ភ្នំពេញៈរដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ លោក អ៊ិត សំហេង​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ ជា​មួយ​សមភាគី​កូរ៉េ​ខាង​ត្បូង​ ដើម្បី​បង្កើត​គេ​ហទំព័រ​​ស្វែង​រក​ការងារ​តាម​អន​ឡាញ​ សម្រាប់​ពល​រដ្ឋ​កម្ពុជា​​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ៥​ ថ្ងៃ​​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ក្នុង​អំឡុង​​ចូល​ឆ្នាំ​ខ្មែរ​។

កិច្ច​ព្រម​ព្រៀងដែល​មានទឹក​ប្រាក់ ​​៣,១​ លាន​ដុល្លារ​ រវាង​រដ្ឋ​មន្រ្តី​ទាំង​ពីរ​​ ដែល​មាន​​​​សុពល​ភាព​រហូត​ដល់​ឆ្នាំ​ ២០២១​ ជា​មួយ​នឹង​ថវិកា​ពី​ប្រទេស​កូរ៉េ​។ គោល​បំណង​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ដើម្បី​បង្កើត​ទិន្នន័យ​​ការ​ងារ​តាម​អន​ឡាញ​ជា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្គូរ​ផ្គង​​អ្នក​ស្វែង​រក​ការ​ងារ ជា​មួយ​នឹង​ការ​ងារ​ ដែល​​និយោជក​កំពុង​ត្រូវ​ការ​។ នេះ​បើ​យោង​តាម​ក្រសួង​ការ​ងារ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ លោក ហេង សួរ បាន​សង្កត់​ធ្ងន់​​ថា កិច្ច​ព្រម​ព្រៀង​នេះ ​​មិន​ពាក់​ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក​ទេ​ ប៉ុន្តែ​«​គឺ​ដើម្បី​ពង្រឹង​សេវា​​ស្វែង​រក​ការ​ងារ​ជា​សាធារណៈ​​ សម្រាប់​ទីភ្នាក់​ងារ​​ជាតិ​មុខ​របរ​និង​ការ​ងារ»។

រដ្ឋា​ភិបាល​ទាំង​ពីរ ​​នឹង​ធ្វើ​ការ​សិក្សា​​ ទៅ​លើ​ប្រព័ន្ធ​សេវា​ការ​ងារ​សាធារណៈ​​ របស់​ប្រទេស​​ទាំង​ពីរ​ជា​មុន​សិន នៅ​​មុន​ពេល​ការ​ចាប់​ផ្តើម​គម្រោង​នេះ​ នា​ឆ្នាំ​ក្រោយ​ ដែល​នឹង​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​​និងការ​ដំឡើង​បច្ចេក​វិទ្យា​​និង​សូហ្វវែរ (software) ​​ដើម្បី​បង្កើត​ប្រព័ន្ធ​ផ្គូរ​ផ្គង​ការ​ងារ។

លោក អ៊ិត សំហេង​ បាន​ថ្លែង​ថា​ ជំហានទី​ ៣​ ក្នុង​ឆ្នាំ​ ២០២១​ នឹង​ផ្តោត​ទៅ​លើ​​ការ​តាម​ដាន​បច្ចេក​ទេស​ និង​ការ​វាយ​តម្លៃ​។

គម្រោង​នេះ​ នឹង​ដឹក​នាំ​ដោយ​​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការ​ងារ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៩ ​ដែល​ដើរ​តួ​ជា​ច្រក​ចេញ​ចូល​តែ​មួយ​ សម្រាប់​ក្រុម​ហ៊ុន​នានា​ ដែល​ស្វែង​រក​កម្មករ​និយោជិត។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក អ៊ិត សំហេង​ ក៏​បាន​​​​ប្រារព្ធ​និង​អបអរ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ ជា​មួយ​ពលករ​កម្ពុជា​រាប់រយនាក់ ​ដែល​កំពុង​​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដេរ​ ​ហើយ​លោក​បាន​ក្រើន​រំលឹក​ពួក​គេ​ ឲ្យ​គោរព​តាម​ច្បាប់​​អន្តោប្រវេសន៍​​ និង​​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ ​បន្ទាប់​ពីចប់​​កិច្ច​សន្យា​ការ​ងារ​របស់​ខ្លួន​៕PS