ភ្នំពេញៈ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​សមាគម​សហព័ន្ធ​ផ្លាស់ប្តូរ​វប្បធម៌ និង​សេដ្ឋកិច្ចកម្ពុជា-កូរ៉េ​ (CKEF) ​គ្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ​ស្តីពី​គម្រោង​អភិវឌ្ឍន៍​កសិដ្ឋាន​វៃឆ្លាត​ (Smart Farm Project) ដែលជា​គម្រោង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ពីថ្ងៃ​ទី​ ១ កុម្ភៈ លោក​ Harry Hwang នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​នៃ​សមាគម​សហព័ន្ធ​ផ្លាស់ប្តូរ​វប្បធម៌​ និង​សេដ្ឋកិច្ច​កម្ពុជា-កូរ៉េ ឱ្យដឹងថា វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ជាពិសេស​គឺ​អនុវិស័យ​ដំណាំ​កសិកម្ម ដែល​ជា​អនុវិស័យ​ធំជាងគេ​ក្នុង​ចំណោម​អនុវិស័យ​ចំនួន​ ៤ ស្ថិតក្រោម​ក្រសួង​កសិកម្ម​។

លោក​បន្តថា ទន្ទឹមនឹងនេះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​អនុវិស័យ​ដំណាំ​កសិកម្ម រួមមាន បច្ចេកវិទ្យា​ក្នុង​ផលិតកម្ម​មាន​កម្រិត​ទាប កសិផល​ផលិត​សល់​លើសពី​តម្រូវការ និង​ទីផ្សារ​កសិផល​កម្ពុជា​នៅ​តូចចង្អៀត​។​ល​។

លោក​ Harry Hwang ​ថ្លែង​ថា​៖ «​ដោយបាន​មើលឃើញ​ពី​ភាពរីកចម្រើន​នៃ​វិស័យ​កសិកម្ម និង​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​អនុវិស័យ​ដំណាំ​កសិកម្ម​តំណាង​ CKEF មាន​ការចាប់​អារម្មណ៍​ និង​មាន​បំណង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​គម្រោង​អភិវឌ្ឍន៍​កសិដ្ឋាន​ឆ្លាតវៃ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយ​សាកលវិទ្យាល័យ Konkuk (Konkuk University) ​នៃ​សាធារណរដ្ឋ​កូរ៉េ​»​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​គម្រោង​នឹងមាន​ដូចជា​ ១. ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល បច្ចេកទេស​ថ្នាក់ជាតិ ២. ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​នានា​ជូន​មន្ត្រី​បច្ចេកទេស និង​កសិករ​នៅតាម​បណ្តា​រាជធានី-ខេត្ត​ទាំង​ ២៥​។ ៣. ​អភិវឌ្ឍ​ដំណាំ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ១០០ ​ហិកតា​ ដែល​មាន​សក្តានុពល​សម្រាប់​ការដាំដុះ ដំណាំ និង​ ៤. ស្រាវជ្រាវ​រក​ប្រភេទ​ដំណាំ​ដែលមាន​សក្តានុពល​សម្រាប់​ផលិតកម្ម និង​ទីផ្សារ​។

បើតាម​លោក​ Harry Hwang ទោះជា​យ៉ាងណា​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​រៀបចំ​មុន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​។

លោក​ និង​ក្រុមការងារ​នៃ CKEF ត្រូវការ​ពេលវេលា​យ៉ាង​ឆាប់​បំផុត​ចំនួន​ ១ ​ខែ​កន្លះ មុន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​អាច​ដំណើរការ​បាន​ដោយសារ​ក្រុមការងារ​ត្រូវចំណាយ​ពេល​ដើម្បី​ពិភាក្សា​យោបល់​ជាមួយ​ជំនាញការ​នៃ​សាកលវិទ្យាល័យ Konkuk ការធ្វើ​ដំណើរ​របស់​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ដែល​តម្រូវ​ឱ្យ​មាន​ការធ្វើ​ចត្តាឡីស័ក​នៃ​ប្រទេស​ទាំង​ ២​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​មិនមាន​បញ្ហា​រាំងស្ទះ​ណាមួយ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​នឹងត្រូវ​រៀបចំ​ឡើង​យ៉ាង​ឆាប់​បំផុត​គឺ​នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខនេះ​»​។

លោក​ ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឯកភាព​លើ​សំណើ​ពេលវេលា​នៃ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​របស់​តំណាង CKEF​។ លោក​បាន​ស្នើឱ្យ​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សហការ រក្សា​ទំនាក់ទំនង ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​ព័ត៌មាន​ជាមួយ​តំណាង CKEF ដើម្បីឱ្យ​ការចុះ​អនុស្សរណៈ​អាច​រៀបចំ​បាន​ឆាប់​តាម​ការរំពឹងទុក​។

លោក​ ងិន ឆាយ ថ្លែងថា​៖ «​យើង​បាន​ជួបពិភាក្សា និង​គេ​ចង់​មក MOU ជាមួយ​ក្រសួង​កសិកម្ម​ក្នុង​ការនាំ​ចូល​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា​ដាំដុះ​នៅលើ​ផ្ទះ​សំណាញ់​ជាដើម​។ គំនិត​របស់គាត់​គឺ​ចង់​បង្កើត​មជ្ឈមណ្ឌល​កសិកម្ម​មួយ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គាត់​ត្រូវការ​ដី​នោះ​គឺ​ ១០០ ​ហិកតា ក្នុង​ការសាងសង់​ទីតាំង​មួយ​»​។

លោក​បន្តថា​៖ «​បើ​យើង​ឯកភាព គេ​មាន​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ សហការ​ជាមួយ​វិស័យ​ឯកជន​មក​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​កំណត់​ទីតាំង​ទៅលើ​ខេត្ត​ណា តំបន់​ណា​វា​សមស្រប​»​។

លោក​ វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​ពី​ម្សិលមិញ​ថា តាម​អ្វី​ដែល​លោក​បាន​ចរចា​កន្លងមក ក្រសួង​បាន​ធ្វើ​កិច្ចការ​នេះ​រយៈពេល​ជិត​ ២ ​ខែ​ហើយ​ក្នុង​ការរៀបចំ​ធ្វើ​សេចក្តីព្រាង​លើ​ការសិក្សា​គម្រោង​នេះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ក្រសួង​ចង់​ប្រមូលផ្តុំ​ការផ្សព្វផ្សាយ​នូវ​បច្ចេកវិទ្យា​ថ្មី​ដល់​ប្រជាកសិករ ព្រោះ​ភាគច្រើន​កសិករ​នៅ​កម្ពុជា​មិនទាន់​បានដឹង​ពី​ការធ្វើ​កសិកម្ម​ប្រកប​ដោយ​ភាពវៃឆ្លាត​។

បើតាម​លោក​រដ្ឋមន្ត្រី ខេត្ត​មណ្ឌលគិរី​នឹង​ត្រូវ​បានជ្រើសរើស​យក​មក​អនុវត្ត​គម្រោង​នេះ​នាពេល​ខាង​មុខ ព្រោះ​ខេត្ត​មួយ​នេះ​មាន​ស្ថានភាព​អាកាសធាតុ​ត្រជាក់​ល្អ និង​អាច​ដាំ​ផលិតផល​ដែលជា​របស់​ពលរដ្ឋ​នៅ​ទី​នោះបាន​។ ភូមិភាគ​កណ្តាល និង​ខេត្ត​ដទៃទៀត​មិន​អាច​ធ្វើបាន​ដូច្នេះ​ក្រសួង​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​ចេញ​ជា​រូបរាង​នាពេល​ខាងមុខ​តាមរយៈ​គម្រោង​នេះ​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ខ្ញុំ​បាន​ធ្វើដំណើរ​ទៅពិនិត្យ​មើល​នៅ​ទីតាំង​នោះ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។ យើង​អាច​កំណត់​ទីតាំង​នោះ សម្រាប់ធ្វើ​ការអភិវឌ្ឍ និង​ជម្រើស ទី​២ យើង​នឹងត្រូវ​ជ្រើសរើស​ខេត្ត​ស្ទឹងត្រែង​ដែលមាន​ដី​រួចហើយ គឺ​នៅជាប់​នឹង​ទំនប់​សេសាន​ ២​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ខេត្តមណ្ឌលគិរី​ដែល​ប្រែក្លាយ​ទីតាំង​នោះ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផលិត​ពូជ​ដំឡូង​បារាំង ក៏ដូចជា​ដំណាំ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅដល់​ដំណាំ​ដី​ខ្ពស់​ និង​តំបន់​ត្រជាក់​ដើម្បី​ឈាន​ដល់​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ជំនួស​ដល់​ការនាំ​ចូល​ពី​ក្រៅ​ប្រទេស​»៕