ភ្នំពេញៈ កម្ពុជា​ និង​កូរ៉េ​ប្រកាស​ដាក់​លក់​កាបូន​រេដបូក​របស់​កម្ពុជា​នៃ​គម្រោង​រេដបូក​កូរ៉េ-កម្ពុជា ឬ គម្រោង​រេដបូក​ទំរីង​ចំនួន ៦៤៥ ៤១០ តោន​នៅលើ​ទីផ្សារ​កាបូន​អន្តរជាតិ​ស្ម័គ្រចិត្ត ​ដើម្បី​យក​មូលនិធិ​ទៅ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន ​អភិរក្ស ​និង​ការការពារ​ព្រៃឈើ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី ៦៧ ៧៩១,១៧ ​ហិកតា​បន្ត​ទៀត។

លោក​ ឈុន ឌឺលុច ​ប្រធាន​គម្រោង​រេដបូក​ទំរីង​នៃ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ក្រុមហ៊ុន​មួយ​​នៅក្នុង​ទីផ្សារ​កាបូន​អន្តរជាតិ ​ដើម្បី​ទាក់ទង​ទៅ​ក្រុមហ៊ុន​ធំៗ​ដែល​មាន​កញ្ចប់​ថវិកា​សម្រាប់​ការពារ​បរិស្ថាន ​និង​អភិវឌ្ឍ​សហគមន៍​ដើម្បី​ឱ្យ​ជួយ​ទិញ​កាបូន​ពី​កម្ពុជា។ នៅ​ពេល​ទទួល​មូលនិធិ​ពី​ការលក់​កាបូន​នេះ​នឹង​យកទៅ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន ​និង​ការពារ​ព្រៃឈើ​បន្ត​ទៀត។

លោក​ថ្លែងថា​៖ «ឥណទាន​កាបូន​រេដបូក​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្តង់ដា​អន្តរជាតិ​កាបូន​ស្ម័គ្រចិត្ត និង​ស្តង់ដា​អាកាសធាតុ សហគមន៍ ​និង​ជីវចម្រុះ»។

លោក​ ឈុន ឌឺលុច ​បន្ថែមថា ​គម្រោង​រេដបូក​ដែល​ប្រកាស​ដាក់​លក់​នេះ​គឺជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​កូរ៉េ​ពាក់ព័ន្ធ​ទៅនឹង​ការអភិរក្ស ព្រៃឈើ​ក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ចំនួន​ ១៤ ដោយក្នុង​សហគមន៍​នីមួយៗ​មាន​គម្រប​ព្រៃឈើ​ចាប់ពី​ ២ ០០០ ទៅ​ ៤ ០០០ ហិកតា។ ព្រៃឈើ​ដែល​សហគមន៍​អភិរក្ស ​និង​ការពារ​អស់​រយៈពេល​ ១២ ឆ្នាំ​កន្លង​មក​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​កូរ៉េ។ ភាគី​កូរ៉េ​បាន​ជួយ​វាស់វែង​កាបូន​ក្នុង​ព្រៃឈើ​ ហើយ​បាន​រកឃើញ​កាបូន​ផ្ទុក​ក្នុង​ព្រៃ​ដែល​ការពារ ​ដោយ​សហគមន៍​នេះ​មាន​ចំនួន​ ៦៤៥ ៤១០​ តោន​ចាប់​តាំងពី​ខែ​មករា​ ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ ២០១៩។

បើ​តាម​លោក​ ឈុន ឌឺលុច ​គម្រោង​នេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ ដោយ​អនុញ្ញាត​ឱ្យ​មាន​ការលក់​កាបូន​ពី​សហគមន៍​ការពារ​ព្រៃឈើ​នេះនៅ​លើ​​ទីផ្សារ​កាបូន​អន្តរជាតិ។ ដូច្នេះ​នៅ​ពេល​នេះ​ក៏​ចាប់ផ្តើម​ផ្សព្វផ្សាយ​ និង​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​កាបូន​អន្តរជាតិ​។

លោក​បាន​បន្ត​ថា​៖ «សម្រាប់​ទីផ្សារ​កាបូន​អន្តរជាតិ ​ត្រូវបាន​គេ​ដាក់​លក់​ចាប់ពី​ ៤ ទៅ ៦ ដុល្លារ​អាមេរិក​ក្នុង​ ១ តោន​ ហើយ​សម្រាប់​កម្ពុជា​នឹង​ត្រូវ​ដាក់​លក់​ចាប់ពី​ ៥ ដុល្លារ​អាមេរិក​ឡើង​ក្នុង​ ១ តោន ខណៈ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​មួយចំនួន​ហើយ​ដែល​បាន​ចរចា​ក្នុង​ការបញ្ជា​ទិញ»។

នៅ​ប្រទេស​កម្ពុជា​ក៏ធ្លាប់​មាន​គម្រោង​កាបូន​បែប​នេះ​ដាក់​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ផងដែរ ​រួមមាន​គម្រោង​កាបូន​ព្រៃឈើ​នៅ​ភ្នំក្រវាញ​ភាគ​ខាង​ត្បូង​ (នៅ​​តំបន់​ការពារ) និង​មួយទៀត​គម្រោង​កាបូន​ព្រៃឈើ​នៅ​តំបន់​ការពារ​ធម្មជាតិ​ដែន​សីមា​នៃ​ខេត្ត​មណ្ឌលគិរី (តំបន់​ការពារ​ និង​អភិរក្ស​សត្វព្រៃ ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ) ​ដែល​ជា​គម្រោង​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា និង​សេវាកម្ម​ព្រៃឈើ​កូរ៉េ​ពី​ម្សិលមិញ ​ភាគី​ទាំង ២ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី ១០ ខែ​ធ្នូ ​ឆ្នាំ ២០១៤ ក្នុង​ការបង្កើត​គម្រោង​រួមគ្នា​មួយ​ដែល​ហៅថា ​គម្រោង​រេដបូក​កូរ៉េ-កម្ពុជា ​ឬ​គម្រោង​រេដ​បូកទំរីង។ គម្រោង​នេះ​ធ្វើការ​អនុវត្ត​នៅ​សហគមន៍​ព្រៃឈើ​ចំនួន ១៤ ស្ថិត​ក្នុង​ស្រុក​សណ្តាន់ និង​ស្រុក​សន្ទុក ​ខេត្ត​កំពង់ធំ​គ្របដណ្តប់​លើ​ផ្ទៃដី​ ៦៧ ៧៩១,១៧ ​ហិកតា ​ក្នុង​គោលបំណង ​ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ព្រៃឈើ​រ​ពេល​វែង​ និង​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​ដែល​ពឹងផ្អែក​លើ​ធនធាន​ព្រៃឈើ។

លោក​ កែវ អូម៉ាលីស្ស ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ដឹងថា​​នេះ​គឺជា​គម្រោង​ដែល​ទទួល​បាន​ជោគជ័យ ​និង ​លេចធ្លោ​ជាង​គេ​បំផុត​ក្នុង​កម្មវិធី​រេដបូក។ ព្រោះ​គម្រោង​នេះ​កើតឡើង​ដោយ​បណ្តុំ​សហគមន៍​ព្រៃឈើ​ចំនួន​ ១៤ ​ដែល​ប្រជាសហគមន៍​រួម​សហការ​គ្នា​អនុវត្ត​សកម្មភាព​ការពារ ​និង​គ្រប់គ្រង​ព្រៃឈើ​ហើយ​ពួកគាត់​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​កិច្ចការងារ​គ្រប់គ្រង​ព្រៃឈើ​ទាំង​នេះ។

លោក​បន្តថា​៖ «ម្យ៉ាង​ទៀត​ដោយ​មាន​​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សេវាកម្ម​ព្រៃឈើ​កូរ៉េ​ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី ​Wildlife Works Carbon ​រដ្ឋបាល​ព្រៃឈើ​នឹង​ពង្រីក​គម្រោង​ឥណទាន​កាបូន ​សហគមន៍​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​បន្ថែម​សកម្មភាព​ជាច្រើន​ទៀត​រួមទាំង​ការដាំ ស្តារ​ព្រៃឈើ​ឡើងវិញ ​ដើម្បី​ជំរុញ​ការគ្រប់គ្រង​ព្រៃឈើ​ឱ្យកាន់​តែ​ប្រសើរ​ថែម​ទៀត»។

រីឯ​លោក ​Kiyeon Ko ​អគ្គនាយក​នៃ​សេវាកម្ម​ព្រៃឈើ​កូរ៉េ ឱ្យ​ដឹងថា​ ប្រទេស​កូរ៉េ​មាន​សេចក្តី​សោមនស្សរីករាយ​ដែល​គម្រោង​រេដបូក​ទំរីង​បាន​ទទួល​ជោគជ័យ​ក្នុង​ការផលិត​ឥណទាន​កាបូន​សហគមន៍​ព្រៃឈើ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​យ៉ាងរឹងមាំ​រវាង​សេវាកម្ម​ព្រៃឈើ​កូរ៉េ​ និង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ។

លោក​បន្តថា​៖ «ការផលិត​ឥណទាន​ការបូន​នេះ ​បង្ហាញ​ថា ​ព្រៃឈើ​នៅក្នុង​តំបន់​គម្រោង​ត្រូវបាន​គ្រប់គ្រង និង​ការពារ​បាន​យ៉ាង​ល្អ។ ម៉្យាងទៀត​ការផលិត​ឥណទាន​កាបូន​ក៏ជា​ការចូលរួម​ចំណែក​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​ជំងឺ​ថ្មីៗ ​ដែល​មាន​ប្រភព​ពី​សត្វ​ព្រៃ​ (ឧទាហរណ៍ ​កូវីដ១៩)»៕