេ​អូបង្ហាញ បន្លាច​កុំឲ្យ​ក្មេង​ភ្លើតភ្លើននិង​ឲ្យ​ក្មេង​ឃើញ​ថា​គ្រឿង​​ញៀន​ពេល​ប្រព្រឹត្ដ​ទៅ​វា​​មិន​ល្អ»។

លោក​បន្តថា​ មនុស្ស​ក្នុង​វ័យ ១៥-៣៥ ឆ្នាំនេះ ជាវ័យ​ដែល​មាន​សារៈ​ប្រយោជន៍​ណាស់ ជាធន​ធានមនុស្ស​​ដ៏មាន​តម្លៃសម្រាប់សង្គម​ជាតិ។ បើ​​បណ្ដែត​បណ្ដោយ​ឲ្យ​មនុស្ស​វ័យ​នេះ រងគ្រោះ​ថ្នាក់​ដោយ​គ្រឿង​ញៀ​​​​ន សង្គមនឹង​មិន​​មាន​ធនធាន​មនុស្ស​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទេ។​

លោក​​បាន​ចោទ​សួរ​ថា​​៖ «តើ​សព្វថ្ងៃ​នេះ យើង​ធ្វើ​អ្វី​ខ្លះដើម្បីដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​? ទីមួយ​យើង​នៅតែ​ផ្ដល់​អាទិភាព លើ​ការអប់រំ ផ្សព្វ​ផ្សាយ​ដើម្បី​បង្ការ ទប់​ស្កាត់ ការ​ចរាចរណ៍ ការ​លក់​ដូរ​ ការ​ចែក​ចាយ ការ​ប្រើ​ប្រាស់ កុំ​ឲ្យ​មាន​ការ​ចែក​ចាយ​លក់ដូរ​នៅ​ក្នុង​សង្គម»។

បើ​តាមលោក​ ស ខេង អ្នក​ជាប់​ព​ន្ធ​នាគារបច្ចុប្បន្ន​ជា​មធ្យ​ម​មាន​ ៣ ម៉ឺននាក់ ប៉ុន្ដែ​ចំនួន​នេះ ​មាន​ឡើង​មានចុះ ដែ​ល​ក្នុង​នោះ​យ៉ាង​ហោច​ណា​ស់​ ១ ​ភាគ​ ៣​ មាន​ផ្ទុក​សារធាតុញៀននៅ​ក្នុង​ខ្លួន​។ ដោយ​ឡែកគ្រឿងញៀន​ដែល​ចាប់​មាន​ចំនួន​ជិត​ ១ តោន បើ​គិត​ពីឆ្នាំ ២០១៧ រហូត​ដល់​បច្ចុប្បន្ន។

ទោះ​បី​ជា​ក្នុង​ពេល​ថ្មីៗនេះ ស្នង​​ការ​នគរបាល​ជាតិបាន​បង្ក្រាបកន្លែង​ចរាចរណ៍​គ្រឿងញៀន ​និង​កន្លែងផលិត​គ្រឿងញៀន​បាន​ជា​បន្ដ​បន្ទាប់​ក៏ដោ​យ ប៉ុន្ដែ​លោក​ ស ខេង បញ្ជាក់ថា មិន​ទាន់​គ្រប់​គ្រាន់​ទេ ត្រូវ​តែ​បន្ដ​ធ្វើ​ការងារ​នេះ និង​បន្ដ​បង្រ្កាប​នៅ​តាម​ច្រក​នាំ​ចូល​សំខាន់ៗ​ ដែល​នៅ​ជិត​តំបន់​ត្រីកោណ​មាស​ដូចជា​នៅ​​ព្រំដែន​ប្រទេស​ឡាវ​ជាដើម។

បើតាម​លោក ស ខេង នៅ​ប្រទេស​ថៃ​​អ្នក​ប្រព្រឹត្ដគ្រឿងញៀន​ប្រមាណ ២ ០០០ ​នាក់​ ត្រូវ​​បាន​សម្លាប់ និង​នៅហ្វីលី​​​ពី​ន ជិត ១ ម៉ឺននាក់ ប៉ុន្ដែ​នៅ​កម្ពុជា​មិន​បាញ់​សម្លាប់​ដូច​ប្រទេស​គេទេដែល​នាំ​ឲ្យ​ពួក​រក​ស៊ី​គ្រឿ​ង​​​ញៀន​ចូល​ចិត្ដ​មក​រក​ស៊ី​នៅ​ទីនេះ។ «យើង​អត់​មាន​បាញ់​ទេ ប៉ុន្ដែ​ជាប់​គុក​ ១ ជីវិត​ហើយគ្មាន​ការ​លើក​លែង​ទោស»។

លោក រស់ សុវាចា អ្នកនាំ​​ពាក្យ​ ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ក្រសួងអប់រំ​ ស្វាគមន៍​កិច្ច​សហ​ប្រតិ​បត្តិការ​ ជា​មួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ ដើម្បី​បន្ត​ចូល​រួម​ការអនុវត្តលើ​ចំណុ​ច​​អាទិ​ភាព​ជាក់​ស្ដែងក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោ​​បាយ​ជាតិ ស្តី​ពីសុខ​ភាព​សិក្សា ក៏ដូច​ជា​គោលនយោ​បាយ​ពាក់ព័ន្ធ​ដទៃ​ទៀត​ផងដែរ។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​​ជន​រងគ្រោះ​ដោយ​គ្រឿង​ញៀន​កម្ពុជា (DA​-​RAC) បាន​លើក​ឡើងថា បញ្ហាគ្រឿង​ញៀន​នេះ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ដ និង​ផែន​ការ​ជាបន្ដ​បន្ទាប់​ដើម្បី​ដោះ​ស្រាយ ទប់ស្កាត់ និង​បង្រ្កាប ប៉ុន្ដែ​មិនអាច​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ភ្លាម​ៗ​​នោះទេ គឺត្រូវ​មាន​ការ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​គ្រប់​ផ្នែក​អនុវត្ដ​ការងារ​នេះ​ទើប​មាន​ការ​ថយ​ចុះ។

លោក​បាន​បន្តថា​៖ «ផែនការ​រាជ​រដ្ឋា​ភិបា​ល​បាន​ដាក់ចេញ​ហើយ ប៉ុន្ដែ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​កុំ​នៅ​ព្រងើយ កន្ដើយត្រូវ​រួម​គ្នា​ធ្វើ​ឲ្យ​បាន​តាម​ផែន​ការ​នោះ​ខ្ញុំ​ជឿ​ថា​គ្រឿង​ញៀ​ននឹង​មាន​ការ​ថយ​ចុះ​ ប៉ុន្ដែ​បើ​ថា​ឲ្យ​លុប​បំបាត់​ឲ្យ​អស់​តែ​ម្ដង​នោះ ​គឺ​មិន​អាច​ធ្វើ​បាន​ទេ»។

លោក​សុវណ្ណ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ ចំពោះ​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀ​ន​​​ខណៈ​ដែល​យុ​វជន​កម្ពុជា​ជា​ច្រើន​ហាក់​ដូច​ជា​ភ្លើត​ភ្លើន ​ឆាប់​ចាប់​យក​ចំណុច​អវិជ្ជមាន​ ដូច​ជារឿង​គ្រឿង​ញៀន​នេះ​ដាក់​ខ្លួន​។ «យុវជន​យើង​ជំនាន់​មុន គ្រាន់តែ​ឃើញ​មនុស្ស​ចាស់ជាង​ដើរ​កាត់​មុខ​គាត់ ក៏​ឱន​លំទោនដាក់​មុន​ដែរ ដែល​នេះ​ជាប្រពៃណី​របស់យើង មិន​មែន​ពើង​ទ្រូង​ទេ​ ប៉ុន្ដែ​ឥឡូវ​ពួកគាត់​ភ្លើត​ភ្លើន​ខុស​។ យុវជ​ន​មើល​មុខ​គ្នា​មិន​បាន​ទេ រក​តែ​វាយ​តប់​គ្នា»៕