ភ្នំពេញៈ កម្ពុជា និងចិនកាលពីសប្តាហ៍មុនបានចុះកិច្ចព្រមព្រៀងដោះដូរព័ត៌មានហិរញ្ញវត្ថុដើម្បីកម្ចាត់ការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។
អង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជា និងមជ្ឈមណ្ឌលវិភាគ តាមដាន និងប្រឆាំងការលាងលុយរបស់ចិនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីសហការដោះស្រាយបញ្ហានេះ។ នេះបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។
ការលាងលុយគឺជាបញ្ហាជាយូរមកហើយក្នុងប្រទេសកម្ពុជាហើយមួយផ្នែកគឺដោយសារអំពើពុករលួយ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល កាលពីថ្ងៃចន្ទបានថ្លែងថាប្រទេសនេះត្រូវការបង្កើតយន្តការរឹងមាំមួយដើម្បីតាមដានការចូល និងចេញនៃហិរញ្ញវត្ថុ។ វាតែងតែត្រូវការឲ្យមានតម្លាភាពជាងមុនជាមួយវិស័យធនាគារ។
លោក ព្រាប កុល បានថ្លែងបន្តថានោះគឺជា «ការអនុវត្តល្អបំផុត» ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយក្នុងប្រទេសដទៃៗ។
លោកបានបញ្ជាក់ថា៖«ធាតុទាំងពីរនេះគឺសំខាន់ណាស់ដើម្បីរារាំង និងដោះស្រាយបញ្ហានៃការលាងលុយប៉ុន្តែយើងបានសង្កេតឃើញថាសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការធ្វើការងារនេះគឺនៅមានសមត្ថភាពមានកម្រិតនៅឡើយ»។
មន្រ្តីនៅអង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេហើយតំណាងនៅស្ថានទូតចិនក្នុងរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយឡើយ។
កាលពីខែមុនប្រទេសកម្ពុជាត្រូវបានដាក់ចំណាត់ថា្នក់ថាជាប្រទេសមានហានិភ័យខ្ពស់បំផុតនៅអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងពិភពលោកចំពោះភាពងាយទទួលរងគ្រោះនៃការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំដោយវិទ្យាស្ថាន Basel ស្តីពីអភិបាលកិច្ចដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។
ទោះជាយ៉ាងណាក្តីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន កាលពីថ្ងៃចន្ទបានការពារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកម្ចាត់បញ្ហានេះដោយលើកឡើងនូវវិធានការមួយចំនួនដែលត្រូវបានអនុវត្តដូចជាច្បាប់ប្រឆាំងការលាងលុយ និងអង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុ។
លោកបានថ្លែងបន្តថា៖ «ធនាគារត្រូវបានដាក់បញ្ញត្តិយ៉ាងល្អ»។
លោកបានបន្ថែមថាពួកគេក៏ត្រូវគោរពច្បាប់ឯកជនផងដែរ។
ប៉ុន្តែជាឧទាហរណ៍លោក ព្រាប កុល បានថ្លែងថាថាតើចំនួនការងារទំហំប៉ុនណាដែលអង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុបានធ្វើដើម្បីដោះស្រាយបញ្ហាទាំងនេះ«នៅមិនទាន់ត្រូវបានដឹង»។ លោកបន្តថា៖ «យើងមិនដឹងថាតើទំហំការងារប៉ុនណាដែលពួកគេកំពុងធ្វើនៅឡើយទេ»៕ PS