
លោក ធូ ភា អភិបាលរងខេត្តប៉ៃលិនក្នុងសន្និសីទកាសែតម្សិលមិញនាវិមានសន្តិភាពស្តីពីវិវាទនៅព្រំដែនកម្ពុជា-ថៃ។ ហុង មិនា
ប៉ៃលិនៈ អភិបាលរងខេត្តប៉ៃលិនលោក ធូ ភា ឲ្យដឹងថា រោងឈើដែលថៃបានសាងសង់នៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងតំបន់មិនទាន់មានកិច្ចព្រមព្រៀង [តំបន់ស] ត្រូវបានភាគីថៃរុះរើចេញអស់ហើយ ដោយបានឯកភាពរក្សាតំបន់នេះឲ្យស្ថិតនៅដដែល ហើយការចរចាបើកព្រំដែននៅក្នុងខេត្តនេះអាចនឹងមាននៅដើមខែក្រោយ។
ការអះអាងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្តប៉ៃលិន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ២០ ខែឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រីដែលមានមន្ត្រីនៃស្ថាប័នមួយចំនួននៃខេត្តប៉ៃលិន និងអ្នកសារព័ត៌មានចូលរួមជាង ៣០ នាក់។
លោក ធូ ភា បានឆ្លើយតបទៅកាន់អ្នកកាសែតថា ក្នុងវិវាទនេះរដ្ឋបាលខេត្តក្រោមការចង្អុលបង្ហាញពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមេបញ្ជាការយោធាភូមិភាគ ៥ បានធ្វើការចរចាគ្នាជាមួយភាគីថៃដើម្បីរកដំណោះស្រាយនៅកន្លែងវិវាទ។ ក្នុងនោះរដ្ឋបាលខេត្តបានទុកលទ្ធភាពឲ្យគណៈកម្មាធិការកិច្ចការព្រំដែនជាអ្នកសម្រេចក្នុងការចរចា។
លោកបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រសប្តាហ៍មុនភាគីថៃបានសំណូមពរឲ្យភាគីកម្ពុជា កាយអូរ ដែលកម្ពុជាបានកាយលុបនោះឲ្យរក្សានៅស្ថានភាពដដែល។ ព្រោះអូរនេះគឺជាទីកំណត់ព្រំប្រទល់ដែលមិនទាន់ត្រូវបានដោះស្រាយ ហើយភាគីថៃក៏បានរុះរោងទាំងអស់ដែលបានសាងសង់នៅក្នុងតំបន់នោះវិញទាំងអស់។
លោកបន្ថែមថា៖ «ក្រោយការឯកភាពគ្នា ភាគីទាំង ២ បានអនុវត្តភ្លាមៗកាលពីថ្ងៃសុក្រកន្លងទៅនេះ។ នៅពេលដែលយើងកាយអូរនេះចប់ ភាគីថៃ ក៏គេបានរុះរើរោងរួចហើយដែរ។ អ៊ីចឹងបញ្ហាដែលយើងវិវាទគ្នាបន្តិចបន្តួចនៅទីនោះត្រូវបានដោះស្រាយចប់ជាស្ថាពរ ហើយស្ថិតក្នុងស្ថានភាពដដែលឡើងវិញ»។
ចំណែកការចរចាបើកព្រំដែនក្នុងខេត្តនេះលោក ធូ ភា បានឲ្យដឹងថា នៅក្នុងខេត្តប៉ៃលិនមានច្រកទ្វារអន្តរជាតិមួយស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលជាប់នឹងខេត្តច័ន្ទប៊ុរីនៃប្រទេសថៃ។ លោកថា ច្រកនេះបានបិទជាស្ថាពរដោយមិនមានការឆ្លងកាត់ទាំងទំនិញ និងមនុស្សចេញចូលនោះទេ។ ចំពោះការចរចា លោកបញ្ចាក់ថាអាចនឹងមាននៅថ្ងៃទី ៣០ ឧសភា ឬក៏ដើមខែមិថុនា ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានរដ្ឋាភិបាលចាត់ទុកថាអស់មានហានិភ័យ។
លោកបញ្ជាក់ថា៖ «មកថ្ងៃនេះ យើងមិនទាន់ទទួលបានព័ត៌មានពីភាគីថៃក្នុងការចរចាបើកព្រំដែននេះឡើងវិញទេព្រោះរាជរដ្ឋាភិបាលថៃ លោកកំណត់ឲ្យខេត្តរបស់ថៃមួយបើកព្រំដែននាំទំនិញចេញចូលភាគីកម្ពុជា តែ ១ ច្រកទេ។ ចៃដន្យខេត្តច័ន្ទប៊ុរីរបស់ថៃមានព្រំដែនជាមួយនឹងខេត្តប៉ៃលិនផងជាមួយនឹងខេត្តបាត់ដំបងផង»។
លោកអភិបាលរងបន្តថា៖ «ដូច្នេះគេរក្សាការដោះដូរទំនិញតាមច្រកអន្តរជាតិឡែម។ ឯខេត្តប៉ៃលិនរក្សាទុក ឬបិទសិន។ យើងនឹងធ្វើការចរចាជាមួយគ្នាបើកព្រំដែននេះឡើងវិញ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី លើកឡើងថាលទ្ធផលនៃការចរចាលើកិច្ចការព្រំដែននេះ គឺជារឿងល្អមួយដែលភាគីទាំង ២ អាចព្រមព្រៀងគ្នាដោយបញ្ចៀសនូវការប្រើប្រាស់នូវកម្លាំងប្រដាប់អាវុធ។ លោកបន្ថែមថា តាមច្បាប់អន្តរជាតិ កាលណាតែតំបន់មួយដែលមិនទាន់មានកិច្ចព្រមព្រៀង ឬជាតំបន់សនេះ គ្មានភាគីណាមួយទៅរំលោភបំពានបានទេ។ បើសិនជាចង់ធ្វើអ្វីមួយនៅលើតំបន់នេះ លុះត្រាមានការឯកភាពពីភាគីម្ខាងទៀត។
លោកបញ្ជាក់ថា៖ «បើនិយាយថា តំបន់សគឺតំបន់ ១ ចំណុច ១ មិនទាន់មានភាពច្បាស់លាស់ ហើយមិនមែនជារបស់ភាគីណាមួយទេ អ៊ីចឹងត្រូវតែមាន [ការឯកភាពគ្នា]។ យ៉ាងណាខ្ញុំនៅតែយល់ឃើញថា ជាការល្អដែលភាគី [ទាំង ២] បានជជែកគ្នា សម្របសម្រួលគ្នាបានទាក់ទងទៅនឹងបញ្ហាព្រំដែននេះ»។
ចំពោះកិច្ចចរចាបើកព្រំដែនវិញ លោក ម៉េងលី បាននិយាយដែរថា លោកនៅតែចង់ឲ្យមានការចរចាណាមួយ ដើម្បីបើកព្រំដែនសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរបានចេញ-ចូលបន្តអាជីវកម្ម និងមុខរបររបស់ពួកគេវិញ ស្របពេលដែលបញ្ហានេះបានជះឥទ្ធិពលមកលើស្ថានភាពជីវភាពពលរដ្ឋខ្លាំង៕