សៀមរាបៈ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី​ចំនួន ១០ ​ទៀត​ កំពុង​ស្ថិត​ក្នុង​បញ្ជី​ត្រៀម ដើម្បី​ដាក់​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​ ខណៈ​ដែល​ក្រុម​សិល្បៈករ​ចំនួន​ ២៨០ ​នាក់​ បាន​រួម​គ្នា​សម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ខេត្ត​សៀមរាប​កាលពី​យប់មិញ ដើម្បី​អបអរ​ខួប​ ១ ​ឆ្នាំ​ដែល​អង្គការ​យូណេស្កូ​ (UNESCO) បាន​អនុម័ត​ដាក់​ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​។

លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ម្សិលមិញ​ថា ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏ធំ​មិន​ធ្លាប់​មាន​ដែល​គេ​ហៅថា ជា​រាត្រី​ចងចាំ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​ក្រសួង​ទេសចរណ៍​នៅ​ព្រលាន​ជល់​ដំរី​ក្នុង​ខេត្ត​សៀមរាប​នេះ​គឺ​ដើម្បី​រំឭក​ឡើងវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ​ទាំងអស់​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ​នាពេល​កន្លងមក​។

លោក​បន្តថា​ នៅក្នុង​រាត្រី​ចងចាំ​នេះ គឺ​គណៈអធិបតី ក្រុម​សិល្បៈករ និង​អ្នកចូលរួម​ទាំងអស់​ធ្វើ​ពិធី​ស្មិងស្មាធិ៍​ប្រហែល​ ១ ​នាទី​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី មុន​នឹង​ការចាប់ផ្ដើម​សម្ដែង​របាំ​អប្សរា ការប្រគំ​វង់ភ្លេង​ចម្រុះ​ដោយ​ឧបករណ៍​តន្ត្រីបុរាណ ការសម្ដែង​ចាប៉ីដងវែង និង​ចុងក្រោយ​គឺ​កម្មវិធី​សម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ​ដោយ​ក្រុម​សិល្បករ​ ២៨០ ​នាក់​ ដែល​ដកស្រង់​ចេញពី​រឿង​រាមកេរ្តិ៍​។

លោក​ថា​៖ «​សៀមរាប គឺជា​ខេត្ត​បេតិកភណ្ឌ​ពិភពលោក​ដែល​គេ​គោរពបូជា​ដ៏ធំ​មួយ​។ អ៊ីចឹង​យើង​ជ្រើសរើស​យក​កន្លែង​ហ្នឹង​សម្រាប់​ធ្វើ​ពិធី​ហ្នឹង​។ កម្មវិធី​ធំជាងគេ​នៅ​ទី​លានជល់ដំរី​ខេត្ត​សៀមរាប​ហើយ​វត្ត​ស្វាយ​អណ្ដែត​នៅ​ខេត្ត​កណ្ដាល​...​ក៏​គេ​បានរៀបចំ​ប្រារព្ធ​កម្មវិធី​ដែរ​»​។

លោក​បន្ថែម​ថា​គោលបំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​ដែល​ដាក់​ឈ្មោះ​ថា រាត្រី​ចងចាំ​គឺ​មានន័យថា សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​ខ្មែរ​យើង​ដែល​ត្រូវបាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ទាំង​ប៉ុន្មាន​ហ្នឹង​គឺ​យើង​រំឭក​ឡើងវិញ​ដើម្បី​ឱ្យ​សាធារណជន និង​យុវជន​ជំនាន់​ក្រោយ​ចងចាំ​ដូចជា​របាំ​ព្រះរាជទ្រព្យ របាំ​អប្សរា ចាប៉ីដងវែង និង​ល្ខោនខោល​ជាដើម​ដែល​បាន​ចូល​ជា​សម្បត្តិ​មនុស្សជាតិ​នៅក្នុង​អង្គការ​យូណេស្កូ​។

ក្រសួង​វប្បធម៌​ឲ្យ​ដឹងថា​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី​របស់​ជាតិ គឺ​រួមចំណែក​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ចូលរួម​ថែរក្សា​ការពារ និង​លើកតម្កើង​តម្លៃ​វប្បធម៌​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

កម្ពុជា​មាន​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌រូបី​ចំនួន​ ៣ ​គឺ​ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទ​សំបូរព្រៃគុក រួមទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ចំនួន​ ៥ ​ដូចជា របាំ​ព្រះរាជទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្បែង​ទាញព្រ័ត្រ ចាប៉ី​ដងវែង និង​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ដែល​ត្រូវបាន​អង្គការ​យូណេស្កូ​ទទួល​ស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​កាលពី​ថ្ងៃទី​ ២៨ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៨​។

លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​បាន​លើកឡើង​ដែរ​ថា កម្ពុជា​កំពុង​មាន​សម្បត្តិ-បេតិកភណ្ឌ​វប្បធម៌​អរូបី​ចំនួន ៣ ​ទៀត​ដូចជា​នំ​បញ្ចុក ល្បុក្កតោ និង​តម្បាញ​សូត្រ​រួមទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌រូបី​ចំនួន​ ៧ ​ទៀត​ដូចជា​រមណីយដ្ឋាន​ភ្នំ​គូលែន ប្រាសាទបេងមាលា ប្រាសាទ​បន្ទាយឆ្មារ​ ​ក្រុម​ប្រាសាទព្រះខ័ន​កំពង់ស្វាយ នគរបូរី​ភ្នំដា បន្ទាយ​ព្រៃនគរ និង ​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​ ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​ត្រៀម​រួចហើយ ដើម្បី​ដាក់​ទៅ​អង្គការ​យូណេស្កូ​នាពេល​ខាងមុខ​ក្នុង​ការស្នើសុំ​ទទួល​ស្គាល់​ជា​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​បន្ថែម​ទៀត​។

លោក​ សុណ្ណារ៉ា ​ថា​៖ «​ទាំងអស់​ហ្នឹង​គឺ​សុទ្ធតែ​នៅក្នុង​បញ្ជី​ត្រៀម ហើយ​បើ​តាម​ខ្ញុំ​ដឹង​គេ​កំពុងតែ​ពិចារណា​បញ្ចូល​ទៅក្នុង​បញ្ជី​ត្រៀម​មួយ​ចំនួន​ទៀត​ដូចជា អំបុក និង​ទូកង​»​។

កម្ពុជា គឺជា​ព្រះរាជាណាចក្រ​មួយ​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដែល​ផ្នែក​រូបី​គឺ​មាន​រាប់ពាន់​ដូចជា​ប្រាសាទ រមណីយដ្ឋាន​វត្តអារាម ផ្ទះ​បុរាណ រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ខណៈ​អតីត​ប្រាសាទបុរាណ​ខ្មែរ​រាប់រយ​ទៀត ស្ថិត​ក្នុង​ប្រទេស​ជិត​ខាង​។

ក្រៅពី​នោះ​កម្ពុជា​នៅមាន​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាច្រើន​ទៀត​ដែល​ខ្លះ​អាយុកាល​រាប់ពាន់​ឆ្នាំ ដូចជា​ល្ខោន​មាន​ជាង​ម្ភៃទម្រង់ របាំ​អប្សរា តន្ត្រី​ និង​ចម្រៀង​ខ្មែរ​បុរាណ តន្ត្រី​អារក្ស ភ្លេងការ របៀប​សរសេរ​កំណាព្យ បែបបទ​ស្មូត្រ​កំណាព្យ អក្សរសាស្ដ្រ​ខ្មែរ ល្បែង​របាំ​ប្រជាប្រិយ​ប្រពៃណី និង​ការនិទាន​រឿង​ជាដើម​។

លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​សៀមរាប​បញ្ជាក់​ទៀត​ថា​នៅ​ក្នុងការ​ប្រារព្ធ​រាត្រី​ចងចាំ​នៅ​ខេត្ត​សៀមរាប​នេះ​គឺ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា​ដោយ​សេរី​ហើយ​ក៏​មាន​ការរៀបចំ​ម្ហូបអាហារ​ខ្មែរ​មួយ​ចំនួន​សម្រាប់​ទទួល​អ្នក​ចូលរួម​ដែរ ដូចជា​នំ​បញ្ចុក​ជាដើម​៕