ភ្នំពេញៈ អគារ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​ដំបូង​បំផុត​របស់​កម្ពុជា​ដែល​មាន​តម្លៃ​ជាង ២៣ ​លាន​ដុល្លារ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០១៨ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ប្រធាន​មជ្ឈមណ្ឌល និង​ក្រុម​អ្នក​ជំនាញ​បាន​ទទួល​ស្គាល់​ថា​សេវាកម្ម​ព្យាបាល​ជំងឺ​មហារីក​នៅ​តែ​ស្ថិត​នៅ​ក្រោម​តម្រូវការ​របស់​ប្រទេស​នេះ​នៅ​ឡើយ​។

នៅក្នុង​បទសម្ភាស​មួយ​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​មករា​លោក​វេជ្ជបណ្ឌិត អ៊ីវ សុខា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​មហារីក​បាន​ថ្លែង​ថា​កម្ពុជា​មាន​អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មហារីក​តែ ២៦ នាក់​ប៉ុណ្ណោះ​សម្រាប់​ប្រជាពលរដ្ឋ​ជាង ១៥ លាន​នាក់​។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន ២០ នាក់​នឹង​ធ្វើការ​នៅឯ​មជ្ឈមណ្ឌល​នេះ​ហើយ​ ៦ ​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើការ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ផ្នែក​ជំងឺ​មហារីក​ដែល​ជា​ទីតាំង​តែ​ ២ ​គត់​របស់​រដ្ឋ​នៅក្នុង​ប្រទេស​ដែល​ផ្តល់​សេវាកម្ម​បែប​នេះ​។

មូលនិធិ​ភាគច្រើន​សម្រាប់​មជ្ឈមណ្ឌល​ថ្មី​នេះ​គឺ​បាន​មកពី​រដ្ឋាភិបាល ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​បារាំង និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA)​។ មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​នូវ​ការ​ព្យាបាល​ដ៏ទំនើប​ដូចជា​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល ព្យាបាល​ដោយ​កោសិកា​ពូជ​ទំនើប​ (Stem cell) ​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​, ការព្យាបាល​ដោយ​ថ្នាំ​គីមី និង​ព្យាបាល​ជំងឺ​មហារីក​កុមារ​ជាដើម​។

មជ្ឈមណ្ឌល​នេះ​នឹង​ចាប់ផ្តើម​ព្យាបាល​អ្នក​ជំងឺ​នៅ​ ២ ​សប្តាហ៍​ខាង​មុខ​។

លោក​វេជ្ជបណ្ឌិត​ សុខា ថ្លែង​ថា​មជ្ឈមណ្ឌល​នេះ​ក៏​នឹង​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​ជំងឺ​មហារីក​ដំណាក់កាល​ចុងក្រោយ​ផង​ដែរ ដែល​ពួកគេ​មាន​ពេល​តិចតួច​នៅ​សល់​ដើម្បី​រស់​។ មជ្ឈមណ្ឌល​នេះ​ក៏​នឹង​ក្លាយ​ជា​កន្លែង​បណ្តុះបណ្តាល​ផង​ដែរ​ដោយ​ដំបូង​មាន​អ្នក​រៀន​ឯកទេស​ព្យាបាល​ជំងឺ​មហារីក​ចំនួន ៥ ​នាក់​ដែល​នឹង​ចាប់ផ្តើម​នៅ​រដូវក្តៅ​នេះ​ហើយ​មជ្ឈមណ្ឌល​នេះ​នឹង​ទទួល​ ៥ ​នាក់​ជា​រៀងរាល់​ឆ្នាំ​។

លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​តម្រូវការ​ពិតប្រាកដ​សម្រាប់​សេវាកម្ម​ព្យាបាល​ជំងឺមហារីក​ដោយ​លោក​ពន្យល់​ថា​មណ្ឌល​នេះ​មាន​បំណង​ពង្រីក​លទ្ធភាព​នៃ​ការ​ព្យាបាល​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​កាន់តែ​ច្រើន​ឡើងៗ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ពង្រីក​គម្រោង​របស់​យើង​។ នៅ​ទី​នេះ​ក្នុង​ប្រទេស​កម្ពុជា យើង​សង្ឃឹម​ថា​ក្នុង​រយៈពេល ១០ ឆ្នាំ​យើង​នឹង​មាន​អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មហារីក​ចំនួន​ពី ៧០ ​ទៅ ១០០ នាក់​»​។

លោក​វេជ្ជបណ្ឌិត សុខា បាន​បន្ថែម​ទៀត​ថា ៩០ % នៃ​អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មហារីក ​២០ ​នាក់​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ភ្នាក់ងារ IAEA រួច​ហើយ រីឯ​អ្នក​ដែល​នៅ​សល់​ ២ ​​នាក់​ទៀត​រំពឹង​ថា​នឹង​បញ្ចប់​ការ​បណ្តុះបណ្តាល​របស់​ពួកគេ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​។

ភ្នាក់ងារ IAEA មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​អធិប្បាយ​ទេ​។ កម្ពុជា​មាន​គម្រោង​កសាង​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ជំងឺ​មហារីក​ចំនួន​ ២ ​បន្ថែម​ទៀត ដើម្បី​បង្កើន​សេវាកម្ម​ព្យាបាល ប៉ុន្តែ​លោក សុខា បាន​ទទួល​ស្គាល់​ថា​លោក​មិន​ដឹង​ថា តើ​គោលដៅ​នេះ​អាច​នឹង​សម្រេច​បាន​ឬ​ក៏​អត់​នោះ​ទេ​។

លោក​វេជ្ជបណ្ឌិត ឃីម សំអាត មន្ត្រី​បច្ចេកទេស ជំងឺ​មិន​ឆ្លង និង​ជា​មន្ត្រី​លើក​កម្ពស់​សុខភាព​របស់​អង្គការ​សុខភាព​ពិភពលោក WHO ប្រចាំ​កម្ពុជា​ថ្លែង​ថា ការ​បើក​មជ្ឈមណ្ឌល​ជាតិ​នេះ​គឺជា​ «​ចំណុច​ចាប់ផ្តើម​ដ៏ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​ព្យាបាល​ជំងឺ​មហារីក​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​»​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​នេះ​នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​គ្រប់គ្រង​ជំងឺ​មហារីក​នេះ​គឺជា​ពេលវេលា​ដ៏ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ចាប់ផ្តើម​»​។

លោក​បន្ថែម​ថា ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ទោះបី​ជា​មាន​អគារ​ថ្មី​ដ៏ទំនើប​នេះ​បាន​ដំណើរការ​ពេញលេញ​ក្តី​។ ប្រទេស​កម្ពុជា​ត្រូវការ​កែលម្អ​ការ​ត្រួតពិនិត្យ និង​រក​ឲ្យ​ឃើញ​ឲ្យ​បាន​ឆាប់​រហ័ស​ក៏​ដូចជា​ពង្រីក​សេវាកម្ម​ព្យាបាល​សម្រាប់​ទីតាំង​ភូមិសាស្ត្រ​ផ្សេងៗ​ផង​ដែរ​។

លោក​ សំអាត បាន​ថ្លែង​ថា​វា​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា ឱ្យ​មក​ទទួល​ការ​ព្យាបាល​នៅ​ភ្នំពេញ ហើយ​ជា​ញឹកញាប់​ពួកគេ​តែងតែ​មក​ដល់​ជាមួយ​នឹង​ជំងឺ​មហារីក​ក្នុង​ដំណាក់កាល​ចុងក្រោយ​។

លោក​បន្ត​ថា​៖ «​វា​ពិបាក​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឆ្ងាយ​ពី​ភ្នំពេញ​។ ពួកគេ​ពិបាក​ទទួល​បាន​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ត្រឹមត្រូវ​ណាស់​»​។

លោក​វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​អាមេរិកាំង គួច ម៉េងលី បាន​ថ្លែង​ថា មជ្ឈមណ្ឌល​ថ្មី​នេះ​គឺជា​ការ​ចាប់ផ្តើម​ដ៏ល្អ​មួយ​ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ការ​បំពាក់​ឧបករណ៍ និង​ការ​បណ្តុះបណ្តាល​បុគ្គលិក​បាន​ល្អ​កម្រិត​ណា​ហើយ​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការ​ព្យាបាល​នឹង​អាស្រ័យ​ទៅ​លើ​តម្លៃ​នៃ​ការ​ព្យាបាល​នោះ​ ឬ​យ៉ាងណា​។

លោក​ថ្លែង​ថា​៖ «​មនុស្ស​ជាច្រើន​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ការ​ព្យាបាល​ទេ​ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។ លោក​បន្ត​ថា​មាន​មនុស្ស​ជាច្រើន​នៅ​តែ​ប្រើប្រាស់​ឱសថ​បុរាណ​ជំនួស​ដដែល​៕ NS