
លោក សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីចុះ MoU ដើម្បីផ្លាស់ប្តូរនិស្សិត និងគ្រូបង្រៀនរវាងប្រទេសទាំង ២។ រូបថត រាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជានឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យរបស់ចិនចំនួន ៨ ដើម្បីផ្លាស់ប្តូរនិស្សិត និងគ្រូបង្រៀនរវាងប្រទេសទាំង ២ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ភាសា និងវប្បធម៌។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ រួមមាន ១- សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ២- សាកលវិទ្យាល័យភាសាបរទេសធានជីន ៣- សាកលវិទ្យាល័យភាសាបរទេសគ័ងតុង ៤- សាកលវិទ្យាល័យភាសាបរទេសគ័ងស៊ី ៥- សាកលវិទ្យាល័យជាតិខេត្តគ័ងស៊ី ៦- សាកលវិទ្យាល័យជាតិខេត្តយូណាន ៧- សាកលវិទ្យាល័យគរុកោសល្យយូណាន និងទី៨- សាកលវិទ្យាល័យហ័ងហឺ។ នេះបើតាមលោក សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជាពីម្សិលមិញក្រោយបញ្ចប់កិច្ចប្រជុំជាមួយ សាកលវិទ្យាល័យទាំង ៨ នៃសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី ១០ មីនា តាមរយៈអនឡាញ។
លោក សុខ ទូច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពិធីចុះ MoU នេះដើម្បីបើកផ្លូវឱ្យកម្ពុជាបញ្ជូនគ្រូបង្រៀនខ្មែរទៅបង្រៀនដល់សិស្សនៅចិន ឯភាគីចិននឹងបញ្ជូនសិស្សរបស់ខ្លួនមករៀនភាសាខ្មែរនៅកម្ពុជា។
លោកថ្លែងថា៖ «អាទិត្យក្រោយនេះយើងនឹងធ្វើពិធីចុះ MoU ទី ១ ដើម្បីបញ្ជូនគ្រូពីកម្ពុជាទៅកាន់សាកលវិទ្យាល័យទាំង ៨។ ទី ២ យើងនឹងទទួលសិស្សពីប្រទេសចិនមកកម្ពុជានូវសិស្សពូកែៗ។ ក្នុង ១ សាលា [ចិន] យើងយក ១០- នាក់មករៀននៅរាជបណ្ឌិត្យសភាកម្ពុជានឹងបង្កើតសៀវភៅរួមគ្នាមួយដើម្បីផ្តល់បរិញ្ញាបត្រភាសាខ្មែរ និងម៉ាស្ទ័រភាសាខ្មែរ»។
លោកចាត់ទុកការផ្លាស់ប្តូរសិស្ស និងគ្រូរវាងប្រទេសទាំង ២ នាពេលនេះគឺជាករណីពិសេសដោយក្នុងនោះកម្ពុជានឹងបញ្ជូនបញ្ញវន្តទៅប្រទេសចិន ដើម្បីបង្រៀនភាសាខ្មែរក៏ដូចជាវប្បធម៌ខ្មែរដល់សិស្សានុសិស្សនៅចិន។
លោកថា៖ «ចិនច្រើនចាក់ចូលវប្បធម៌គេមកយើងដោយសារគេមហាអំណាច។ ឥឡូវ យើងចាក់វប្បធម៌របស់យើងចូលទៅគេ [គេ] បញ្ជូនសិស្សរបស់គេមកកម្ពុជាដើម្បីសិក្សា មិនមែនតែភាសាខ្មែរទេ គឺវប្បធម៌ អរិយធម៌ ដើម្បីបកប្រែភាសាបច្ចេកទេសផ្លូវច្បាប់ដើម្បីឱ្យចិនមកវិនិយោគនៅកម្ពុជាកុំឱ្យរងគ្រោះនៃការបោកប្រាស់ពីជនខិលខូច»។
បើតាមលោក សុខ ទូច បន្ទុកនៃការសិក្សា ភាគីចិនជាអ្នករ៉ាប់រងទាំងអស់ ទាំងគ្រូខ្មែរ និងនិស្សិតចិន។ លោកថា៖ «គ្រូយើងទៅបង្រៀននៅគេទទួលបានប្រាក់ខែ ១ ៣០០ ដុល្លារ ក្នុង ១ ខែ។ ការស្នាក់នៅគេចេញថ្លៃឱ្យតែការហូបចុកយើងចេញខ្លួនឯងហើយបើគាត់ជាបណ្ឌិតអាចទទួលទៅដល់ ៣ ០០០ ដុល្លារ។ អ៊ីចឹងខ្ញុំនៅពេលខាងមុខនឹងបណ្តុះបណ្តាលភាសាខ្មែរដល់គ្រូដែលមានបរិញ្ញាបត្រដែលពូកែៗបញ្ជូនឱ្យទៅបង្រៀននៅស្រុកគេដើម្បីទទួលបានប្រាក់ខែខ្ពស់»។
លោករំពឹងថាតាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងចិននឹងស្គាល់គ្នាកាន់តែច្បាស់ ស៊ីជម្រៅ និងបង្កើនចំណងមិត្តភាពរវាងប្រទេសទាំង ២ កាន់តែជិតស្និទ្ធ។
ប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក អ៊ុំ វុទ្ធទី ថ្លែងថាការចុះ MoU នេះជាស្ពានចម្លងនៃប្រទេសទាំង ២ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យអប់រំ និងភាសាជាតិ។
លោកបញ្ជាក់ថា៖ «យើងកំពុងពង្រីកភាសាជាតិយើងទៅក្រៅប្រទេសគឺចិន។ កន្លងមកយើងរៀនតែភាសាគេ ឥឡូវគេរៀនភាសាយើង។ បានន័យថា ជាការវិវឌ្ឍថ្មីមួយទៀតសម្រាប់ភាសាជាតិជាការរួមចំណែកមួយទៅលើផ្នែកវប្បធម៌ ព្រោះភាសាជាអត្តសញ្ញាណ»។
លោកបន្ថែមថា «អ៊ីចឹងគេកំពុងរៀនពីអត្តសញ្ញាណរបស់យើង ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជាចិនឱ្យកាន់តែស៊ីជម្រៅ។ បើគេចង់រៀនភាសាយើងគេចង់ [រៀន] ពីវប្បធម៌ ស្វែងយល់ពីសេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ ប្រពៃណី និងសិល្បៈជាដើម»។
បើតាមលោក អ៊ុំ វុទ្ធទី និស្សិតខ្មែរដែលបានទទួលអាហារូបករណ៍សិក្សានៅប្រទេសចិនមានជាង ២ ៣០០ នាក់ ក្នុងនោះនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសចិនមានជាង ១០០ នាក់ និងរៀនតាមអនឡាញពីកម្ពុជាមានជាង ២ ២០០ នាក់។ ឯនិស្សិតចិនសិក្សានៅកម្ពុជាមានប្រមាណជា ១០០ នាក់៕