
លោកអិុត សំហេង (ខាងក្រោយឆ្វេង) ជាមួយរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩។ ក្រសួងការងារ
ជប៉ុនៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌ នៃប្រទេស ជប៉ុន បានព្រមព្រៀងគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងប្រទេសទាំង ២ កាលពីថ្ងៃទី ២៥ ខែ មីនា ស្តីពីកិច្ចសហប្រតិបតិ្តការ ក្នុងការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេស ជប៉ុន។
ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្រសួងយុត្តិធម៌ប្រទេស ជប៉ុន រវាងលោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។ ពិធីចុះហត្ថលេខា នេះ មានការចូលរួមជាអធិបតី ពីលោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេស ជប៉ុន។
លោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេស ជប៉ុន បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយការចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ស្តីពីពលករជំនាញនេះ ជាភ័ស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រទេសទាំង ២ ឲ្យកាន់តែរឹងមាំថែមទៀត។
លោក អិុត សំហេង បានកោតសរសើរ ចំពោះក្រុមការងារបច្ចេកទេសនៃប្រទេសទាំង ២ ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក រហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។
លោក អុិត សំហេង ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១ ម៉ឺន ១ ពាន់នាក់ ក្នុងនោះកម្មសិក្សាការី មានប្រមាណជិត ៧ ពាន់នាក់។
តាមរយៈអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ លោក អិុត សំហេង បញ្ជាក់ថា៖ «ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន ជាពិសេសសម្រេចឲ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំង ២»។
បើតាមលោក អិុត សំហេង រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ កាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយបង្កើតទិដ្ឋាការ ការងារថ្មីចំនួន២ប្រភេទគឺ «ពលករជំនាញ ១» និង «ពលករជំនាញ ២»។
ច្បាប់នេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខ។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល។
លោក សំហេង ឲ្យដឹងទៀតថា ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង ២ ប្រភេទពីប្រទេសចំនួន ៨ រួមមាន ប្រទេស កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់ ចំនួន ៣៤៥ ១៥០ នាក់ ក្នុងរយៈពេល ៥ ឆ្នាំដំបូង។
លោកបន្ថែមថា ក្នុងនោះពលករជំនាញ សម្រាប់ការងារចំនួន ១៤ ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសម្អាតអគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ការងារសំណង់ ការផលិតនាវា ការជួសជុល និងដំឡើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារ និងភេសជ្ជៈ និងការងារនៅភោជនីយដ្ឋាន។
គួរបញ្ជាក់ថា កម្ពុជា ជាប្រទេសទី ២ ដែលបានចុះអនុស្សរណៈនេះនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ បន្ទាប់ពីប្រទេស ហ្វីលីពីន ដែលបានចុះកាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩៕