
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសិក្ខាសាលាមួយនៅជប៉ុន។ SPM
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា បញ្ហាប្រឈមទាំងឡាយក្នុងតំបន់ និងពិភពលោក ដែលកំពុងជួបប្រទះគឺ កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរួមចំណែក និងបង្កើនកិច្ចសហប្រតិបត្ដិការជាមួយដៃគូពាក់ព័ន្ធទាំងអស់ក្នុងបរិការណ៍ពិភពលោកពហុប៉ូលថ្មី។
ការបង្ហាញជំហរបែបនេះត្រូវបានលោកនាយករដ្ឋមន្រ្ដីកម្ពុជាលើកឡើង ក្នុងសន្និសីទជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មីៈ ការជម្នះលើភាពវឹកវរ» នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី ៣០-៣១ ខែ ឧសភា នេះ។ ជាមួយគ្នានេះ លោកក៏បានចែករំលែកទស្សនៈ ពីអនាគតរបស់អាស៊ីផងដែរ។
លោក ហ៊ុន សែន បានចាត់ទុកប្រធានបទសន្និសីទឆ្នាំនេះថា មានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់ ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ និងនិន្នាការវិវឌ្ឍន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ។
លោកថ្លែងថា៖ «ខ្ញុំសូមសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះ នឹងចូលរួមវិភាគទានដ៏សំខាន់ ដល់ការពង្រឹងសុឆន្ទៈ និងសាមគ្គីភាពក្នុងចំណោមបណ្ដាប្រទេស និងប្រជាជាតិក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមទាំងឡាយដែលតំបន់ និងសកលលោកយើងកំពុងតែជួបប្រទះ»។
លោកនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «កម្ពុជាត្រៀមខ្លួនជាស្រេច សម្រាប់ការរួមចំណែក និងការបង្កើនកិច្ចសហប្រតិបត្ដិការជាមួយដៃគូពាក់ព័ន្ធទាំងអស់ក្នុងបរិការណ៍ពិភពលោកពហុប៉ូលថ្មី សំដៅលើកកម្ពស់សកលភាវូបនីយកម្ម ស្មារតីពហុនិយម និងប្រព័ន្ធពាណិជ្ជកម្មសេរី ដោយផ្អែកលើវិធាននៃច្បាប់ ដែលផ្ដល់ផលប្រយោជន៍ប្រកបដោយសមធម៌ និងយុត្តិធម៌ដល់គ្រប់តួអង្គពាក់ព័ន្ធ»។
ទាក់ទងនឹងប្រធានបទសន្និសីទឆ្នាំនេះ លោក ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួន ដោយផ្ដោតលើការរៀបចំដំណើរការស្ថាប័ន និងវិធានគ្រប់គ្រងសកលឡើងវិញ ដោយផ្អែកលើគោលការណ៍ស្នូល និងតម្លៃសកលជាសារវន្ត ការពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងក្របខ័ណ្ឌសកលភាវូបនីយកម្ម ការគោរពអធិបតេយ្យភាព និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ ការកសាង និងថែរក្សាសន្ដិភាព និងសន្ដិសុខផងដែរ។
លោកនាយករដ្ឋមន្រ្ដី បានបង្ហាញនូវភាពជឿជាក់ក្នុងសន្និសីទនេះទៀតថា៖ «យើងទាំងអស់គ្នា ពិតជាចង់បាននូវ ពិភពលោកមួយ ដែលប្រទេស និងប្រជាជាតិទាំងអស់ អាចរួមរស់ជាមួយគ្នាក្នុងសុខសន្ដិភាព ស្ថិរភាព និងភាពសុខដុមរមនា គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ហើយប្ដេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្ដិការដែលចែករំលែកនូវ «ស្ថានភាពឈ្នះឈ្នះ» ជាមួយគ្នា»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ មើលឃើញថា លោក ហ៊ុន សែន ដូចជាចង់ឲ្យប្រទេសឯទៀតទទួលស្គាល់ថា នៅក្នុងពិភពលោក អាមេរិកមិនមែនជាមហាអំណាចកំពូលប៉ូលតែមួយទេ គឺមានមហាអំណាចកំពូលប៉ូលឯទៀត ដែលកំពុងលេចឡើងដែរបច្ចុប្បន្ននេះ ជាអាទិ៍ចិនតែម្តង។
លោកថា៖ «ការប្រកាសអះអាងរបស់គាត់ [លោកហ៊ុន សែន] ប្រហែលជាគាំទ្រចិន និងអំពាវនាវឲ្យមានការគាំទ្រ និងទទួលស្គាល់ជាមហាអំណាចកំពូល ជាប៉ូលមួយស្មើនឹងមហាអំណាចកំពូលប៉ូលអាមេរិកដែរ»។
លោកបន្ថែម ការប្រកាសនេះបង្ហាញថា កម្ពុជាបោះបង់ចោលគោលនយោបាយបរទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ ១៩៩៣ និងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ជំហរនេះគឺធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់បច្ចុប្បន្នរវាងចិន និងអាមេរិកសព្វថ្ងៃ។
កម្ពុជាត្រូវវិលមកគោលនយោបាយអព្យាក្រឹតវិញ ហើយទទូចសុំឲ្យមហាអំណាចទាំង ២ នេះ និងប្រទេសហត្ថលេខីឯទៀតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបំពេញកាតព្វកិច្ចរបស់ខ្លួន គោរព និងពង្រឹងអព្យាក្រឹតខ្មែរ ដូចចែងក្នុងកិច្ចព្រមព្រៀងនោះ។
លោក ឈាង វណ្ណារិទ្ធិ អ្នកវិភាគ និងជាអ្នកស្រាវជ្រាវកិច្ចការតំបន់មើលឃើញថា ការដឹកនាំលំដាប់ពិភពលោកថ្មីនេះកំពុង និងបានបង្កើតឡើងដោយអ្នកដើរតួជាច្រើននាក់ នេះជានិន្នាការថ្មីមួយក្នុងតំបន់ និងពិភពលោក។
លោកថា៖ «ប្រទេស កម្ពុជា ជាប្រទេសមួយដ៏តូច ហើយអាចដោះស្រាយវិវាទទៅតាមតែបទដ្ឋានអន្ដរជាតិ ដូចជាការដោះស្រាយផ្អែកលើច្បាប់ ការបើកចំហនិងពហុភាពនិយមជាដើម»៕