ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​លោក​ វ៉ាង វិនធាន ពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី គម្រោង​កិច្ចសហប្រតិបត្តិការ​ចំនួន​ ២០ ​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាង​ ៧ ​លាន​ដុល្លារ សម្រាប់​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ ២០២០​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​គម្រោង​ទាំង​ ២០ ​ថ្មី​នេះ ភាគច្រើន​គ្របដណ្ដប់​លើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​សង្គម អភិវឌ្ឍន៍​ធនធាន​មនុស្ស សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការកសាង​សមត្ថភាព ទេសចរណ៍​ និង​សេវាកម្ម បរិស្ថាន និង​ការការពារ​ធម្មជាតិ​ជាដើម​។ កិច្ចព្រមព្រៀង​នេះ​មាន​ទឹកប្រាក់​ ៧ ២២៥ ៤០០ ​ដុល្លារ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន មាន​ប្រសាសន៍​ថា កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ លោក​បាន​ចុះហត្ថលេខា​ជាមួយ លោក​ វ៉ាង វិនធាន ម្ដង​ហើយ​សម្រាប់​គម្រោង​ចំនួន ​១៩ របស់​កម្ពុជា​ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ឆ្នាំ​ ២០១៨​។

លោក​ថា​ គម្រោង​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់ ហើយ​បាន​បង្កើត​នូវ​សមិទ្ធផល​រូបី​ជាច្រើន​ក្នុង​ការលើក​កម្ពស់​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​សម្តែង​នូវ​ការពេញចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ការគាំទ្រ​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​គម្រោង​ថ្មី​ចំនួន​ ២០ ​បន្ថែម​ទៀត គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ឆ្នាំ​ ២០២០ ​ដែល​មាន​ថវិកា​សរុប​ចំនួន​ប្រមាណ​ជាង​ ៧ ​លាន​ដុល្លារ​អាមេរិក​»​។

លោក​ ប្រាក់ សុខុន ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​ភាគី​ចិន​ម្សិលមិញ​។ហេង ជីវ័ន

លោក​ថ្លែងថា គម្រោង​ទាំងនេះ​នឹង​បន្ត​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់​ផ្លូវអាកាស អប់រំ បេតិកភណ្ឌ​វប្បធម៌ ជាដើម​។ បើទោះបី​ជា​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្ដិ​កូវីដ​ ១៩ ក៏ដោយ ក៏​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន​ទាំង​កម្រិត​ទ្វេភាគី និង​ពហុភាគី​គឺ​នៅតែ​រក្សាបាន​នូវ​ភាព​សំខាន់​។

ប្រទេស​ចិន​ បាន​ចាត់ទុក​ប្រទេស​កម្ពុជា ជា​អាទិភាព​ចម្បង​ក្នុង​ការចូលរួម​ចំណែក​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​ដ៏កាច​សាហាវ​នេះ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច-សង្គម​។

លោក​ ប្រាក់ សុខុន បន្ត​ថា​ប្រទេស​ចិន​បាន​បញ្ជូន​គ្រឿង​បរិក្ខារ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​យ៉ាង​ឆាប់រហ័ស ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ហើយ​នាវា​ដឹកជញ្ជូន​ត្រូវបាន​ចាត់ចែង​ជាពិសេស​ដើម្បី​ធានា​នូវ​លំហូរ​នៃ​វត្ថុធាតុដើម សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​នៅ​កម្ពុជា​។

លោក​ថា ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​ទាន់​ពេលវេលា និង​មាន​សារៈសំខាន់​បំផុត​ក្នុង​ពេលវេលា​ដ៏លំបាក​នេះ​ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ និង​ជាការ​អះអាង​ជាថ្មី​នូវ​មូលដ្ឋាន​ដ៏រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​។ ចាប់តាំងពី​ការចាប់ផ្តើម​មូលនិធិ​ពិសេស​នៅ​ឆ្នាំ​ ២០១៦ គម្រោង​ទាំងនេះ​បាន​រួម​ចំណែក​ក្នុង​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង​ តាមរយៈ​ការបង្រួម គម្លាត​នៃ​ការអភិវឌ្ឍ ការពង្រឹង​ទំនុកចិត្ត និង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក និង​ការពង្រឹង​សមត្ថភាព​របស់​យើង​ក្នុងការ​ឆ្លើយតប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​។

លោក​ថ្លែងថា​៖​«​ខ្ញុំ​សូម​អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការ​ពង្រឹង និង​រឹតចំណង​មិត្តភាព​រវាង​បណ្តា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន​»​។

ឯកអគ្គរដ្ឋទូត​ចិន លោក​ វ៉ាង វិនធាន ប្រាប់​លោក ប្រាក់ សុខុន ថា​ចាប់​តាំងពី​ការបង្កើត​មក កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​នេះ​ដើរតួនាទី​ក្នុង​ការធ្វើ​ឲ្យ​ភូមិសាស្ត្រ​តំបន់​វប្បធម៌ និង​មិត្តភាព​នៃ​ប្រទេស​ទាំង​ ៦ ​ក្នុង​តំបន់​ខិតជិត​គ្នា ព្រមទាំង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​មាន​ប្រយោជន៍​ទៅវិញទៅមក​កាន់តែ​ស៊ីជម្រៅ​។

លោក​បន្តថា សមភាព និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​គោល​គំនិត​របស់​កិច្ចសហប្រតិបត្តិការ​ឡានឆាង-​មេគង្គ​ក្នុង​បរិយាកាស​ជា​គ្រួសារ​នេះ ទទួល​បាន​ការគាំទ្រ​កាន់តែ​ច្រើន​ពី​សាធារណជន​។

លោក​បញ្ជាក់ថា កម្ពុជា​បាន​ទទួលផល​យ៉ាងច្រើន​ពី​គម្រោង​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​អស់​រយៈពេល​ ៣ ​ឆ្នាំ​ជាប់​គ្នា ដែល​មាន​គម្រោង​សរុប​ ៥៥ បូករួម​ទាំង​គម្រោង​ឆ្នាំនេះ ហើយ​មាន​ទឹកប្រាក់​សរុប​ជាង​ ២០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​នេះ​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ និង​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ពិតជា​មាន​ផ្លែផ្កា​យ៉ាងខ្លាំង​។ យើង​សង្ឃឹម​ថា គម្រោង​ទាំងនេះ​នឹង​ជួយ​ពង្រឹង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា សង្គម និង​ផ្នែក​ផ្សេងៗ​ទៀត​»​។

លោក​ វ៉ាង វិនធាន បាន​មាន​ប្រសាសន៍​ថា​គម្រោង​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១ កំពុង​ចាប់ផ្ដើម ហើយ​លោក​សង្ឃឹម​ថា គម្រោង​ដែលមាន​គុណភាព​ទាំងនោះ​នឹងត្រូវ​ប្រកាស និង​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ក្នុង​តំបន់ បន្ទាប់ពី​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។ ចិន​នឹង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ ឲ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​ជួយ​ដល់​ការស្ដារ​សេដ្ឋកិច្ច​អនុតំបន់​ចេញពី​ភាពលំបាក​ និង​ធ្វើឲ្យ​រួម​វិភាគទាន​ដ៏ត្រឹមត្រូវ​របស់​ចិន​រួមចំណែក​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​ និង​នៅលើ​ពិភពលោក​៕