ភ្នំពេញៈ លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែង​ថា ប្រទេស​កម្ពុជា-ចិន បាន​ឯកភាពគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការត្រួតពិនិត្យ​គ្រឿងញៀន ព្រមទាំង​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នៅក្នុង​តំបន់​ត្រីកោណមាស​។

បើ​តាម​លោក មាស វិរិទ្ធ ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី កម្ពុជា-ចិន​លើក​ទី​ ៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ខេត្ត​ឆាងសា ខេត្ត​ហ៊ូណាន ប្រទេស​ ចិន​ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កម្ពុជា និង​ចិន​ បាន​ឯកភាព​គ្នា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យ​គ្រឿងញៀន និង​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​។

លោក​បន្តថា ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ភាគី​តំណាង​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ភាគី​ចិន​មាន​ការចូលរួម​ពី​លោក​ លាង យុន អគ្គលេខាធិការរង​នៃ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន តំណាង​មូលនិធិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន​នៃ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន តំណាង​ខេត្ត​ហ៊ូណាន​តំណាង​ខេត្ត​យូណាន ប្រទេស​ ចិន​។

លោក​ថា​៖ «​កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​ផ្លាស់​វេន​គ្នា​ប្រចាំឆ្នាំ​ដោយ​ផ្តោត​ទៅលើ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា​ទី​ ១ ​ការចែករំលែក​ព័ត៌មាន​ស្តីពី​គ្រឿងញៀន​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ ២​។ ទី ​២ ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការងារ​អនុវត្ត​ច្បាប់ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កាត់បន្ថយ​តម្រូវការ ការអប់រំ​ផ្សព្វផ្សាយ ការព្យាបាល​ស្តារនីតិសម្បទា ការធ្វើ​សមាហរណកម្ម និង​ការគាំទ្រ​ការបណ្តុះបណ្តាល​ជំនាញ​ឲ្យ​គ្នា​ទៅវិញទៅមក​»​។

លោក​បន្ថែមថា ភាគី​ចិន​បាន​បណ្តុះបណ្តាល​ធនធាន​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​។ ផ្តល់​ធនធាន​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន និង​សភាពការណ៍​ទៅវិញទៅមក និង​លទ្ធផល​នៃ​ការបង្ក្រាប​គ្រឿងញៀន និង​សកម្មភាព​ផ្សេងៗ​។

លោក​បន្តថា ប្រទេស​ កម្ពុជា​ និង​ចិន​គឺជា​ប្រទេស​ដែល​រងគ្រោះ ដោយសារ​ក្រុម​ឧក្រិដ្ឋជន​លួច​​ធ្វើ​សកម្មភាព ចរាចរ​ដឹកជញ្ជូន​គ្រឿងញៀន​ពី​តំបន់​ត្រីកោណ​មាស​ឆ្លងកាត់​ប្រទេស​ទាំង​ ២ និង​ប្រទេស​តំបន់​ទន្លេមេគង្គ​ដែល​តម្រូវ​ឲ្យ​ប្រទេស​ទាំង​ ២ ត្រូវខិតខំ​កាន់តែខ្លាំង​ឡើង​ថែមទៀត​ក្នុង​ការសហការ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុងការ​ទប់ស្កាត់​ការចរាចរ គ្រឿងញៀន​ពី​តំបន់ត្រីកោណ​មាស និង​ដើម្បី​បំផ្លាញ​អង្គការ​ចាត់តាំង​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «​យើង​បានកត់សម្គាល់​ឃើញ​ថា ប្រទេស​យើង​ទាំង​ ២ ​បានទទួល​រងការគំរាម​កំហែង​ដោយសារ​តែ​គ្រឿងញៀន​ដែល​ក្រុម​ឧក្រិដ្ឋជន​លួច​ផលិត​នៅក្នុង​តំបន់​ត្រីកោណមាស ហើយ​ធ្វើការ​ជួញដូរ​ឆ្លងកាត់​ប្រទេស​យើង​ទាំង​ ២​។ ដូច្នេះ​ហើយ​យើង​ប្តេជ្ញា​រួមគ្នា​ទប់ស្កាត់ ការចរាចរ​គ្រឿងញៀន​ពី​តំបន់ត្រីកោណ​មាស ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​គ្រឿងញៀន​បន្ត​ការគំរាម​កំហែង ឬ​ធ្វើ​សកម្មភាព​កាន់តែ​រីករាលដាល ទាំង​ការជួញដូរ និង​ការប្រើប្រាស់ និង​បង្រួម​ទីផ្សារ​នៃ​ការជួញដូរ និង​ប្រើប្រាស់​»​។

ជាមួយ​គ្នា​នេះ​លោក​ យ៉ាង ហ្វេនរី (Yang Fengrui) ប្រធាន​មូលនិធិ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន​ចិន​បាន​ផ្តល់​តេស្ត​បឋម​ស្វែងរក​សារធាតុ​ញៀន​ដែល​មាន​តម្លៃ ៥០០ ០០០ ​យន់​ដល់​កម្ពុជា​។ សូមបញ្ជាក់​ថា​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា-ចិន​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​លើក​ទី​ ៩ ឆ្នាំ​ ២០២០ ​នៅ​ប្រទេស​កម្ពុជា​។

លោក​ មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​កម្ពុជា​ស្វាគមន៍​នូវ​ការឯកភាព​គ្នា​រវាង​កម្ពុជា-ចិន​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ការទប់ស្កាត់ និង​បង្ក្រាប ការជួញដូរ​គ្រឿងញៀន​។ លោក​សង្ឃឹមថា​តាមរយៈ​ការប្រឹងប្រែង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការរីករាលដាល​ការជួញដូរ​គ្រឿងញៀន​នៅក្នុង​តំបន់​ត្រីកោណមាស​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍ ការខិតខំ​របស់​អាជ្ញាធរ​កម្ពុជា និង​ប្រទេស​ចិន​ក្នុង​ការរួម​ចំណែក​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ដោយសារ​តែ​បញ្ហា​គ្រឿងញៀន​បាន និង​កំពុងតែ​រីករាល​យ៉ាងខ្លាំង​ទាំង​ក្នុង​ប្រទេស ក្នុង​តំបន់ និង​អន្តរជាតិ​។ ប្រសិនបើ​អាជ្ញាធរ​មិនអាច​ទប់ស្កាត់​ការរីក​រាលដាល​នេះ​បាន​ទេ វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាង​ធំ​ដល់​សង្គមជាតិ​យើង​»​។

តាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​ ៣៦ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ២២ ​ករណី ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ​នេះ​។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៦ ​នាក់​ មាន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ២០​ នាក់ និង​ប្រើប្រាស់​ ១៦ ​នាក់​។

វត្ថុតាង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​នោះដែរ រួមមាន​មេតំហ្វេតាមីន​ ១៩,៨១ ​ក្រាម និង​ ៨៧ ​កញ្ចប់​តូច កេតាមីន​ ០,៤១ ​ក្រាម និង​អិចស្តាហ្ស៊ី​ ១,០២ ​ក្រាម​។ របាយការណ៏​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹងថា​រយៈពេល​ជាង​ ១១ ​ខែ​ក្នុងឆ្នាំនេះ​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ដកហូត​សារធាតុ​ញៀន​ជិត​ ​៦៧៦ ​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​ ២ ​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​ ៣០ ​ភាគរយ​ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។

របាយការណ៍​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​​ ១ ​ម៉ឺន​ ៨ ​ពាន់​នាក់ មាន​ស្រី​ជាង​ ១ ២០០ ​នាក់​ ក្នុង​នោះ​ជនបរទេស​ ៣៨១ ​នាក់ និង​មាន​ ១២ ​សញ្ជាតិ​។ របាយការណ៍​បន្ថែមថា សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​ដកហូត​មាន​ទម្ងន់​ជិត ៦៧៦ គីឡូ និង​កញ្ឆាក្រៀម ៩៩ ​គីឡូ​រួមទាំង​ប្រភេទ​កញ្ឆា​ស្រស់​ចំនួន ៨៦ ៤១៦ ​ដើម​៕