ភ្នំពេញៈ រដ្ឋាភិបាល​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើងវិញ​ជាថ្មីទៀត ដើម្បី​រឹតបន្តឹង​បន្ថែម ខណៈ​ដែល​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើនឡើង​ខ្ពស់​ដោយ​ក្នុង​ឆ្នាំ​ ២០១៨ មាន​អ្នកស្លាប់​រហូតដល់​ចំនួន​ ១៨០០ ​នាក់​ហើយ​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​អាច​នឹងមាន​អ្នកស្លាប់​កើនឡើង​រហូតដល់​ជាង ២០០០ ​នាក់​ដែល​គិត​ជា​មធ្យម​មាន​អ្នកស្លាប់​ពី​ ៥ ​ទៅ​ ៦ ​នាក់​ជា​រៀងរាល់​ថ្ងៃ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី ២ ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ថា ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ធ្វើការ​ថែមទៀត​ក្នុង​ការរឹតបន្តឹង​ឲ្យ​មាន​ការគោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​។ ​«​សម្ដេច​ក្រឡាហោម​ (​ស ខេង​) បាន​ផ្ដល់​អនុសាសន៍​ឲ្យ​យើង​បង្កើត​ក្រុមការងារ​មួយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ម្ដងទៀត​ដើម្បី​រឹតបន្តឹង​ និង​ពិន័យ​ឲ្យ​បាន​តឹងរ៉ឹង​ថែមទៀត​»​។

លោក​បន្ដថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ សំដៅ​ពិនិត្យ​លើ​រថយន្ដ​កែច្នៃ និង​រថយន្ដ​ដឹកទំនិញ លើស​ទម្ងន់​កំណត់ និង​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម ដែល​ត្រូវតែ​កែប្រែ​ឡើងវិញ​។

បើ​តាម​លោក​រដ្ឋមន្ដ្រី​ច្បាប់​ចរាចរណ៍​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​គឺ​នៅមាន​ចំណុច​ខ្វះខាត​នៅឡើយ ដែល​ត្រូវ​ពិនិត្យ​មើល​ដើម្បី​ធ្វើ​វិសោធនកម្ម ពិសេស​លើ​ចំណុច​បច្ចេកទេស និង​លក្ខណៈ​យានយន្ដ​។

លោក​លើក​ឧទាហរណ៍​ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ថា​៖ «​បើ​ឡាន​ដឹក​លើស​ទម្ងន់​ខ្លាំងពេក យើង​អាច​រឹបអូស​ទុក​រយៈពេល​ ១ ​ខែ​ជាដើម ដើម្បី​ធ្វើ​ម៉េច​រឹតបន្តឹង​ច្បាប់​។ វិសោធនកម្ម​ច្បាប់​នេះ​ក៏​ធ្វើឡើង​ដើម្បី​កុំ​ឲ្យ​ផ្លូវ​យើង​ខូចខាត​ផង​ត្រួត​ពិនិត្យមើល​លើ​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​របស់​យាន​យន្ដ​ផង និង​ឲ្យ​ពលរដ្ឋ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ផង​»​។

លោក​បន្តថា​៖ «​យើង​ទើបតែ​បង្កើត​ក្រុម​ការងារ ដើម្បី​សិក្សា​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ មុន​នឹង​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​នេះ​ឡើងវិញ​។ យើង​ធ្វើ​នេះ គឺ​ត្រូវ​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​កែ​ច្បាប់​នេះ​ឡើងវិញ​»​។

លោក​លើកឡើងថា ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ​មាន​ចំនួន​ ១៨០០ ​នាក់​ក្នុង​ ១ ​ខែ​មាន​ ១៥០ ​នាក់​ និង​ស្លាប់​ក្នុង​រង្វង់​ចាប់ពី​ ៥-៦ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ដែល​ចំនួន​នេះ​ធំធេង​ណាស់ ធ្វើឲ្យ​រាជដ្ឋាភិបាល​មាន​ការព្រួយបារម្ភ​ខ្លាំង​។ ដូច្នេះ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ឡើងវិញ​នឹង​ធ្វើឲ្យ​ចំនួន​អ្នកស្លាប់​ថយចុះ​។

បើ​តាម​លោក​ ស៊ុន ចាន់ថុល ក្នុង​រយៈពេល​ ៦ ​ខែ​នៃ​ឆមាស​ទី​ ១ ឆ្នាំ ២០១៩ នេះ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​រហូតដល់​ ១០៣៣ នាក់ ហើយ​រហូត​ដល់​ដាច់​ឆ្នាំ​ ២០១៩ ​អាច​នឹង​កើន​ដល់​ជាង​ ២០០០ ​នាក់ បើ​មិន​មានការ​រឹតបន្ដឹង​ច្បាប់​។ ជាមួយ​គ្នា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​ប្រមាណ ៣៥០ ​លាន​ដុល្លារ​ផងដែរ​ក្នុង​ ១ ​ឆ្នាំ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​ប្រចាំ​កម្ពុជា​ជា​អង្គការ​ដែល​រៀបចំ​សន្និសីទ​នេះ​ថ្លែងថា សន្និសីទ​ឆ្នាំនេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​ «​ធ្វើការ​រួមគ្នា​ដើម្បី​សង្គ្រោះ​ជីវិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បច្ចុប្បន្ន និង​ក្នុង​ទសវត្សរ៍​បន្ទាប់​» ​មាន​រយៈពេល​ពី​ថ្ងៃ​គឺ​ថ្ងៃទី​ ៤-៥ ខែ កញ្ញា ដើម្បី​ផ្លាស់ប្ដូរ​ចំណេះដឹង និង​បទពិសោធ​នានា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​កាត់បន្ថយ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ថ្លែងថា​៖ «​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​តួលេខ​ខ្ពស់​ពិសេស​រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០១៩ ​ដែល​ការ​ព្យាករ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​អាច​មាន​អ្នកស្លាប់​រហូតដល់​ ៣០១២ ​នាក់​បើសិន​ជា​គ្មាន​វិធានការ​ឲ្យ​បាន​សមស្រប​ទេនោះ​»​។

លោក បញ្ញា លើក​ឡើង​ថា​ក្នុង​ផែនការ​រៀបចំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បន្ទាន់​សម្រាប់​ឆ្នាំ ២០២១-២០៣០ បើសិន​ជា​កម្ពុជា​មិនមាន​ផែនការ​សកម្មភាព​ឲ្យ​បាន​ច្បាស់លាស់​ទេ នោះ​ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត​។

លោក​ថា​តាមរយៈ​សន្និសីទ​ដែលមាន​វាគ្មិន​ចូលរួម​ជាង​ ៥០ ​រូប​ និង​ភាគី​ពាក់ព័ន្ធ​មកពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​ជាង ៣០០ ​នាក់​ទៀត​បាន​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ និង​បានលើកឡើង​ជា​អនុសាសន៍​ដូចជា​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ និង​ការអប់រំ​ត្រូវធ្វើ​ឲ្យ​បាន​ទន្ទឹមគ្នា បង្កើន​ការបំពេញ​ការងារ​ជា​ក្រុម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជំរុញ​ការយល់ដឹង​បន្ថែម​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាដើម​។

ទាក់ទង​នឹង​បញ្ហា​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​គោរព​ភ្លើងស្ដុប​នៅពេល​យប់ លោកស្រី មឹន មាណវី រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​រៀបចំ​ក្រុម​ដើម្បី​រងចាំ​ល្បាត​ពេលយប់​នៅតាម​ស្ដុប ព្រោះ​ជាទូទៅ​ភ្លើងស្ដុប​គឺ​ត្រូវ​បិទ​នៅ​អំឡុង​ម៉ោង​ ៩ ​យប់​៕