
ភ្នំពេញៈសហជីព និងក្រុមសិទិ្ធពលកម្ម បានប្រើប្រាស់រយៈពេលប៉ុន្មានខែថ្មីៗនេះ រំឭកកម្ពុជា អំពីប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យកាត់ដេរកម្ពុជា គឺ ៦១ ដុល្លារក្នុងមួយខែ នៅទាបជាងប្រទេសថៃ ដែលកម្មករទទួលបានជាង ២០០ដុល្លារ និងវៀតណាមដែលមានប្រាក់ឈ្នួលអប្បបរមា១១០ដុល្លារអាមេរិក។
ដោយ មូលហេតុច្បាស់លាស់ ប្រទេសមួយ ដែលដកចេញពីការប្រៀបធៀបទាំងនេះ គឺមីយ៉ាន់ម៉ា ដែលយោងតាមប្រភពផ្សេងៗ បានឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ គឺស្ថិតក្នុងរង្វង់ពី២៨ ដល់៤០ដុល្លារ។ ដោយទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានលុបចោល ភាគីពាក់ព័ន្ធ ក្នុងឧស្សាហកម្មមីយ៉ាន់ម៉ាកំពុងរំពឹងថា នឹងរីកចម្រើនខ្លាំង ខណៈដែលអ្នកវិនិយោគលោកខាងលិចឆ្លៀតឱកាសរកប្រាក់ចំណេញដោយសារ ប្រាក់ឈ្នួលទាបនោះ។
លោក U Aung Winn អនុប្រធានសមាគមរោងចក្រកាត់ដេរ នៅមីយាន់ម៉ា បានថ្លែងកាលពីខែវិច្ឆិកាថា៖«នៅអនាគតដ៏ខ្លី រោងចក្ររាប់ពាន់នឹងបង្ហាញខ្លួននៅមីយ៉ាន់ម៉ា»។
តាម ពិត ឧស្សាហកម្មនេះកំពុងតែរីកហើយ បើទោះបីលោកខាងលិចបានចៀសពីមីយ៉ាន់ម៉ា ទើបតែចូលមកកាលពីឆ្នាំមុនក៏ដោយ ដោយជប៉ុនបានបង្កើនការបញ្ជាទិញទ្វេដងពីមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១១ ហើយកូរ៉េខាងត្បូង ក៏បានបង្កើនការបញ្ជាទិញទ្វេដងផងដែរ។ ការកើនឡើងនេះ ត្រូវបានកត់សម្គាល់ផងដែរ នៅរាជធានីភ្នំពេញ។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មាធិការដោះស្រាយកូដកម្ម នៃក្រសួងសង្គមកិច្ចបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រដ្ឋាភិបាលកំពុងពិចារណា ថាតើវិស័យកាត់ដេរ ទើបតែងើបឡើង នៅមីយ៉ាន់ម៉ា អាចប៉ះពាល់ដល់ឧស្សាហកម្មរាប់ពាន់លានដុល្លារអាមេរិក នៅកម្ពុជាដោយរបៀបណា ដែលបាននាំចេញប្រហែល ៨៥ ភាគរយ និងផ្តល់ការងារដល់កម្មករជាង ៤០ ម៉ឺននាក់។
លោកបញ្ជាក់ថា៖ «ម្ចាស់រោងចក្រ តែងតែសម្លឹងរកកន្លែងដែលពួកគេអាចរកចំណេញបានច្រើន។ នេះផ្សារភ្ជាប់ទៅនឹងបញ្ហាប្រាក់ឈ្នួល។ ពេលខ្លះ ប្រសិនបើកម្មករ ស្នើសុំច្រើនពេក អ្នកវិនិយោគ នឹងរត់ទៅកន្លែងផ្សេង ... ហើយប្រាក់ឈ្នួល មានកម្រិតទាប នៅប្រទេសមីយ៉ាន់ម៉ា»។ លោក សុវណ្ណ បានបន្ថែមថា ដោយសារចំណុចនេះ ក្រសួងកំពុងពិចារណា តួនាទីរបស់ខ្លួន ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យកាត់ដេរ ជាពិសេស បន្ទាប់ពីមានការចរចារវាងរោងចក្រ និងសហជីពបានបញ្ចប់ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយគ្មានការព្រមព្រៀង។
ការទទួលរងនឹងផលប៉ះពាល់
មិន ត្រឹមតែរដ្ឋាភិបាលទេ ដែលកំពុងប្រុងប្រយ័ត្ន លើការស្ទុះងើប នៃឧស្សាហកម្មកាត់ដេរនៅប្រទេសមីយ៉ាន់ម៉ា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏មានកង្វល់លើបញ្ហានេះដែរ។
លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា កំណើននៃឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសនោះ កំពុងប៉ះពាល់ មកលើកម្ពុជារួចហើយ។ លោកថ្លែងថា៖«យើងដឹងថា អ្នកវិនិយោគមួយចំនួន រោងចក្រ អ្នកទិញ និងក្រុមហ៊ុនម៉ាក មានផែនការផ្លាស់ទីតាំងទៅប្រទេសមីយ៉ាន់ម៉ា»។
លោក លូ បានបញ្ជាក់ថា ជាមួយនឹងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ២៨ ដុល្លារអាមេរិក និងប្រជាជនប្រហែល ៥០ លាននាក់ មីយ៉ាន់ម៉ា ស្ថិតក្នុងស្ថានភាពល្អ ជាទីផ្សារទាក់ទាញមួយ សម្រាប់អ្នកវិនិយោគ។ ម្យ៉ាងទៀត លោក លូ ជឿជាក់ថា ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ពន្ធលក់ទំនិញទូទៅ នៅដើមខែមិថុនា ហើយទីបំផុត នឹងទទួលបានអត្ថប្រយោជន៍ និងសម្បទានដទៃទៀត ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលកម្ពុជាកំពុងទទួលបាន។ លោក លូ បន្ថែមថា៖ «ពួកគេនឹងក្លាយជាអ្នកប្រកួតប្រជែងរឹងមាំមួយ ចំពោះកម្ពុជា នាប៉ុន្មានឆ្នាំខាងមុខ។ វាសំខាន់ក្នុងការរក្សាការចំណាយត្រឹមអប្បបរមានៅទីនេះ ជាការពិត ប្រាក់ឈ្នួលជាធាតុផ្សំធំមួយ នៃការចំណាយ»។ លោកបានទទូចថា ទោះជាយ៉ាងណា វាឆាប់ពេកហើយ សម្រាប់អ្នកវិនិយោគប្តូរទៅប្រទេសមីយ៉ាន់ម៉ាទាំងហ្វូងនោះ។
លោក លូ បានបន្ថែមថា៖ «ពួកគេត្រូវការពេលវេលា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ»។ លោកលូព្យាករណ៍ថា មីយាន់ម៉ា នឹងក្លាយជាគូប្រកួតប្រជែងខ្លាំងក្លា ក្នុងរយៈពេលប្រហែល ៤ ឆ្នាំទៀត។
លោក Huang Dazhong អ្នកតំណាងក្រុមហ៊ុន New Archid ជាក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង ដែលដំណើរការនៅកម្ពុជា ជាអ្នកផលិតសម្លៀកបំពាក់ និងអ្នកទិញ ឲ្យក្រុមហ៊ុនម៉ាកធំៗបានថ្លែងថា ក្រុមហ៊ុនរបស់លោកកំពុងសម្លឹងមើលប្រទេសមីយ៉ាន់ម៉ា ជាទីផ្សារថ្មី មានសក្តានុពលមួយ ក្នុងពេលឆាប់ៗ ជាងការព្យាករណ៍នោះទៅទៀត។ លោកបានបញ្ជាក់ថា៖ «យើងអាចពង្រីកទៅមីយាន់ម៉ា ឬយ៉ាងហោចណាស់ពិចារណា លើប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២ ឆ្នាំទៀត»។
ក្រុមហ៊ុន New Archid មានរោងចក្រនៅខេត្តកណ្តាល ដែលផ្គត់ផ្គង់ម៉ាក H&M របស់ស៊ុយអ៊ែត ហើយក៏ធ្វើជាអ្នកទិញ ឬឈ្នួញកណ្តាលសម្រាប់ម៉ាក H&M និងម៉ាកដទៃទៀតផងដែរ ដោយតភ្ជាប់ពួកគេទៅនឹងរោងចក្រដទៃទៀត។ «ម៉ាកដែលយើងផ្គត់ផ្គង់ បានសម្តែងចំណាប់អារម្មណ៍ លើមីយ៉ាន់ម៉ា ប៉ុន្តែ ពួកគេដឹងថា ឥឡូវនេះ នៅតែមិនមែនជាពេលវេលាត្រូវទៅ នៅឡើយទេ»។
លោក Dazhong ថ្លែងថា មីយ៉ាន់ម៉ា ពុំមានហេដ្ឋារចនាសម្ព័ន្ធនឹងទទួលយកលំហូរក្រុមហ៊ុនម៉ាកលោក ខាងលិចធំៗទេ ប៉ុន្តែវានឹងពិបាកនិយាយថា តើនឹងមានអ្វីកើតឡើង ចំពោះរោងចក្រក្រុមហ៊ុន New Archid នៅកម្ពុជា នៅពេលដែលមីយ៉ាន់ម៉ាមានហេដ្ឋារចនាសម្ព័ន្ធនោះ។
លោកស្រី Anna Eriksson អ្នកនាំពាក្យក្រុមហ៊ុន H&M បានថ្លែងថា ក្រុមហ៊ុនលោកស្រី តែងតែសម្លឹងរក «សមត្ថភាពផលិតថ្មី» ប៉ុន្តែបានបដិសេធមិនបរិយាយ លើសេចក្តីលម្អិត នៃផែនការរយៈពេលវែង ដែលខ្លួនអាចមានសម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាឡើយ»។
លោកស្រីបានបញ្ជាក់ថា៖«បច្ចុប្បន្ន ពុំមានផែនការច្បាស់លាស់ ត្រូវទិញផលិតផល ពីមីយ៉ាន់ម៉ាឡើយ ដូច្នេះ យើងជ្រើសរើសមិនឆ្លើយ ចំពោះសំណួររបស់អ្នកឡើយ»។
ការភ័យខ្លាចចំពោះការផ្លាស់ទីទាំងហ្វូង
ពេលលោក Stephan Sonnenberg សាស្ត្រាចារ្យម្នាក់មកពីគ្លីនិកសិទិ្ធមនុស្សអន្តរជាតិ និងដោះស្រាយជម្លោះនៃសាលាច្បាប់ Standford នៅសហរដ្ឋអាមេរិកមកកម្ពុជា កាលពីខែមុន លោកបានថ្លែងថា ក្រុមហ៊ុនម៉ាកធំៗ អាចចាកចេញពីប្រទេសកម្ពុជា ក្នុងពេលដ៏ឆាប់ ប្រសិនបើពួកគេ រកឃើញជម្រើសល្អប្រសើរជាងនៅកន្លែងផ្សេងទៀត។ លោកបានបញ្ជាក់ថា៖ «ពួកគេអាចគំរាមចាកចេញពីកម្ពុជា ហើយពួកគេ មានបណ្តាញចែកចាយទូទាំងពិភពលោក ដែលអាចចាកចេញ ក្នុងរយៈពេលដ៏ខ្លីបាន»។
ថាតើក្នុងកម្រិតណា ដែលក្រុមហ៊ុនម៉ាក អ្នកទិញ និងរោងចក្រ នៅក្នុងឧស្សាហកម្មកម្ពុជាមានឆន្ទៈធ្វើសកម្មភាពនោះ គឺជាអ្វីដែលលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កំពុងឃ្លាំមើល។ លោករ៉ុង ឈុន បានបញ្ជាក់ថា៖ «វាជាគ្រោះថ្នាក់ពិតប្រាកដ ហើយយើងបារម្ភ អំពីរោងចក្រ និងអ្នកទិញផ្ទេរការវិនិយោគរបស់ពួកគេ ទៅប្រទេសមីយ៉ាន់ម៉ា និងកន្លែងផ្សេងទៀត»។
ទោះជាយ៉ាងណា លោក ឈុន ដែលបានចូលរួមទាមទារប្រាក់ឈ្នួលអប្បបរមាយ៉ាងតិច ១២០ ដុល្លារអាមេរិក សម្រាប់កម្មករ ជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងមិនបង្កើនសម្ពាធលើរោងចក្រ និងអ្នកទិញឡើយ។ លោកបានបញ្ជាក់ថា៖«ប្រជាជនមិនគួរនិយាយថា អ្នកវិនិយោគ នឹងផ្ទេរទៅមីយ៉ាន់ម៉ាដោយសារតែប្រាក់ឈ្នួលទាបនៅទីនោះឡើយ។ មិនយូរ មិនឆាប់ មីយ៉ាន់ម៉ា នឹងធ្វើកំណែទម្រង់ឧស្សាហកម្មរបស់ខ្លួន ហើយកម្មករមីយ៉ាន់ម៉ា នឹងទទួលបានប្រាក់ឈ្នួលច្រើនជាងទីនេះ»។ លោក ឈុន បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលចាំបាច់ត្រូវធ្វើ ដើម្បីការពារឧស្សាហកម្មនេះ គឺត្រូវប្តេជ្ញាលុបបំបាត់អំពើពុករលួយ និងត្រូវអនុវត្តច្បាប់ការងារឲ្យបានកាន់តែល្អប្រសើរ។
លោក យឹម សេរីវឌ្ឍនៈ អ្នកសម្របសម្រួល គម្រោងសហជីពពាណិជ្ជកម្ម នៅអង្គការពលកម្មអន្តរជាតិ ជឿជាក់ថា អ្នកវិនិយោគ ឈរជើងយូរនៅកម្ពុជា អាចស្ទាក់ស្ទើរ ក្នុងការចាប់ផ្តើមជាថ្មី នៅកន្លែងផ្សេងទៀត បើគ្មានការលើកទឹកចិត្តច្រើនទេនោះ។ លោកបានថ្លែងថា៖ «ក្រុមហ៊ុនម៉ាកមួយចំនួន កាត់បន្ថយចំណាយ និងមិនចង់ទទួលខុសត្រូវ លើលក្ខខណ្ឌការងារឡើយ។ [អ្នកវិនិយោគ]មួយចំនួន ចង់ផ្ទេរ ដោយសារតែការផលិតរបស់ពួកគេ នៅទីនេះ មានកម្រិតតូច ... ប៉ុន្តែចំពោះអ្នកទាំងឡាយ ដែលចង់រក្សាកេរ្តិ៍ឈ្មោះ ពុំមានអ្វីខុសគ្នាឡើយ ក្នុងការចាកចេញពីកម្ពុជា ទៅកន្លែងប្រាក់ឈ្នួលទាបនោះ»។
លោក Dave Welsh អ្នកគ្រប់គ្រងប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិក ដើម្បីសាមគ្គីភាពពលកម្មអន្តរជាតិ ជឿជាក់ថា ការគំរាមផ្លាស់ទីបែបនេះ ខណៈនេះ ជាព័ត៌មានបញ្ឆោត។ លោកបានបញ្ជាក់ថា៖«ក្រុមហ៊ុនម៉ាកនានា ពុំទាន់បង្ហាញសញ្ញាថា ខ្លួនគាំទ្រឧស្សាហកម្មភូមាទេ»។ លោកបានបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាប្រហែល ៤០ ដុល្លារអាមេរិក គឺក្នុងកម្រិតដែលវាមានក្នុងសេដ្ឋកិច្ចដែលពុំទាន់ផ្លូវការ នៅឡើយនោះ នឹងកើនឡើង ពេលមានសម្ពាធអតិផរណា។ «មូលហេតុតែមួយ ដែលអ្នកចង់ផ្លាស់ទីនោះ គឺថាថ្លៃពលកម្មគឺថោកបំផុត»។ ក្រុមហ៊ុនម៉ាកជាច្រើននៅកម្ពុជា មិនមែនដោយសារការសន្សំថ្លៃចំណាយឡើយ ប៉ុន្តែដោយសារឧស្សាហកម្មនៅទីនេះ ដែលមានប្រព័ន្ធតាមដានក្នុងទម្រង់ជាគម្រោងរោងចក្រកាន់តែល្អ ប្រសើរនៅកម្ពុជា ដែលបានផ្តល់កិច្ចការទំនាក់ទំនងសាធារណៈល្អ។ ដោយយោងលើប្រទេសបង់ក្លាដែស ដែលប្រាក់ឈ្នួលទាបជាងកម្ពុជាខ្លាំង ហើយលក្ខខណ្ឌការងារ ត្រូវបានថ្កោលទោសជាទូទៅ។លោក Welsh បានថ្លែងថា៖ «ការកាត់បន្ថយថ្លៃចំណាយ បានកើតឡើងរួចហើយនៅប្រទេសបង់ក្លាដែស»។
ប្រសិនបើលក្ខខណ្ឌ ពុំល្អប្រសើរ នៅបង់ក្លាដែស ដែលកម្មករ យ៉ាងហោចណាស់ ១១២ នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យ រោងចក្រ កាលពីខែវិច្ឆិកា បង់ក្លាដែស អាចនឹងបាត់បង់ឧស្សាហកម្មមួយផ្នែក ទៅប្រទេសមីយ៉ាន់ម៉ា ខ្លាំងជាងកម្ពុជា។ តាមពិតឧស្សាហកម្មកម្ពុជា អាចបន្តរីកចម្រើន ដោយសារកម្ពុជា ទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដែលមីយ៉ាន់ម៉ា អាចមិនទទួលបានទេ។
លោក Welsh បានបន្ថែមថា៖ «ជាការពិត ឧស្សាហកម្មនៅទីនេះ កំពុងរីកចម្រើន។ ស្ថានការណ៍គួរឲ្យចាប់អារម្មណ៍គឺកំណើនអ្នកទិញពីប្រទេសដទៃទៀត នៅលើពិភពលោក។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែជាកន្លែងដែលសម្លៀកបំពាក់ភាគច្រើន ត្រូវបាននាំចេញទៅ ប៉ុន្តែ មានការរីកចម្រើននៅកន្លែងផ្សេងទៀត»។ TK
រាយការណ៍បន្ថែមដោយ DANSON CHEONG និង THE MYANMAR TIMES