The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ ​ចុះ​ហត្ថលេខា​សហប្រតិបត្តិការ​ជំនាញ​អក្សរ​សម្ងាត់​ជាមួយ​វៀតណាម

កម្ពុជា​ ​ចុះ​ហត្ថលេខា​សហប្រតិបត្តិការ​ជំនាញ​អក្សរ​សម្ងាត់​ជាមួយ​វៀតណាម

Content image - Phnom Penh Post
រដ្ឋលេខាធិការ​លោក ឯម សំអាន (ឆ្វេង) ជួប​សវនាការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​លោក ហ្វ៊ង ក្វាងថាញ់ ក្នុង​កិច្ចប្រជុំ​​មួយ​កាល​ពី​សប្តាហ៍​មុន។ រូបថត ប៉ូលិស

កម្ពុជា​ ​ចុះ​ហត្ថលេខា​សហប្រតិបត្តិការ​ជំនាញ​អក្សរ​សម្ងាត់​ជាមួយ​វៀតណាម

ភ្នំពេញៈ កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​ជំនាញ​អក្សរ​សម្ងាត់​ជាមួយ​វៀតណាម​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការ​រក្សា​ការពារ​កិច្ចការ​សម្ងាត់​ព័ត៌មាន​របស់​ថ្នាក់​ដឹកនាំ និង​ស្ថាប័ន​រដ្ឋ​ដែល​​កិច្ច​ព្រមព្រៀង​​នេះ​ធ្វើឲ្យ​មាន​ក្តីបារម្ភ​​ដល់​អ្នក​ស្រាវជ្រាវ​សង្គម​ពាក់ព័ន្ធ​នឹង​​សុវត្ថិភាព​ព័ត៌មាន​​សម្ងាត់​ទាំង​នោះ​ដែល​វៀតណាម​អាច​គ្រប់គ្រង​បាន​យ៉ាង​ងាយ។

តាម​រយៈ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​ជា​រដ្ឋលេខាធិការ​លោក ឯម សំអាន បាន​ចូលជួប​សវនាការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​លោក ហ្វ៊ង ក្វាងថាញ់ ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយ​តម្លៃ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ ២០១៥ និង​មាន​វត្តមាន​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ផែនការ ​ឆ្នាំ​ ២០១៦ រវាង​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល​វៀតណាម និង​នាយកដ្ឋាន​អក្សរ​សម្ងាត់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៤ ដល់​ទី​ ២៦​ ខែ​វិច្ឆិកា នៅ​ប្រទេស​វៀតណាម។

ក្នុង​វីដេអូ​ឃ្លីប​បទសម្ភាស​លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង និង​​ជា​​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ថា​ក្រៅពី​ការ​ចុះ​ហត្ថលេខា​បន្ត​កិច្ចសហការ​ក្នុង​ជំនួប​នេះ​ភាគី​វៀតណាម​ក៏​បាន​ប្តេជ្ញា​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅក្នុង​ជួរ​កងកម្លាំង​នគរបាល​កម្ពុជា​លើ​វិស័យ​អក្សរ​សម្ងាត់​ខណៈ​ដែល​វិស័យ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការងារ​សំខាន់​ក្នុង​ការ​បម្រើ​ឲ្យ​ការ​ការពារ​ការ​សម្ងាត់ និង​សន្តិសុខ​ព័ត៌មាន​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ដឹកនាំ​​របស់​​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​​ការពារ​ជាតិ​ក្នុង​ជួរ​នគរបាល​ជាតិ​កងទ័ព កិច្ច​ទំនាក់ទំនង​ការបរទេស​ជាដើម។

ប្រធាន​នាយកដ្ឋាន​អក្សរ​សម្ងាត់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​លោក អ៊ុក សារ៉ូត បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​វិស័យ​អក្សរ​សម្ងាត់​គឺជា​ការ​បញ្ជូន​​តួលេខ ឬ​ព័ត៌មាន​តាមរយៈ​សារ​ពី​ថ្នាក់​លើ​ទៅ​ក្រោម និង​​ពី​ក្រោម​ទៅ​លើ​ដោយ​ការ​ប្រើប្រាស់ Code ឬ​ហៅ​ថា​សោ​សម្ងាត់​ដើម្បី​រក្សា​ទិន្នន័យ និង​ព័ត៌មាន​សម្ងាត់​របស់​ថ្នាក់​ដឹកនាំ និង​ស្ថាប័ន​រដ្ឋ។

លោក​ថា​ តាមរយៈ​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១៦ នេះ​វៀតណាម​នឹង​ផ្តល់​ជា​សម្ភារ​កុំព្យូទ័រ​ប្រមាណ ១០០ គ្រឿង​បន្ថែម​ទៀត​មក​កម្ពុជា​ដើម្បី​សម្រួល​ដល់​ការងារ​នេះ​បន្ទាប់ពី​លទ្ធផល​ការងារ​ឆ្នាំ​​ ២០១៥ មាន​ភាព​ប្រសើរ​។

លោក អ៊ុក សារ៉ូត ថា៖ «ពី​មុន​មក​ខាង​វៀតណាម​បាន​បណ្តុះ​បណ្តាល​ខាង​កម្ពុជា​យើង​ឲ្យ​ចេះ​ប្រើ Code ឬ​សោ​សម្ងាត់​ក្នុង​ការ​រក្សា​អក្សរ​សម្ងាត់​នេះ​ប៉ុន្តែ​ឥឡូវ​យើង​មាន​សមត្ថភាព​​គ្រប់គ្រាន់​​អាច​ធ្វើ​វា​បាន​ដោយ​ខ្លួន​ឯង​ហើយ...»។

យ៉ាង​ណា​ក៏ដោយ​លោក អ៊ុក សារ៉ូត មិន​អាច​ប្រាកដ​ច្បាស់​នោះ​ទេ​ថា​ការ​ដែល​វៀតណាម​ផ្តល់​ជំនួយ​លើ​វិស័យ​នេះ​ព័ត៌មាន​ទាំង​នោះ​អាច​ត្រូវ​បាន​វៀតណាម​គ្រប់គ្រង​បាន​ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក​ថា៖ «ខ្ញុំ​មិន​ហ៊ាន​សន្មត​ថា​ម៉េច​​ទេ​ព្រោះ​ជា​ជំនួយ​យើង​ថា​គេ​មើល​បាន​ក៏​ថា​គេ​មើល​មិន​បាន​ក៏​ថា​មិន​បាន​ព្រោះ​យើង​អាច​យក​មក​បំប្លែង​ទៀត​ក្នុង​កម្មវិធី​សុវត្ថិភាព សន្តិសុខ​ព័ត៌មាន​យើង​មាន​សោ​លេខ​សម្ងាត់​បង្កើត​ដោយ​ខ្លួន​ឯង​ជំនួស​ដោយ​ការ​ជួយ​របស់​គេ​ខ្ញុំ​គិត​ថា​គេ​មិន​អាច​ដឹង​ទេ»​។

ពាក់ព័ន្ធ​នឹង​វិស័យ​អក្សរ​សម្ងាត់​អ្នក​ស្រាវជ្រាវ​សង្គម​លោក កែម ឡី បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម​ដែល​កន្លង​​មក​វៀតណាម​ហាក់​បាន​គ្រប់គ្រង​នូវ​ព័ត៌មាន​ជាច្រើន​ទាំង​បញ្ហា​ព្រំដែន និង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ហើយ​តាម​ការ​ស្រាវជ្រាវ​លោក​បាន​រកឃើញ​ថា​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​របស់​ទាហាន នគរបាល​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វៀតណាម​ហើយ​វៀតណាម​អាច​មាន​លទ្ធផល​ដឹង​ពី​ចំណាយ​ចំណូល​របស់​កម្ពុជា​ក្រោម​កិច្ច​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៀត​ផង។

លោក កែម ឡី បាន​ថ្លែង​ថា៖ «គួរ​ឲ្យ​ព្រួយបារម្ភ និង​ភ័យខ្លាច​ដែល​ប្រព័ន្ធ​អក្សរ​សម្ងាត់​កម្ពុជា​ស្ថិត​ក្នុង​កិច្ច​សហការ​ជាមួយ​វៀតណាម​ព្រោះ​កន្លង​មក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​មិន​ចំណេញ​នោះ​ទេ​តួ​យ៉ាង​ករណី​ព្រំដែន​ជាដើម»។

បើ​តាម​លោក អ៊ុក សារ៉ូត ប្រធាន​នាយកដ្ឋាន​អក្សរ​សម្ងាត់​កន្លង​មក​ភាគី​វៀតណាម​បាន​ផ្តល់​ជំនួយ​បំពាក់​គ្រឿង​បរិក្ខារ​បច្ចេកទេស​ជាច្រើន​នៅក្នុង​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្នុង​ជួរ​អគ្គ​បញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​នោះ​បាន​ផ្តល់​​ជំនួយ​ជាង ៣០ ​ម៉ឺន​ដុល្លារ​លើ​សេវា​តភ្ជាប់​បណ្តាញ Internet ដើម្បី​ភ្ជាប់​បណ្តាញ​ការងារ​ទំនាក់ទំនង​អក្សរ​សម្ងាត់​ប្រមាណ ២១៨ ខ្សែ៕

អត្ថបទគួរចាប់អារម្មណ៍