ភ្នំពេញៈ កម្ពុជាបាន«ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលយកជនភៀសខ្លួនបន្ថែមទៀត»។ នេះបើតាមលោក ស្រ៊ី ថាមរង្គ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃពុធបន្ទាប់ពីកិច្ចជំនួបរវាងលោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលីលោក Peter Dutton នៅរាជធានីភ្នំពេញ។
កិច្ចពិភាក្សានេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាម្នាក់ដែលបានមកដល់កម្ពុជាក្រោមកិច្ចព្រមព្រៀងផ្តល់ការតាំងលំនៅរវាងកម្ពុជានិងអូស្រ្តាលី និយាយថា គាត់ចង់ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ និងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយនិយាយថា កិច្ចព្រមព្រៀងផ្តល់ការតាំងលំនៅសម្រាប់ជនភៀសខ្លួនដែលមានលក្ខណៈចម្រូងចម្រាសនេះកំពុងមានបញ្ហា។
លោក ស្រ៊ី ថាមរង្គ បានថ្លែងថា៖ «យើងត្រៀមខ្លួនទទួលយកជនភៀសខ្លួនបន្ថែមទៀតយើងនឹងបញ្ជូនមន្រ្តីមួយក្រុមពីក្រសួងមហាផ្ទៃទៅសម្ភាសន៍ពួកគេ»។
«ទាំងលោកនាយករដ្ឋមន្រ្តី និងលោក Dutton ចង់ឲ្យមានជនភៀសខ្លួនមកបន្ថែមទៀតដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត»។
លោក Dutton បានបដិសេធដោយមិនអត្ថាធិប្បាយពីកិច្ចប្រជុំនេះកាលពីថ្ងៃពុធ ដោយគ្រាន់តែថ្លែងថា លោកគ្រោង«ធ្វើសេចក្តីថ្លែងការណ៍ជាវិជ្ជមានមួយនៅពេលព្រឹក»។
ជាថ្នូរនឹងជំនួយ ២៨ លានដុល្លារ និង ១០,៨ លានដុល្លារបន្ថែមទៀតសម្រាប់ការចំណាយលើការតាំងលំនៅ កម្ពុជាកាលពីខែកញ្ញាឆ្នាំមុនបានព្រមព្រៀងទទួលយកជនភៀសខ្លួនដែលឃុំនៅក្នុងជំរំឃុំខ្លួនគ្រប់គ្រងដោយអូស្រ្តាលីនៅលើកោះ ណូរុ។
ទោះបីយ៉ាងណាក្តី មានតែជនភៀសខ្លួន ៤ នាក់ក្នុងចំណោម ៦៧៧ នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានជនជាតិអ៊ឺរ៉ង់៣នាក់ និងជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ បានយល់ព្រមមកកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួនមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្តែលោក សារិន បានថ្លែងកាលពីថ្ងៃចន្ទថា ខណៈដែលកិច្ចព្រមព្រៀងក្នុងទម្រង់បច្ចុប្បន្នមានសុពលភាពរយៈពេល ៤ ឆ្នាំ «ប្រសិនបើមានបញ្ហាណាមួយ ភាគីនីមួយៗអាចជម្រាបភាគីម្ខាងទៀតអំពីការផ្លាស់ប្តូរ ឬការបញ្ឈប់វិញ »៕