
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា សមយុទ្ធនាគមាសប្រចាំឆ្នាំរវាងកងទ័ពកម្ពុជា-ចិននឹងធ្វើឡើងទៅតាមផែនការគ្រោងទុកនៅក្នុងខែមីនានេះ។ ការបញ្ជាក់នេះបានធ្វើឡើង ខណៈប្រទេសចិនបានបង្ហាញពីក្ដីរំភើបចំពោះប្រទេសកម្ពុជាដែលមិនបានរើសអើងចំពោះចិនស្របពេលកំពុងជួបការលំបាកដោយសារការឆ្លងរាលដាលយ៉ាងខ្លាំងនៃវីរុស Covid-19។
លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែងថា «សមយុទ្ធនាគមាសឆ្នាំ ២០២០ រវាងកងទ័ពប្រទេស ចិន និងកម្ពុជានឹងប្រព្រឹត្តទៅតាមផែនការក្នុងខែមីនានេះ ដើម្បីបញ្ជាក់អំពីមិត្តភាពដ៏ជ្រាលជ្រៅរវាងកងទ័ពយើងទាំង ២។ ខ្ញុំជឿជាក់ថា ទន្ទឹមនឹងមានភាពធូរស្រាលនៃ Covid-19 នេះ (ក្នុងប្រទេសចិន) កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើគ្រប់វិស័យនឹងបញ្ចេញនូវភាពកាន់តែល្អប្រសើរជាងមុនថែមទៀត»។
កាលពីថ្ងៃម្សិលមិញលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើដំណើរទៅស្ថានទូតចិន ដើម្បីប្រគល់ម៉ាស់ចំនួន ៣ សែនបន្ទះ និងសម្លៀកបំពាក់ការពារឆ្លងមេរោគមួយចំនួនទៀតតាមរយៈលោក Wang Wentian ដើម្បីផ្ញើទៅឱ្យក្រសួងការពារជាតិចិនក្នុងការប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី Covid-19 ដែលបានផ្ទុះឡើងដំបូងនៅទីក្រុងវូហានប្រទេសចិនតាំងពីខែធ្នូ ឆ្នាំ ២០១៩។
គិតត្រឹមថ្ងៃចន្ទម្សិលមិញនៅក្នុងប្រទេស ចិន មានអ្នកឆ្លងវីរុស Covid-19 កើនឡើងប្រមាណ ៨ ម៉ឺននាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះគឺត្រូវបានព្យាបាលសះស្បើយ និងចេញពីមន្ទីរពេទ្យវិញមានជាង ៤ ម៉ឺននាក់ និងស្លាប់ចំនួន ២៩១២ នាក់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះកំណើននៃអត្រាឆ្លងថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ប៉ុន្តែប្រទេសមួយចំនួនក្នុងពិភពលោកកំពុងមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងវីរុស Covid-19 ទៅវិញ។
លោក Wang Wentian បានបន្តថា ប្រទេស ចិន ដែលស្ថិតក្រោមការដឹកនាំដោយប្រធានាធិបតីចិនលោក ស៊ី ជីនភីង នឹងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងវីរុស Covid-19 នាពេលខាងមុននេះ។
លោក Wang ថ្លែងថា៖ «ថ្វីដ្បិតវីរុសនេះមានភាពកាចសាហាវខ្លាំង ក៏ប៉ុន្តែមិនអាចរារាំងនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និងចិនឡើយ»។

កងទ័ពកម្ពុជា-ចិន និងរថពាសដែកចូលរួមលំហាត់នាគមាសប្រចាំឆ្នាំ ២០១៩ ។ រូបថត ក្រសួងការពារជាតិ
អគ្គរដ្ឋទូតរូបនេះបញ្ជាក់ថា ការបញ្ចេញសារគាំទ្រពីសំណាក់ព្រះមហាក្សត្រ និងការប្រកាសរបស់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដើម្បីរួមសុខរួមទុក្ខជាមួយប្រទេស ចិន និងប្រជាជនចិនក្នុងគ្រាកំពុងលំបាកដោយសារផ្ទុះឡើងវីរុស Covid-19 ដូចជាមិនបិទជើងហោះហើរមកពីប្រទេស ចិន មិនជម្លៀសប្រជាពលរដ្ឋចេញពីចិន និងការមិនរើសអើងលើជនជាតិចិនគឺជាការផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងបំផុតសម្រាប់ប្រទេស ចិន។
លោកថា៖ «អ្វីដែលប្រទេស ចិន រំភើបខ្លាំងគឺនៅក្នុងគ្រាលំបាករបស់ប្រជាជនចិន សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិនដែលបង្ហាញពីទឹកចិត្ត អត្ថន័យ និងគំនិតនៃសហគមន៍ជោគវាសនាចិន និងកម្ពុជា»។
លោក Wang Wentian បានថ្លែងឲ្យដឹងថា ការផ្ដល់ម៉ាស់ និងសម្ភារសម្លៀកបំពាក់ការពារឆ្លងមេរោគពីក្រសួងការពារជាតិកម្ពុជាទៅដល់ក្រសួងការពារចិនក៏ជាការបញ្ជាក់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់កងទ័ពប្រទេសទាំង ២ ដែរ។
សារព័ត៌មានចិន XINHUANET បានផ្សព្វផ្សាយថា កងទ័ពរបស់ប្រទេស ចិន បានបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជាង ៤០០០ នាក់ដែលបានបែងចែកជា ៣ ក្រុម ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅក្នុងទីក្រុងវូហាន ដែលតំបន់ឆ្លងខ្លាំងបំផុតក្នុងប្រទេស ចិន។
លោក ទៀ បាញ់ បានថ្លែងឲ្យដឹងថា ថ្វីដ្បិតសម្ភារដែលបានផ្ដល់ទៅឱ្យក្រសួងការពារជាតិចិនមានចំនួនតិចតួច ប៉ុន្តែនេះគឺជាទឹកចិត្តរបស់កម្ពុជាដែលចង់ចូលរួមជាមួយប្រទេស ចិន និងចង់ឱ្យប្រទេសនេះអាចបង្ក្រាបបានវីរុស Covid-19 ឱ្យបានឆាប់ជាទីបំផុត។
លោក ទៀ បាញ់ បានថ្លែងបន្តថា ចំពោះការធ្វើសមយុទ្ធនាគមាសខាងមុខក៏នឹងមិនមានការបន្ថយចំនួនកងទ័ពចូលរួមដែរ។ លោកបញ្ជាក់ថា គ្មានគម្រោងការណាមួយនៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិនត្រូវបានផ្អាក ឬកាត់បន្ថយឡើយ ប៉ុន្តែផ្ទុយទៅវិញគឺកាន់តែសកម្ម និងពង្រឹងបន្ថែមទៀត។
លោកថា៖ «អត់មានស្អីដែលប្រែប្រួលទេ កិច្ចសហប្រតិបត្តិការទាំងឡាយរួមទាំងការរៀបចំលំហាត់ និងហ្វឹកហ្វឺននាគមាសខាងមុខនេះក៏យើងនៅតែបន្តធ្វើ»។
កាលពីឆ្នាំ ២០១៩ សមយុទ្ធនាគមាសគឺបានធ្វើឡើងនៅខេត្តកំពតកាលពីអំឡុងខែកុម្ភៈដែលកងទ័ពកម្ពុជា-ចិន ចូលរួមជិត ៣ ពាន់នាក់ ដែលបានផ្ដោតទៅលើការពង្រឹងសមត្ថភាពក្នុងការបំពេញកិច្ចការមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម និងការថែរក្សាសន្ដិភាពក្រោមក្របខ័ណ្ឌ UN។ សមយុទ្ធនាគមាសកាលពីឆ្នាំមុនបានប្រើរថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ និងអាវុធជំនួយអាកាសជាដើម៕