ភ្នំពេញ៖ កម្ពុជា ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នៃ​ប្រទេស​ជយលាភី ក្នុងការ​អនុវត្ត​កតិកាសញ្ញា​ពិភពលោក ស្តីពី​ទេសន្តរ​ប្រវេសន៍​ ដោយ​សុវត្ថិ​ភាព រៀប​រយ និង​ស្របច្បាប់ (Global compact for safe, Orderly and Regular Migration-GCM) ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ ស្តីពី​ទេសន្តរ​ប្រវេស​ន៍ (UN Network Migration) ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​១៨ លើ​សកល​លោក​។

លោក​ស្រី ជូ ប៊ុន​អេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា អនុ​ប្រធានអចិន្ត្រៃ​យ៍​គណៈ​កម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) ថ្លែង​នៅ​ថ្ងៃ​ទី​២៨​ខែមីនា​ឆ្នាំ ២០២១​​ថា ការសម្រេច​នេះ​ជា​កិត្តិយស និង​ជា​មោទនភាព​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ពុះពារ​គ្រប់បែប​យ៉ាង ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ការ​ធ្វើ​​ចំណាក​ស្រុក ឬ​ទេសន្តរ​ប្រវេសន៍រ​បស់​ប្រជាពលរដ្ឋ។

លោកស្រី​ថ្លែងថា ការ​ចំណា​កស្រុក ឬ​ទេសន្តរ​ប្រវេសន៍រ​បស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​នេះ បាន​ក្លាយជា ប្រធានបទ​ដ៏​ក្តៅគគុក​មួយ ​សម្រាប់​ពិភពលោក​ ដែល​ត្រូវ​ប្រឈម​ដោះ​ស្រាយ ដោយសារតែ​ការកើន​ឡើង​នូវ​បរិ​មាណនៃ​ជន​ធ្វើ​ទេសន្តរ​ប្រវេសន៍​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។

ជន​ចំណាក​ស្រុក ឬជន​ទេសន្តរប្រវេសន៍ ​បាន​ប្រឈម​នឹង​ភាព​រងគ្រោះ​កាន់តែ​ច្រើន​ឡើង និង​ត្រូវ​ក្លាយជា​បន្ទុក​​របស់​ប្រទេស​ប្រភព និង​ប្រទេស​គោលដៅ​ លើ​ការងារ​គ្រប់គ្រង ការ​រ៉ា​ប់​រង​នូវ​សេវា​សន្តិសុខ​សង្គម ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ការដោះស្រាយ​វិបត្តិ​នៃ​ការរំលោភបំពាន​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច​លើ​មនុស្ស​រហូត​ក្លាយជា​ទាសភាព ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​រូបភាព និង​ក្លាយជា​កូនជញ្ជីង​នយោ​បាយ​យ៉ាង​ស្រួច​ស្រាល់ ប្រសិនបើ​ត្រូវគេ​ប្រើ​ប្រាស់។

លោកស្រី​​បញ្ជាក់​ថា៖«ការ​ប្តេជ្ញា​ចិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងការ​អនុវត្ត​កតិកា​សញ្ញា​ពិភព​លោកនេះ​មាន​សារៈសំខាន់​​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​របស់ខ្លួន ​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​​ដើម្បី​ទាញយក​ឱកាស​ពី​ការធ្វើ​ចំណាកស្រុក​ឱ្យ​ក្លាយជា​កាលា​នុវត្តភាព ​សម្រាប់​ប្រជា​ជន និង​ប្រទេស​ជាតិ»៕