ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​ចិន​ និង​ កម្ពុជា ​នៅថ្ងៃទី​១៩ ​មិថុនា​នេះ​ បាន​រួម​គ្នា​រៀបចំ​ពិព័រ​ណ៍​ស្ដីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ កម្ពុជា​-​ចិន ​ក្រោម​ពាក្យ​ស្លោក «​ដួង​ចិត្ត​តែ​មួយ​ ដើម្បី​កសាង​សហ​គម​ន៍​និង​វាសនា​តែមួ​យ ចាប់​ដៃ​គ្នា​ដើម្បី​រក្សា​សន្តិភាព​និង​ធ្វើការ​អភិវឌ្ឍ​ន៍» ជា​អ្វី​ដែល​បង្ហា​ញ​ពី​ភាពរឹ​ង​មាំ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វាង​ប្រទេស​ទាំងពីរ​ខណៈ​ប្រទេស​លោក​ខាង​លិច​ហាក់​កំពុង​ឃ្លាត​ឆ្ងាយ​។

ការរៀប​ចំ​ពិព័រ​ណ៍​នៅ​កោះ​ពេជ្រ​រាជ​ធានី​ភ្នំពេញ​នេះ ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ជា​អធិប​តី​ពី​សំណាក់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​និង​លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា​ ហើយ​ក៏ជាការ​អបអរសាទរ​ចំពោះ​ចំណង​ការទូត​រយៈពេល​៦០​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ​ខណៈដែល​ភាគី​ចិន​ប្រ​កាស​ផ្តល់​ជំនួយ​ចំនួន ​១៣១ ​លាន​ដុល្លារ​ដើម្បី​ព​ង្រឹ​ក​ទំនាក់​​ទំនង​ទ្វេ​ភាគី​។​

យ៉ាង​ណា​ក្ដី​ពិធី​នេះ​បាន​រៀប​ចំ​ឡើង​ខណៈ​រដ្ឋាភិ​បាល​កម្ពុជា​កំពុង​រង​ការ​រិះ​គន់​និង​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​ពី​សហ​គម​ន៍​អឺរ៉ុប​ជុំវិញ​បរិយា​កាស​នយោ​បាយ​​ដែល​នាំ​ឲ្យ​ទំនាក់​ទំនង​រវាង​កម្ពុ​ជា​និង​សហ​រដ្ឋអា​មេ​រិក បាន​និង​កំពុង​ធ្លាក់ចុះ​ ពិសេស​បន្ទាប់​ពី​ក្រសួង​រតនា​គា​រជាតិ​អា​មេ​រិក​បាន​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​យោធា​កម្ពុជា​លោក ​ហ៊ីង ប៊ុន​ហៀ​ង ​ដោយ​លើក​ហេតុ​ផល​ថា បាន​​រំលោភ​សិទ្ធិ​មនុស្ស និង​បាន​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​លើ​ប្រជា​ពល​រដ្ឋ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ WEI FENGHE ដែល​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ បាន​លើក​ឡើង​ថា ​​ពិព័រ​ណ៍​យោ​ធា​រួមគ្នា ​កម្ពុជា​-​ចិន ​ក្រោម​ប្រ​ធាន​បទ«​ដួង​ចិត្ត​តែ​មួយ​ដើម្បី​កសាង​សហ​គមន៍​ វាសនា​តែ​មួយ​ ចាប់​ដៃគ្នា​​ដើម្បី​រក្សា​សន្តិ​ភាព និង​ធ្វើ​ការ​អភិវ​ឌ្ឍន៍​» នេះ បានបង្ហាញ​ពី​ភាព​រឹង​មាំនៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ចំណង​ការ​ទូត​រវាង​កម្ពុជា​-​ចិន រយៈពេល​៦០​ឆ្នាំ ហើយ​ក៏​បាន​បញ្ជាក់​ពី​សាមគ្គី​ភាព​គ្នា​ស្អិតរ​មួ​ត​រវាង​ប្រ​ទេស​ទាំង​ពីរ​ផង​ដែរ​។​

លោក​បានបញ្ជាក់​ថា៖«​ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​តាង​នាម​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ចិន​និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​សូម​សម្ដែង​ការ​អប​អរ​សាទរ​ កក់​ក្តៅ​ចំពោះ​ការ​បើ​ពិព័​រណ៍​នេះ​… ​យើង​រៀប​ចំពិព័រ​ណ៍​នេះ​គឺមាន​គោល​បំណង​បង្ហាញ​រូបភាព​ដ៏​រស់​រវើក​និង​ដើម្បី​បង្ហាញ​មិ​ត្ត​ភាព​ជា​ប្រពៃ​ណី​រវាង​ចិន​និង​កម្ពុជា ​និងជា​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​និង​ទំនុក​ចិត្ត​រវាង​ភា​គី​ចិន​និង​កម្ពុជា​ក្នុង​ការ​សាង​សហ​គមន៍​ទស្សនៈ​តែ​មួយ​ក៏ដូច​ជា​ប្ដេជ្ញា​ចិត្ត​ការ​ពារ​សន្តិសុខ​ស្ថិរ​ភាព​ក្នុង​តំបន់​និង​អន្តរ​ជាតិ​»។​

លោក​បាន​បន្ថែម​ថា៖«ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​អ្នក​ដឹក​នាំ​កំពូល​គ្រប់​ជំនាន់​នៃ​ប្រទេស​ទាំង​ពី​របាន​ផ្លាស់​ប្តូរ​យ៉ាង​ជិតស្និទ្ធ​​និង​បាន​កសាង​មិត្ត​ភាព​យ៉ាង​ជ្រាល​ជ្រៅ​…​ប្រធា​នា​ធិ​ប​តីចិន​ក៏ធ្លាប់​បាន​មាន​ប្រសា​សន៍ដែរ​ថា ប្រ​ទេស ​ចិន ​និង ​កម្ពុជា ​ជា​មិត្ត​ល្អ​ដែល​ចេះ​យល់​ចិត្ត​គ្នា​ហើយ​និង​ជា​ដៃគូ​ល្អ​រួម​ចិត្ត​រួម​ថ្លើម​ហើយ​ក៏ជា​សហ​គមន៍​មាន​ទស្សនៈ​តែ​មួយ​… ​”​។​

​លោក​បាន​បន្ថែម​ថា៖«​ដួង​ចិត្ត​តែ​មួយ​ដើម្បី​ក​សាង​សហ​គមន៍​និង​វាសនា​តែមួយ​ចាប់​ដៃគ្នា​ដើម្បី​រក្សា​សន្តិ​ភាព​និង​ធ្វើការអភិ​វឌ្ឍន៍​…​មិត្ត​ភាព​ចិន​និង​កម្ពុជា​ស្ថិត​ស្ថេរ​ជា​អ​មតៈ​»។​

ជាមួយ​គា្ន​នោះ​ដែរ ​រដ្ឋ​មន្ត្រី​ក្រសួង​កា​រពារ​ជាតិ​កម្ពុជា ​លោក ​ទៀ បាញ់​ ​បាន​លើក​ឡើង​ថា ​រាជ​រដ្ឋា​ភិបា​ល​កម្ពុជា​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ចំណង​មិត្ត​ភាព​និង​សាម​គ្គី​ភាព​រវាង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពី​រកម្ពុជា​ចិន​កាន់​តែ​មាន​ភាព​ស្អិតរ​មួ​ត ហើយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ថែម​ទៀត​ ដែល​នាំ​មក​នូវ​ផល​ប្រយោ​ជន៍​ទៅ​វិញ​ទៅម​ក​។​

លោក​បាន​បញ្ជាក់​ថា៖ «​វា​បង្ហាញ​អំពី​ចំណង​មិត្ត​ភាព​សាម​គ្គី​ភាព​និង​កិច្ច​សហ​ប្រតិ​បត្តិកា​រ​រ​វាង​ប្រទេស​ទាំងពី​រកម្ពុជា-​ចិន ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​និង​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​និង​បានបង្ហាញ​ជំហរ​បន្ត​ជួយ​ដល់​យោធា​កម្ពុជា​នៃ​កង​យោពល​ខេរ​ភូមិ​ន្ទ​លើ​គ្រប់​វិស័យ ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​រីក​ចម្រើន​ថែម​មួយ​កម្រិ​ត​ទៀត​»។​

ទោះជា​យ៉ាង​​ណា​ លោកស្រី Astrid Norn-Nilsson សាស្ត្រា​ចារ្យ​ជាន់​ខ្ពស់​នៅ​សា​កល​វិទ្យា​ល័យ ​Centre for East and South-East Asian Studies at Lund University ធ្លាប់​បាន​លើក​ឡើង​ថា ​វា​ជា​រឿង​គួរ​ឲ្យ​កត់​សម្គាល់​ដែល​រដ្ឋាភិ​បាល​កម្ពុជា ​បាន​អញ្ជើ​ញ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​មក​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ការពា​រ​ជាតិ​ថ្មី​មួយ​គឺ​តែ​មួយ​ខែ​នៅ​មុន​ការ​បោះឆ្នោ​ត​ចូល​មក​ដល់​។

លោក​ស្រី​ថា៖«វា​បញ្ជាក់​ពី​គោល​នយោ​បាយ​កិច្ច​ការ​បរទេស​របស់​កម្ពុជា​​ហាក់​នៅ​ដាច់​ឆ្ងាយ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពា​រ​ជាតិ​អាមេរិក​» ​៕