ភ្នំពេញៈ ​ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បន្ទុក​ទ្វេដង​នៃ​ជំងឺឆ្លង និង​ជំងឺ​មិន​ឆ្លង​ ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​អាច​ការពារ​មិន​ឲ្យ​បញ្ហា​នេះ​ក្លាយ​ជា​ «​មហន្តរាយ​» ​ដោយ​អនុវត្ត​វិធានការ​គ្រប់គ្រាន់ និង​ផ្តល់​ថវិកា​សមស្រប​ដើម្បី​ដោះស្រាយ​ជំងឺ​រុំារ៉ៃ​។

លោកស្រី Vicky Houssiere ជា​មន្ត្រី​ទំនាក់ទំនង​នៅ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​មហារីក ជំងឺ​ផ្លូវដង្ហើម​មហារីក និង​ជំងឺ​ទឹកនោមផ្អែម​គឺជា​ «​បញ្ហា​ធំ​បាន​និង​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​»​។

លោកស្រី​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ដោយ​សារភាព​ផ្លាស់ប្តូរ​នៃ​ការឆ្លង​រាតត្បាត​កម្ពុជា​កំពុង​ប្រឈម​នឹង​បន្ទុក​ទ្វេ​នៃ​ជំងឺ​ឆ្លង​ និង​ជំងឺ​មិន​ឆ្លង​»​។ លោកស្រី​ថ្លែង​ថា របាយការណ៍​ស្តីពី​ការតាមដាន​វឌ្ឍនភាព​នៃ​ជំងឺ​មិន​ឆ្លង​ឆ្នាំ​ ២០១៧ របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ជំងឺ​មិន​ឆ្លង​មាន​ចំនួន​​ ៦១ ​ភាគរយ​នៃ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា​។

ចំនួន​អ្នក​ជំងឺ​ដែល​ទទួល​បាន​ការព្យាបាល​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​សាធារណៈ​បាន​កើនឡើង​ដល់ ៨៣៦០ នាក់​ក្នុង​ឆ្នាំ​ ២០១៧ ដែល​កើនឡើង​ពី​ចំនួន​អ្នក​ជំងឺ ៦៦៨៥ ​នាក់​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ពី​ក្រសួង​សុខាភិបាល​ដែល​ចេញ​កាលពី​សប្តាហ៍​មុន​។ ចំនួន​អ្នក​ដែល​ទទួល​បាន​ការព្យាបាល​ជំងឺ​មហារីក​ក្នុង​ឆ្នាំ​ ២០១៥ គឺ ៣៥៦០ ​នាក់ និង​ ៥៨១៤ ​នាក់​ក្នុង​ឆ្នាំ​ ២០១៤​។

វេជ្ជបណ្ឌិត អៀវ សុខា នាយក​នៃ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​ជាតិ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ដែល​ទើប​បង្កើត​កាលពី​ពេល​ថ្មីៗ​បាន​ថ្លែង​ថា​ចំនួន​អ្នក​ជំងឺ​ដែល​ស្វែងរក​ការព្យាបាល​ជំងឺ​មហារីក​មាន​ការ​កើនឡើង ខណៈ​សាធារណជន​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​ជំងឺ​នេះ​ព្រមទាំង​ការពង្រីក​សេវា​។

ទោះបី​យ៉ាង​ណា​ក្តី​មាន​តែ​អគារ​សុខភាព​សាធារណៈ​តែ​ ២ ​ប៉ុណ្ណោះ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​ការព្យាបាល​ជំងឺមហារីក​។ ចំនួន​អ្នក​ជំងឺ​ដែល​ស្វែងរក​ការព្យាបាល​ជំងឺលើស​ឈាម និង​ទឹកនោមផ្អែម​ក៏​កើនឡើង​ផង​ដែរ​ក្នុង​ឆ្នាំ​ ២០១៧ ជាពិសេស​ជំងឺ​ទឹកនោម​ផ្អែក​បាន​កើតឡើង​ទៅ​លើ​ស្ត្រី​ច្រើន​ជាង​បុរស​។ អ្នក​ជំងឺ​សរុប​ ៥៦១៥២ ​នាក់​បាន​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ​នៅក្នុង​ឆ្នាំ​ ២០១៧ ​សម្រាប់​សេវា​ពាក់ព័ន្ធ​នឹង​ជំងឺ​ទឹកនោមផ្អែម ដែល​កើន​ពី​ ៤១៩៥៨ ​នាក់​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​របាយការណ៍​។ ទោះ​យ៉ាង​ណា​ក្តី​មាន​តែ​ ៧៤៤៨ ​នាក់​ប៉ុណ្ណោះ​បាន​ទទួល​ការព្យាបាល ហើយ​អ្នក​ដទៃ​ទៀត​ទទួល​បាន​ការប្រឹក្សា​យោបល់​។

វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អ្នក​ជំនាញ​ខាង​សុខភាព​សាធារណៈ​បាន​ថ្លែង​ថា ទិន្នន័យ​បច្ចុប្បន្ន​គឺ​ភាគច្រើន​បាន​មកពី​អ្នក​ដែល​ស្វែងរក​សេវា​គាំពារ ហើយ​ការស្រាវជ្រាវ និង​ការសិក្សា​វាស់ស្ទង់​ដែល​មាន​លក្ខណៈ​រឹងមាំ​ជាង​មុន គឺ​ត្រូវការ​ធ្វើ​ឡើង​ «​ដើម្បី​កំណត់​អត្តសញ្ញាណ​វិសាលភាព​ពិតប្រាកដ​នៃ​បន្ទុក​នៃ​ជំងឺ​រុំារ៉ៃ​»​។

លោក​ថ្លែង​ថា ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​ចំណេះដឹង​នៅ​ឡើយ​ស្តីពី​ជំងឺ​រុំារ៉ៃ​។ ពួកគេ​មិន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​ជា​ទៀងទាត់​ទេ គឺ​ជួប​គ្រូពេទ្យ​លុះត្រា​តែ​ពេល​ពួកគេ​បាន​ធ្លាក់​ខ្លួន​ឈឺ​ទៅ​ហើយ​។ «​យើង​ខក​ដាន​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រុំារ៉ៃ​»​។ «​ពេល​ពួកគេ​ស្វែងរក​ការព្យាបាល ពួកគេ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​»​។ លោក​ជឿថា​តួលេខ​ស្តីពី​ជំងឺ​រុំារ៉ៃ​អាច​ត្រូវ​បាន​ «​ប៉ាន់ប្រមាណ​ទាប​ជាង​ជាក់ស្តែង​»៕ PS