ភ្នំពេញៈ ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ​និង​បាន​ចាត់ទុក​សមាជិកសភា​សហភាព​អឺរ៉ុប​មួយចំនួនដែល​មាន​បំណង​ចង់​ហែហ​ម លោកសម រង្ស៊ី ប្រធានស្ដីទី​អតីត​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​វិល​មក​កម្ពុជា​ថា ​ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត មិន​គោរព អធិប​តេយ្យភាព និង​នីតិរដ្ឋ​កម្ពុជា។

សេចក្តី​ថ្លែង​ការ​ណ៍របស់​ក្រសួង​ការបរទេស ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា​នេះ ​ធ្វើ​ឡើង​បន្ទាប់​​ពី​កាល​ពី​ពេលថ្មីៗ នេះ​លោក សម រង្ស៊ី បាន​ប្រកាសថា​ លោក​នឹង​​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​ក្នុង​ខែកញ្ញា​ខាងមុខ ដោយ​មាន​សមាជិកសភា​សហភាព​អឺរ៉ុប​មួ​យ​ចំនួន​ចូលរួម​អម​ដំណើរ​​រូប​លោកជា​អ្វី​​ដែល​ក្រសួង​ការ​បរទេស​បាន​រំឭក​​ថា ​«ទណ្ឌិត​ សម រង្ស៊ី ​ត្រូវបាន​ទទួល​ការចោទប្រកាន់​ និង​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ ជាច្រើន​ករណី​ ដែល​មាន​ជា​អាទិ៍ អំពើ​ក្បត់​ជាតិ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បទ​ញុះញង់​មិន​ឲ្យ​យោធិន​ស្តាប់​បញ្ជា។ល។»។

សេចក្តី​ថ្លែង​ការណ៍​​បញ្ជាក់​ថា៖ «នៅ​ក្នុង​បរិបទ​នេះ បើសិន​ជា​មានការ​អនុវត្ត​បែប​នេះ ពី​សំណាក់ សមា​ជិក សភា​សហ​ភាពអឺរ៉ុប​មួយ​ចំនួន​តូច​អស់​ទាំង​នោះ ក្រសួង​ការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិសូម​សម្តែងនូវ​ការ​ខកចិត្ត​យ៉ាងខ្លាំងនិង​ចាត់​ទុក​ទង្វើ​អស់​ទាំង​នេះ ជា​​ទង្វើ​គ្មាន​លក្ខណៈ​កា​រទូត មិន​គោរព អធិប​តេយ្យ​ភាពនិង​នីតិរដ្ឋនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា»។

លើស​ពី​​នេះក្រសួង​ការ​បរទេសបា​ន​រំឭក​សមា​ជិក​សភា​សហ​ភាព​អឺរ៉ុប​ទាំ​ង​​អស់​នោះពី «មាត្រា ៤១» នៃ​សន្ធិ​សញ្ញា​​ទីក្រុង​វី​យែន ឆ្នាំ ១៩៦១ ស្ដីពី​ទំនាក់ទំនង​ការទូតដែល​តម្រូវ​ឲ្យ​បុគ្គល​ទាំង​អស់​ «ដែល​ទទួល​បាន​បុព្វ​សិទ្ធិនិង​អ​ភ័​​យឯក​សិទ្ធិត្រូវគោរព​ច្បាប់និង​បទ​ប្បញ្ញ​ត្តិ របស់​រដ្ឋ​ម្ចាស់ផ្ទះ។ បុគ្គល​ទាំង​នោះក៏​មាន​កាតព្វកិច្ច​មិន​ត្រូវ​ជ្រៀត​ជ្រែក​ចូល​កិច្​ការ​​ផ្ទៃក្នុង​​របស់​រដ្ឋ​ម្ចាស់​ផ្ទះ​ផងដែរ»។

ក្រសួងការ​បរទេស​​ក៏បាន​ព្រមាន​និ​ង​​ស្នើ​យ៉ាងទទូច​ដល់​អ្នក​នយោបាយ​បរទេ​​ស​ខាងលើ​អស់ទាំងនោះពិចារ​ណា​ឡើ​ង​វិញ​ជាបន្ទាន់​នូវ​ «ទង្វើ​ដែល​បង្កប់​ដោយ​ឧបាយ​កល​នយោបាយ និង​គ្មាន​លក្ខណៈ​ការ​ទូត​» ហើយ​និងបាន​អះអាង​ថា​ ក្រសួង ​«ប្តេជ្ញាចិត្ត​ឥត​ងាក​រេ​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​នីតិរ​ដ្ឋ និងក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរ​ភាព និង​ សណ្តាប់​ធ្នាប់​សាធា​រណៈដែល​ប្រជា​ជន​កម្ពុជា​កំពុង​ទទួល​បាន​សព្វថ្ងៃ​ន‍េះ»។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បន្ថែម​​លើ​បញ្ហា​នេះ​បាន​ទេ​កាល​ពី​ម្សិល​មិញ ប៉ុន្តែ លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​ ​បាន​ថ្លែង​ថា ​រាជ​រដ្ឋ​ភិ​បាល កម្ពុជា មិន​ស្វាគមន៍​ចំពោះ​បុគ្គល ​(សមាជិក សភា​​សហភាព​អឺរ៉ុប​មួយចំនួន) ដែល​មក​បំផុស​បំផុល បង្ក​ឲ្យ​មាន​កុបកម្ម​ចលាចល​នោះ​ទេ​ហើយ​រាជរដ្ឋាភិបា​ល កម្ពុជា​ នឹង​ចាត់វិធាន​ការ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ទង្វើ​បែប​នេះ។

លោកស៊ីផា​ន បញ្ជាក់​ដូច្នេះ​ថា៖ «បើ​គាត់ (​សមា​​​ជិក សភា​សហភាព​អឺរ៉ុប​មួយចំនួន) ចូល​ក្នុង​ទិសដៅ​សម្រាប់​បំផុសបំផុល ​ធ្វើ​ឲ្យ​មាន​កុបកម្ម​ ឬ​ចលាចល យើង​នឹង​មិន​អនុញ្ញាតឲ្យចូល​ទេ។ យើង​អាច​ចាត់វិធានការទី ១ មិន​ឲ្យ​ចូល។ វិធា​ន​​ការ​ទី​ ២ ពេល​គាត់​ចូលមក​យើង​អាច​ដេញ​គាត់​ចេញទៅវិញ ពីព្រោះ​​នេះ វា​ជាសិទ្ធិ​សេរីភាព​ និង​នីត្យា​កុលភាព​របស់​រដ្ឋាភិបាល​កម្ពុជា»។

យ៉ាង​ណា​ក្តីអង្គការ​សេរីភាព​អន្តរ​​ជាតិ​ ដែលមាន​មូលដ្ឋាន នៅ​ក្រុង​ឡុ​ងដ៍​​ កាលពី​ថ្ងៃ​សៅរ៍ ​បានធ្វើ​ការ​អំពាវ​នាវ​ជាថ្មី​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ភ្លាមៗ​រាល់​បទចោទ​ប្រកាន់​ប្រឆាំង​នឹ​ង​​​​លោក​កឹម សុខា ​​ប្រធាន​អតីត​គណបក្ស​​សង្គ្រោះ​ជាតិ និង​អ្នកនយោបាយ គណបក្ស​ប្រឆាំង រួមទាំង​លោក សម រង្ស៊ី។

អង្គការ​នោះ​​បញ្ជាក់​​ថា៖ «សម្តែ​ង​​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​ ដែលបាន​រត់គេច​ខ្លួន នឹង​វិល​ត្រឡប់​របស់​ពួកគេ​មក​កម្ពុជា​វិញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ដោះលែង​លោក កឹម សុខា និង​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ»។

លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​​គាំទ្រ​នូវ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​សមាជិកសភា​សហភាព​អឺរ៉ុប​មួយ​ចំនួ​ន ​ដែលមាន​បំណង​ចង់​ហែហម លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​ដោយ​លោក​​ថ្លែង​ថា​ ទង្វើ​បែបនេះ​ រំលោភ​អធិប​តេយ្យភាព និង​ច្បាប់​ប្រទេស​កម្ពុជា​ ដោយសារតែ​លោក ​សម រង្ស៊ី​ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ជាច្រើន ករណី​​ហើយ​​មាន​បណ្តឹង​ជាច្រើន​ករណី​នៅ​តុលាការ​។

លោក​គិន ភា បញ្ជាក់​​ថា៖«​ប្រសិ​ន​បើ​​ពួក​គាត់​ មកជា​មួយ​លោក សម រង្ស៊ី ​ចូល​ស្រុក វា​គឺជា​ការរំ​លោភ​យ៉ាង​ច្បា​ស់ ដូច្នេះ​ហើយ​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ច្បាប់»៕