ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គឺជា​សរសៃឈាម​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​។ នេះ​ជា​ការលើក​ឡើង​របស់​លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។

ក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​លោក ផាក បាន​ថ្លែងថា ការស្ដារ និង​អភិវឌ្ឍន៍​ផ្លូវជាតិ​ទាំង​ ២ ​ខ្សែ​នាពេលនេះ​គឺជា​ការតភ្ជាប់​បណ្ដាញ​ផ្លូវ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការតភ្ជាប់​រវាង​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម​ដែល​នឹង​នាំមក​នូវ​ការសម្រួល​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​នៃ​ប្រទេស​ទាំង​ ២ (​កម្ពុជា-វៀតណាម​) ផងដែរ​។

លោក​ថ្លែងថា​៖ «​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គឺជា​ការកសាង​សរសៃឈាម​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​។ យើង​រីករាយ​ដែល​បាន​ចូលរួម​នៅក្នុង​គម្រោង​ដ៏សំខាន់​នេះ​ជាមួយ​កម្ពុជា​»​។

លោក​ផាក​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា រដ្ឋាភិបាល​កូរ៉េ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​លើកកម្ពស់​អភិបាល​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ដើម្បី​ភាពរីកចម្រើន​របស់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ ២ (​កម្ពុជា-កូរ៉េ​) ​ផងដែរ​។

នៅក្នុង​ឱកាស​នោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ថា ការអភិវឌ្ឍ​បណ្ដាញ​ផ្លូវ មិនមែន​សម្រាប់​តភ្ជាប់​តែ​នៅក្នុង​ប្រទេស​នោះទេ តែ​ត្រូវ​តភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រទេស​ជិតខាង ហើយ​នៅពេលនេះ «​មិត្ត​កូរ៉េ​បាន​ជួយ​តភ្ជាប់​បណ្ដាញ​ផ្លូវ​ឲ្យ​យើង​» ​ទៅ​ជាប់​ជាមួយ​បណ្ដាញ​ផ្លូវ​របស់​វៀតណាម ដែល​អាច​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម​។

លោក​បាន​បន្តថា មិនមែន​តែ​ផ្លូវ​ ២ ​ខ្សែ​នោះទេ ផ្លូវ​លេខ​ ២១ ​ដែល​បាននិង​កំពុង​អភិវឌ្ឍ​សាងសង់​ពី​ខេត្តកណ្ដាល​ទៅ​ជ្រៃ​ធំ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​រួមទាំង​ផ្លូវជាតិ​លេខ​ ៤៨ ដែល​តភ្ជាប់​ពី​ខេត្តកោះកុង​មក​ផ្លូវជាតិ​លេខ​ ៤ ក៏​ជា​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​អរគុណ​រដ្ឋាភិបាល និង​ពលរដ្ឋ​កូរ៉េ​ដែល​បាន​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុជា​។ ការតភ្ជាប់​ទំនាក់ទំនង​ខាង​នយោបាយ និង​រដ្ឋបាល វា​មិន​គ្រប់គ្រាន់​ទេ តែ​វា​ត្រូវមាន​ការតភ្ជាប់​ជា​រូបវន្ត សំខាន់​សំដៅលើ​ការតភ្ជាប់​បណ្ដាញ​ផ្លូវថ្នល់​នេះ​តែម្ដង​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ២២ មាន​ប្រវែង​សរុប​ ៧២.១៧ ​គីឡូម៉ែត្រ​នឹងត្រូវ​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​ AC ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ៥៦.១ ​លាន​ដុល្លារ​អាមេរិក​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​ ២ ចាប់ពី​រង្វង់មូល​តាខ្មៅ​ដល់​អូរ​ចំបក់​ខេត្តតាកែវ​មាន​ប្រវែង ​៦២.៥៦ ​គីឡូម៉ែត្រ (​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តតាកែវ​) និង​ផ្លូវជាតិ​ ២២ ពី​អូរចំបក់​ដល់​អង្គតាសោម​មាន​ប្រវែង​ ៩.៦១ ​គីឡូម៉ែត្រ​ស្ថិត​ក្នុង​ភូមិសាស្ត្រ ខេត្ត​តាកែវ​។

ក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់​កូរ៉េខាងត្បូង​ជា​អ្នកប្រតិបត្តិ​ការសាងសង់​ផ្លូវ​ទាំង​ ២ ​ខ្សែ​នេះ និង​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣០ ​ខែ​គិត​ចាប់ពី​ខែ​តុលា ឆ្នាំ​ ២០១៩ ​រហូត​ដល់​ខែ​មេសា ឆ្នាំ​ ២០២២​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា​៖ «​ការស្ដារ​ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធ្វើ​សមាហរណកម្ម​តភ្ជាប់​ទំនាក់ទំនង និង​ការផ្លាស់ប្ដូរ​ទំហំ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង ទេសចរណ៍ និង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ផងដែរ​»​។

លោក​បាន​ថ្លែងថា បន្ទាប់ពី​ការសាងសង់​រួច​ជា​ស្ថាពរ ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ​នេះ​នឹង​ក្លាយជា​ខ្សែ​ផ្លូវ​ដ៏រឹងមាំ​មាន​លក្ខណៈ​ធំ​ទូលាយ​ដែល​អាច​ចូលរួម​ចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​របស់​កម្ពុជា​សំដៅ​សម្រួល​ដល់​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​កសិឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​តំបន់​នៅ​ទូទាំង​ប្រទេស​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ កម្ពុជា-វៀតណាម​ (​ភ្នំដិន-​ទិញបៀន​) ប្រកបដោយ​ភាពងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច​។

យោងតាម​ប្រសាសន៍​របស់​លោក​ ហ៊ុន សែន បញ្ហា​ផ្លូវថ្នល់​មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះទេ​។ កាលពី​ ៣៣ ​ឆ្នាំ​មុន​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​ឲ្យ​សហការី​របស់​លោក​ផ្ដោត​ការយក​ចិត្តទុកដាក់ និង​ផ្ដល់​អាទិភាព​ទៅលើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ទឹក ភ្លើង និង ផ្លូវថ្នល់​នេះ ហើយ​ ៣៣ ​ឆ្នាំ​ក្រោយ ចក្ខុ​វិស័យ​នេះ​បាន​ឆ្លើយតប​ជា​វិជ្ជមាន ហើយ​វា​អាច​នឹង​នៅតែ​ត្រឹមត្រូវ​សម្រាប់​រយៈពេល​ ១០០ ​ឆ្នាំ​ខាងមុខ​ទៀត​។

លោក​បាន​លើក​ជា​សំណួរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ពិចារណា​ផងដែរ​ថា​ «​តើ​យើង​អាច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​បាន​យ៉ាង​ដូចម្ដេច បើ​យើង​ផលិត​កសិផល​ ឬ​ផលិតផល​បាន​ហើយ​គ្មាន​ផ្លូវ​ដឹកជញ្ជូន​ ឬ​ការចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​វា​ថ្លៃ​ពេក​នោះ​?» តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះ​រដ្ឋាភិបាល​បានផ្ដល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដែល​កាលពី​មុន​ផ្លូវ​លំបាក​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន និង​ប្រើពេល​យូរ តែ​ពេល​នេះ​ចំណាយ​ថវិកា​តិច ពេល​តិច​៕