ភ្នំពេញៈ នៅក្នុង ឆ្នាំ២០១៤ នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អាចនឹងកើនឡើងរហូតដល់ទៅ ២១០០ នាក់ច្រើនជាង ឆ្នាំ២០១៣ ប្រមាណ ១៥០ នាក់ដែលការកើនឡើងគួរឲ្យព្រួយបារម្ភនៃការស្លាប់នៅតាមដងផ្លូវនេះ បានបង្ហាញពីការបរាជ័យក្នុងការទប់ស្កាត់ការស្លាប់នៅតាមដងផ្លូវ។ នេះបើតាមលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ត្រាំ អ៊ីវតឹក បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៣ កាលពីម្សិលមិញថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៣៥៣ ករណី ដែលក្នុងនោះមាន អ្នករងរបួស ១៦ ២២៧ នាក់ អ្នកស្លាប់ចំនួន ១៩៥០ នាក់ និងរបួសធ្ងន់ចំនួន ៥៣៤៩ នាក់ ខណៈដែលចំនួនអ្នកស្លាប់នៅតាមដងផ្លូវ មានច្រើនជាង ៥ នាក់ក្នុងមួយថ្ងៃ ហើយអ្នករងរបួសមានជាង ១៥ នាក់នោះ លោក អ៊ីវតឹក បានបញ្ជាក់ថា៖ «ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំនេះ មិនទទួលបានជោគជ័យទេ ដោយសារតែតួលេខ ដែលបានពីនគរបាលចរាចរណ៍ ក្នុងរយៈពេល ១០ ខែនេះឃើញថា មានអ្នកស្លាប់ចំនួន ១៧៧២ នាក់ទៅហើយ»។ បើប្រៀបធៀបទៅនិងតួលេខអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង ឆ្នាំ២០១២ ដែលមានចំនួន ១៩៦៩ នាក់ ឆ្នាំ២០១៣ អ្នកស្លាប់មានការថយចុះចំនួន ១៦ នាក់។ ប៉ុន្តែ លោក ត្រាំ អ៊ីវតឹក មិនសង្ឃឹមថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៍ក្នុង ឆ្នាំ២០១៤ នេះ នឹងធ្លាក់ចុះជាង ឆ្នាំ២០១៣ នោះទេ។ លោកបានបញ្ជាក់ថា៖ «ដូចនេះខែដែលយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់នោះគឺ ខែធ្នូ ខាងមុខនេះ ហើយខ្ញុំគិតថា តួលេខនឹងមិនបានទាបជាងឆ្នាំមុនទេ គឺមានតែលើស»។ លោក ត្រាំ អ៊ីវតឹក បានធ្វើការប៉ាន់ប្រមាណថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង ឆ្នាំ២០១៤ អាចមានការកើនដល់ពី ២០០០ ទៅ ២១០០ នាក់។
ទោះជាយ៉ាងណា លោក អ៊ីវតឹក បានបញ្ជាក់ថា មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែមានវិធានការ ធ្វើយ៉ាងណា ត្រូវកាត់បន្ថយអត្រានៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបាន ដែលនៅក្នុង ឆ្នាំ២០១៥ ត្រូវកាត់បន្ថយការស្លាប់ឲ្យបានយ៉ាងហោចណាស់ ១០ ភាគរយ។ លោករដ្ឋមន្រ្តីបន្តថា៖ «បើយើងអាចកាត់បន្ថយបានជាបណ្តើរនោះ ខ្ញុំគិតថា យើងនឹងអាចកាត់បន្ថយបានរហូតដល់មានតែចំនួន ១៦០០ នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅ ឆ្នាំ២០២០ តែវាមិនអាចធ្លាក់មកដល់តួលេខសូន្យបានទេ ក្នុងរយៈពេលខ្លី»។ ដើម្បីកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍លោក អ៊ីវតឹក បានជំរុញឲ្យ «នគរបាលចរាចរណ៍ត្រូវតែធ្វើការរឹតបន្តឹង ចំពោះអ្នកដែលប្រើយានយន្ត ដោយមិនបានប្រើប្រាស់សម្ភារការពារខ្លួន ដូចជាពាក់ខ្សែក្រវ៉ាត់ មួកសុវត្ថិភាព ជាពិសេសរឹតបន្តឹងលើល្បឿនដែលជាស្នូលមួយ ធ្វើឲ្យមនុស្សស្លាប់ច្រើន»។
ការគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរនិងការមិនបើកបរ នៅពេលស្រវឹង គឺជាកត្តាសំខាន់បំផុត ដែលអាចចូលរួមកាត់បន្ថយការស្លាប់និងរបួសនៅតាមដងផ្លូវ។
លោក គង់ សុវណ្ណ តំណាងអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល បានថ្លែងនៅក្នុងពិធីនោះថា នៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រមាណ ១២០០ គ្រួសារបានទទួលរងផលប៉ះពាល់ ឬបាត់បង់សមាជិកគ្រួសារនិងសាច់ញាតិជាទីស្រលាញ់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយខែៗ។ លោកបានបញ្ជាក់ថា៖ «អ្នកដែលប្រឈមនឹងការបាត់បង់ជីវិត គឺមានអាយុចន្លោះពី ១៥ ឆ្នាំ ទៅ ៤៤ ឆ្នាំ ដែលយើងមើលឃើញថា ក្រុមអាយុនេះ ជាអ្នកដែលត្រូវផ្តល់សក្តានុពលជូនប្រទេសជាតិយ៉ាងពេញលេញ»។ លោក គង់ សុវណ្ណ បានបន្តទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថាប័ន្ធពាក់ព័ន្ធត្រូវពិនិត្យ និងពង្រឹងទៅដល់ការប្រើប្រាស់គ្រឿងស្រវឹង ពេលបើកបរ ការប្រើប្រាស់ល្បឿនហួសកំណត់ និងការពាក់មួកសុវត្ថិភាព ពេលបើកបរម៉ូតូ ខណៈដែល ប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ម៉ូតូច្រើនជាងគេ៕